អន្តរជាតិ
ប្រធានាធិបតី​ហ្វីលីពីន ហាម​ប៉ូលិស​ពិសា​ជាតិ​ស្រវឹង​នៅ​ទីសាធារណៈ
09, Jan 2019 , 8:59 pm        
រូបភាព
ដោយ:
​ក្រោយពី​បាន​ហាមឃាត់​ប៉ូលិស​មិន​ឲ្យ​ចូលទៅក្នុង​កាស៊ីណូ​រួច ឥឡូវនេះ​លោក​ប្រ​ធានា​ធីប​តី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ក៏​បានចេញ​បម្រាម​មិន​អនុញ្ញាត​ឲ្យ​ពួកគេ ពិសា​ជាតិ​ស្រវឹង​នៅ​កន្លែង​សាធារណៈ​ទៀត​ថែម​ទៀតផង​។

 
​សម្រាប់​បទបញ្ជា​ថ្មី​នេះ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានដាក់​ចេញ​នៅ​ថ្ងៃ​អង្គារ ទី​០៨ ខែមករា នៅក្នុង​ជំនួប​ជាមួយ​មន្ត្រី​ប៉ូលីស​ថ្នាក់​តំបន់ ក្នុង​ទីក្រុង Pasay ។ យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Rappler លោក​ប្រធានាធិបតី​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖ «​អ្នកឯង​ជា​ប៉ូលីស ខ្ញុំ​ព្រមាន​អ្នកឯង​ឲ្យ​ហើយ កុំ​ផឹក​ជាតិ​ស្រវឹង​នៅ​ទីសាធារណៈ​ឲ្យ​សោះ​។ ក្នុង​ទីក្រុង Davao ខ្ញុំ​បាន​ហាមប្រាម​វា​រួចហើយ ដូច្នេះ​ពេលនេះ វា​នឹងត្រូវ​អនុវត្ត​សម្រាប់​ប៉ូលិស​គ្រប់រូប ទូទាំងប្រទេស​ហ្វីលីពីន​តែម្តង​»​។ 
 
​ទាក់ទិន​នឹង​ការហាម​ប្រាម​នេះ លោក ឌុយ​ទើ​តេ បាន​លើកឡើងថា ប៉ូលីស​នឹង​ប្រើប្រាស់​កាំភ្លើង បាញ់រះ​យ៉ាង​អនាធិបតេយ្យ ក្រោយពី​ពួកគេ​បាន​ផឹក​ជាតិ​ស្រវឹង​ជ្រុល​នៅ​ខាងក្រៅ​នោះ​។ ដោយ​រម្លឹក​ពីបទ​ពិសោធ​របស់លោក​ជា​ចៅហ្វាយក្រុង Davao លោក​បាន​និយាយទៀតថា មន្ត្រី​យោធា​ហ្វីលីពីន​ក៏បាន​បង្កើត​កំហុស​ដូចគ្នា​អ៊ីចឹង​ដែរ​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅ លោក ឌូ​ទើ​តេ បានចេញ​បញ្ជា​ដល់​ប៉ូលីស កុំ​ឲ្យ​ចូលទៅក្នុង​កាស៊ីណូ Okada Manila ដោយបាន​អះអាងថា មន្ត្រី​ប៉ូលីស​បានជា​ប់​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ចាប់ជំរិត ដែល​កើតឡើង​នៅក្នុង​ទីតាំង​ល្បែងស៊ីសង​។ ក្រោយមក អគ្គស្នងការ​ប៉ូលីស​ជាតិ​ហ្វីលីពីន លោក Oscar Albayalde បានដាក់​បញ្ជា​ថា ប៉ូលិស​រូប​ណា​ដែល​ត្រូវបាន​គេ​ប្រទះឃើញ ដើរចូល​ទៅក្នុង​បរិវេណ​កាស៊ីណូ​នោះ នឹងត្រូវ​បណ្តេញ​ចេញពី​អង្គភាព​តែម្តង​៕
 

Tag:
 ប្រធានាធិបតី​ហ្វីលីពីន​
  ជាតិ​ស្រវឹង​
© រក្សាសិទ្ធិដោយ thmeythmey.com