អន្តរជាតិ
ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់​រត់គេចខ្លួន ដើម្បី​ជៀសវៀង​មិន​ឲ្យ​គេ​បញ្ជូន​ខ្លួន​ចេញពី​ប្រទេស​ថៃ​
09, Jan 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​អាជ្ញាធរ​ថៃ​បានអនុញាត​ឲ្យ​ស្ត្រីជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់​បាន​ដែល​ស្ថិតនៅក្នុង​អាកាសយានដ្ឋាន​បាងកក ចាក​ចេញទៅ​នៅក្រោម​ការថែទាំ​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​ជនភៀសខ្លួន​ខណៈដែល​នាង​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​ក្នុងប្រទេស​ទី​៣​។ នាង Rahaf Mohammed Alqunun បានធ្វើ​ដំណើរ​ពី​ប្រទេស​គុយ​វ៉ែត ទៅដល់​ប្រទេស​ថៃ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​នៅ​ចំណត​អាកាសយានដ្ឋាន​ក្រុង​បាងកក ហើយ​ត្រូវបាន​គេ​បម្រុង​នឹង​បញ្ជូន​ខ្លួន​ទៅកាន់​ប្រទេស​គុយ​វ៉ែត​។ នាង​ត្រូវបាន​អាជ្ញាធរ​ថៃ ដោះលែង​ហើយ​ប្រគល់​ខ្លួន​ឲ្យ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​ជនភៀសខ្លួន បន្ទាប់ពី​មានការ​ប្រឆាំង​តវ៉ា​យ៉ាងខ្លាំង​ពី​សំណាក់​អន្តរជាតិ ដោយសារ​មានការ​ភ័យខ្លាច ថា​នាង​មាន​គ្រោះថ្នាក់​ដល់​ជីវិត បើសិនជា​នាង​ត្រូវគេ​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​

 
​ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​រត់គេចខ្លួន​ពី​គ្រួសារ​នាង ក្នុងអំឡុង​វិ​សម្ស​កាល​ក្នុងប្រទេស​គុយ​វ៉ែត ដោយ​ឡើង​ជិះ​យន្តហោះ​ទៅកាន់​ប្រទេស​ថៃ ក្នុង​គោលបំណង​ទៅកាន់​ប្រទេស​អូស្ត្រាលី​។ នាង​និយាយថា ពេល​នាង​ទៅដល់​ទីក្រុង​បាងកក ឯកសារ​ធ្វើដំណើរ​របស់​នាង​ទាំង​ប៉ុន្មាន ត្រូវបាន​គេ​ដកហូតយក​អស់​។ អាជ្ញាធរ​ថៃ​បាន​ឃុំខ្លួន​នាង ហើយ​ប្រុង​បម្រុង​បញ្ជូន​នាង​ទៅ​ប្រទេស​គុយ​វ៉ែត​វិញ​។ នាង​បាន​ចាក់សោរ​មិន​ព្រម​ចេញពី​បន្ទប់​សណ្ឋាគារ​ដែល​នាង​ស្នាក់នៅ ហើយ​បាន​ផ្ញើរ​សារ​ឲ្យ​គេ​ជួយ​នាង​។ នាង Rahal Mohammed Alqunun អាយុ​១៨​ឆ្នាំ​នោះ​ថ្លែងថា​៖ «​នាង​ខ្ញុំ​ឈ្មោះ Rahaf​។ នាង​ខ្ញុំ​កំពុងតែ​ស្ថិតនៅក្នុង​បន្ទប់​សណ្ឋាគារ​។ នាង​ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ទេ​។ ពួកគេ​បាន​និយាយថា ស្អែក​ខ្ញុំ​ត្រូវ​ទៅ​។ ហើយ​គ្មាន​អ្នកណា​អាចជួយ​ខ្ញុំ​បានទេ​នៅពេលនេះ​»​។​
 
​សមាជិកា​ព្រឹទ្ធសភា​អូស្ត្រាលី​ម្នាក់​កំពុង​អំពាវនាវ​ឲ្យ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​យក​ស្ត្រី​ដ៏​ក្មេង​នោះ​ទៅកាន់​ប្រទេស​អូស្ត្រាលី​។ លោកស្រី Sarah Hanson-Young សមាជិកា​ព្រឹទ្ធសភា​រដ្ឋ South Australia ថ្លែងថា​៖ «​នេះ​ជា​ឱកាស​មួយ​សម្រាប់​យើង​ដើម្បី​បង្ហាញ​ពី​សេចក្តី​មេត្តា​ពិតប្រាកដ​ហើយនឹង​គាំទ្រ​គោលការណ៍​របស់​យើង​ជា​សង្គម​សេរី​និង​យុត្តិធម៌​និង​សាកស​ម្យ​មួយ ដែល​លើកដម្កើង​លទ្ធិប្រជាធិបតេយ្យ​និង​សេរី ភាព​បុគ្គល​ម្នាក់ៗ​»​។​
 
​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​និយាយថា សម្រាប់​ស្ត្រី​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត​ដែល​រត់គេចខ្លួន​ពី​ក្រុមគ្រួសារ​អាចជា​បញ្ហា​ស្លា​ប់រស់​។​លោក Phil Robertson អនុប្រធាន​អង្គការសិទ្ធិមនុស្ស​Human Rights Watch​ទទួលបន្ទុក​តំបន់​អាស៊ី​បាន​និយាយថា​៖ «​ប្រសិនបើ នាង​ត្រូវបាន​គេ​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​អារ៉ាប់​ប៊ី សា​អូឌីត ទៅកាន់​ក្រុមគ្រួសារ​របស់​នាង​វិញ ពួកគេ នឹងមាន​និ​ទណ្ឌ​ភាព​ដើម្បី​រំលោភ​ធ្វើបាប​នាង ដើម្បី​ធ្វើ​ឲ្យ​មាន​អំពើ​ហឹ​ង្សា​ដែល​ទាក់ទិន​នឹង​ភាពស្មោះត្រង់​ប្រឆាំងនឹង​នាង​ហើយ​អា​រ៉ា​ប៊ី សា​អូឌីត មាន​ប្រវត្តិ​មិនល្អ​នៅក្នុង​ការស៊ើបអង្កេត​និង​ការកាត់ទោស​រឿងក្តី​បែបនេះ​»​។​
 
​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ត្រូវបាន​ជំរុញ​ឲ្យ​ជួយ​រឿង​នាង​ស្រី​រត់ចោល​គ្រួសារ​នេះ​។ លោក Surachate Hakparn ប្រធាន​អន្តោប្រវេសន៍​ថៃ​និយាយថា​៖ «​ថ្ងៃនេះ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​នឹង​ត្រូវការ​ពេលវេលា​៥​ថ្ងៃ ដើម្បី​ពិចារណា​ការដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​របស់​នាង​ហើយនឹង​រយៈពេល​៥​ថ្ងៃ​ដើម្បី​រៀបចំ​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ទី​៣»​។​
 
​ស្ត្រីជាតិ​អារ៉ាប់​ប៊ី សា​អូឌីត ត្រូវមាន​សាច់ញាតិ​ជា​បុរស​ជា​អ្នកការពារ​នៅពេលដែល​ពួកគេ​ជា​មនុស្សពេញវ័យ ហើយ​ពួកគេ​មិនអាច​ធ្វើការ​សម្រេច​ដោយ​ខ្លួនឯង​ទេ ប្រសិនបើ ពួកគេ​មិន​ស្តាប់បង្គាប់ ពួកគេ​អាច​ទទួលរង​ការ​ធ្វើបាប​យ៉ាងខ្លាំង ឬ​ត្រូវ​សម្លាប់ចោល​ដោយ​មិនមាន​ការការពារ​ខាង​ផ្លូវច្បាប់​ទេ​។ លោក Phil Robertson អនុប្រធាន​អង្គការសិទ្ធិមនុស្ស​Human Rights Watch​ទទួលបន្ទុក​តំបន់​អាស៊ី​បាន​ថ្លែង​ទៀតថា​៖ «​នាង​ជា​និមិត្តរូប​នៃ​ការតស៊ូ​ជា​ស្ត្រី​ដ៏​ក្មេង​ម្នាក់​។ នាង​មិន​ចង់​ធ្វើតាម​បញ្ជា​ហើយ​មិន​ចង់​ស្ថិតនៅក្រោម​ការត្រួតត្រារ​បស់​បុរស​ទៀតហើយ ឬ​នៅក្រោម​ការគ្រប់គ្រង​សង្គម​តាមបែប​សាសនា ឬ​នយោបាយ​»​។​
 
​ក្នុងករណី​ស្រដៀង​គ្នា​នោះដែរ​នៅ​ឆ្នាំ​២០១៧ ស្ត្រី​វ័យក្មេង​ម្នាក់ទៀត​របស់​អា​រ៉ា​ប៊ី សា​អូឌីត​បាន​ត្រូវគេ​ឃាត់ខ្លួន​នៅក្នុង​ប្រទេស​ហ្វីលីពីន ខណៈដែល​ព្យាយាម​រត់គេចខ្លួន​ទៅកាន់​ប្រទេស​អូស្ត្រាលី​។ នាង​បាន​ត្រូវគេ​បញ្ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​របស់​នាង​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត​វិញ​ហើយ​ចាប់តាំងពី​ពេលនោះ​មក គេ​មិនដឹងថា នាង​ស្ថិត​នៅទីណា​ទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com