ជាតិ
សង្គមជាតិ
ពាក្យថ្មីប្រមាណ២ម៉ឺន នឹងត្រូវបញ្ចូលក្នុងវចនានុក្រមខ្មែរ លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ។ រូបពីរាជ្យបណ្ឌិត្យសភា
× ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ គ្រោងដាក់បញ្ចូលពាក្យថ្មីប្រមាណ២ម៉ឺនពាក្យ ក្នុងវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ អាចបានប្រើពាក្យថ្មី។ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោក ហ៊ាន សុខុម ចាត់ទុកការបន្ថែមពាក្យថ្មីនេះ ថាជាការពង្រីក និងការបង្កើនអក្សរខ្មែរឲ្យកាន់តែល្អប្រសើរ។
លោក ហ៊ាន សុខុម លើកឡើងថា ពាក្យសម្រាប់ប្រើក្នុងវិស័យនានា ដូចជា នយោបាយ, សេដ្ឋកិច្ច, សង្គម, ពាក្យបច្ចេកទេស និងពាក្យឈ្មោះរុក្ខជាតិ សម្រាប់ប្រើប្រាស់បច្ចុប្បន្ន នឹងដាក់បញ្ចូលបន្ថែមនៅក្នុងសៀវភៅវចនានុក្រមខ្មែរ និងក្នុង Application វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ផងដែរ។ ចំណែកពាក្យ ដែលនិយាយអំពីវេជ្ជសាស្ត្រ ថ្នាំពេទ្យ លោក អះអាងថា លោក នឹងចងក្រងជាសៀវភៅសទ្ទានុក្រមមួយដាច់ដោយឡែក។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានមានប្រសាសន៍ថា ការដាក់បញ្ចូលពាក្យថ្មីនេះ គឺបង្ហាញពីភាពជោគជ័យក្នុងការបង្កើនពាក្យថ្មីបន្ថែមទៀត ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ស្វែងរក និងប្រើប្រាស់បានយ៉ាងត្រឹមត្រូវ។ លោក បញ្ជាក់ថា៖«ដើម្បីសម្រេចកិច្ចការបញ្ចូលពាក្យថ្មី ក្នុងសៀវភៅវចនានុក្រមខ្មែរ និងក្នុង Application វចនានុក្រមខ្មែរក្នុងទូរសព្ទដៃផងនោះ យើងនឹងអនុវត្តរយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២៣»។
លោក ហ៊ាន សុខុម បាននិយាយថា ការដាក់ពាក្យថ្មីបន្ថែមទាំង២ម៉ឺនពាក្យនេះ ក៏នឹងអាចផ្តល់ឱកាសឲ្យជនបរទេស ដែលកំពុងរៀនភាសាខ្មែរ បានប្រើប្រាស់ និងរៀនសូត្រផងដែរ។ «ជាទូទៅ យើងចង់ពង្រឹងវិសាលភាពភាសាខ្មែរ បើគេបើកអត់មានពាក្យដែលចង់មើល ក៏វាមិនកើតដែរ»។ នេះជាការលើកឡើងរបស់លោក ហ៊ាន សុខុម ដោយលោក បន្ថែមថា៖«មូលហេតុដែលយើងដាក់បញ្ចូលពាក្យថ្មី ដែលប្រជាពលរដ្ឋ កំពុងប្រើក្នុងពេលបច្ចុប្បន្ន ដោយសារយើងកំពុងខ្វះពាក្យជាច្រើន ពេលយើងដាក់ចូលទៅ យើងនឹងសម្បូរពាក្យប្រើប្រាស់ច្រើនជាងមុន»។
បើតាមប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរដដែល ពាក្យដែលនឹងដាក់ចូលក្នុងវចនានុក្រមខ្មែរ គឺមានតែពាក្យដែលមនុស្សទូទៅប្រើប្រាស់តែប៉ុណ្ណោះ ចំណែកពាក្យថ្មីដែលបានបង្កើតដោយយុវវ័យមួយក្រុមនាសម័យឌីជីថលនេះ លោកមិនទទួលស្គាល់ និងដាក់បញ្ចូលក្នុងសៀវភៅវចនានុក្រមខ្មែរឡើយ។ លោក ប្រាប់ដូច្នេះថា៖«បើពាក្យដែលបង្កើតដោយយុវវ័យ គេនិយមប្រើទាំងអស់គ្នា ហើយនៅតែប្រើរហូតដល់អនាគត យើងនឹងពិចារណាមើលថា ត្រូវដាក់ ឬមិនដាក់ កាលណាគេបង្កើតឡើងដោយគ្រាន់តែប្រើតែមួយឈាវៗ យើងក៏មិនគួរដាក់ចូលដែរ»។
លោក ហ៊ាន សុខុម យល់ថា ប្រជាពលរដ្ឋខ្មែរ ដែលកំពុងប្រើប្រាស់ពាក្យ មិនទាន់ឯកភាពគ្នា និងនៅមានចន្លោះប្រហោងនៅឡើយទេ។ មូលហេតុដែលលោកនិយាយដូច្នេះ ដោយសារតែលោកគិតថា ប្រជាពលរដ្ឋខ្មែរ ទទួលបានការអប់រំខុសៗគ្នា ដោយអ្នកខ្លះមានចំណេះដឹងជ្រៅជ្រះ ក៏ប្រើភាសាខ្មែរបានល្អជាង ចំណែកអ្នកខ្លះទៀត ដែលមិនមានចំណេះដឹងទូលំទូលាយ ក៏ប្រើភាសាខ្មែរមិនទាន់បានល្អ៕
Tag:
ពាក្យ
វចនានុក្រមខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com