កីឡាជាតិ
ជាតិ
ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​សាងសង់​បាន​៤០​ភាគរយ ខណៈ​បច្ចុប្បន្នកំពុង​ដំឡើង​កៅអី​
09, Jan 2019 , 9:19 pm        
រូបភាព
ដោយ:
​ទីលាន​បាល់ទាត់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថាបនា​បាន​៤០​ភាគរយ​ហើយ ក្រោយ​ចំណាយពេល​សាងសង់​ប្រមាណ​១៦​ខែ​កន្លងមកនេះ​។ ទីលាន​បាល់ទាត់​នេះ គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០២០ ខណៈ​បច្ចុប្បន្នកំពុង​ដំឡើង​កៅអី​។ សម្រាប់​លោក ថោង ខុន ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា​-​ចិន​នោះទេ តែ​វា​បានផ្តល់​ការងារ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​។

  
 
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ទីលាន​បាល់ទាត់​លំដាប់​អន្តរជាតិ ដែលជា​សមិទ្ធផល​ដំណាក់កាល​ទី​២​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០២០ ក្រោយ​ចំណាយពេល​១៦​ខែ​ក្នុងការ​សាងសង់​កន្លង​មកនេះ​។ រដ្ឋមន្ត្រី​រួប​នេះ បាន​វាយតម្លៃថា ទីលាន​ស្ថាបនា​បាន​ប្រមាណ​៤០​ភាគរយ​ហើយ ខណៈ​បច្ចុប្បន្ន​កន្លែង​សម្រាប់​ទស្សនិកជន​អង្គុយ​ទស្សនា​សាងសង់​ដល់​ជាន់​ទី​៥​ហើយ នៅឡើយ​តែ​ដំឡើង​បង្គំ​កៅអី និង​ធ្វើ​ទីលាន​ខាងក្នុង​ប៉ុណ្ណោះ​។   
 
​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ គណៈកម្មការ​សាងសង់ និង​ក្រុម​វិស្វករ​ចិន​បានរៀបចំ​ពិធី​សម្ពោធ​ដំឡើង​បង្គំ​កៅអីអង្គុយ​ក្នុង​ទីលាន​។ ក្រុម​វិស្វករ​ចិន​បាន​និយាយថា បង្គំ​កៅអី​ទាំងអស់​មាន​ចំនួន​ជាង​៧​ពាន់ ហើយ​ការដំឡើង​បង្គំ​កៅអី​នីមួយៗ​មាន​ភាពលម្អៀង​បូក​ឬ​ដក​ពីរ​សង់ទីម៉ែត្រ​តែប៉ុណ្ណោះ​។ បង្គំ​កៅអី​នេះ មាន​សភាព​រលោង រចនា​ឡើងជា​មួយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​របស់​ចិន និង​មាន​បំពាក់ QR កូដ ដើម្បី​ត្រួតពិនិត្យ​ពី​គុណភាព​ទៀតផង​។​


 លោក ថោង ខុន ថ្លែងក្នុងពិធីសម្ពោធដំឡើងបង្គំកៅអីក្នុងទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីព្រឹកថ្ងៃទី៩ ខែមករា
 
​លោក ថោង ខុន ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​អះអាងថា ការសាង់សង់​ទីលាន​បាល់ទាត់​លំដាប់​អន្តរជាតិ​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៥៨​លាន​ដុល្លារ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​។ ទីលាន​នេះ អាច​ផ្ទុក​អ្នកទស្សនា​ប្រមាណ​៦​ម៉ឺន​នាក់ និង​អាច​ជម្លៀស​អ្នកគាំទ្រ​ត្រឹមតែ​៧​នាទី​ក្នុងករណី​មាន​ហេតុការណ៍​មិនល្អ​កើតឡើង​។ ទីលាន​នេះ​រចនា​ឡើងជា​រាង​សំពៅ ដែល​បញ្ជាក់​ពី​សន្តិភាព និង​មិត្តភាព​ដ៏​រឹងមាំ​និង​យូរអង្វែង​រវាង​កម្ពុជា​-​ចិន ទាំង​ផ្នែក​នយោបាយ និង​ពាណិជ្ជកម្ម​។ 
 
​សម្រាប់​លោក ថោង ខុន ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​មិន​ត្រឹមតែ​បង្ហាញ​ពី​មិត្តភាព​ដ៏​ស្អិតរ​មួ​ត​រវាង​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ តែ​វា​បានផ្តល់​ការងារ និង​ជួយ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​វិស្វកម្ម​ដល់​ប្រជាជន​កម្ពុជា​ជាច្រើន​ផងដែរ​។ ក្នុងចំណោម​វិស្វករ និង​កម្ម​ការ​ចំនួន​៥៨០​នាក់ ដែល​កំពុងធ្វើការ​នៅ​ទីនោះ មាន​កម្ពុជា​ចំនួន​២៤២​នាក់​។ ត្រង់ចំណុច​នេះ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ខាងលើ​បាន​ថ្លែងអំណរគុណ​ដល់​ខាង​វិស្វករ​ចិន ដែល​បាន​ចែករំលែក​បទពិសោធ​ដល់​ប្រជាជន​កម្ពុជា​។ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ សាងសង់ឡើង ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣៕ 










 

Tag:
 បាល់ទាត់​
  ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​
  ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com