អន្តរជាតិ
ស្ត្រីអាល្លឺម៉ង់ម្នាក់ប្រកាសលក់ប្តីលើ Ebay ក្នុងតម្លៃជាង២០ដុល្លារអាមេរិក
× នៅក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ស្ត្រីម្នាក់ បានធ្វើរឿងដ៏អស់សំណើចមួយ ដោយគាត់បានប្រកាសលក់ស្វាមីខ្លួនឯងនៅលើគេហទំព័រ Ebay ដោយដាក់តម្លៃត្រឹមតែ១៨អឺរ៉ូ (ជាង២០ដុល្លារអាមេរិក) តែប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន LaDBible។
ស្ត្រីអាយុ៤០ឆ្នាំ ដែលដាក់ឈ្មោះខ្លួនឯងថា «Dorte L» បានរៀបការជាមួយស្វាមីអស់រយៈពេល៧ឆ្នាំមកហើយ ប៉ុន្តែបន្ទាប់ពីពិធីបុណ្យណូអែលកាលពីពេលថ្មីៗកន្លងមកនេះ គាត់យល់ឃើញថា ជីវិតគ្រួសាររបស់ពួកគាត់ មានភាពរកាំរកូសយ៉ាងខ្លាំង។
នៅលើ Ebay គាត់សរសេរថា «លក់ស្វាមីមួយទឹក» ដោយសំដៅលើអតិថិជនជានារី ដែលអាចមានចំណាប់អារម្មណ៍។ «ពីរថ្ងៃក្រោយបុណ្យណូអែល ខ្ញុំយល់ថា ពួកយើងមិនអាចរួមដំណើរជាមួយគ្នាបានទៀតឡើយ ដូច្នេះខ្ញុំចង់ឲ្យស្វាមីរបស់ខ្ញុំចាកចេញ»។ នេះជាការរៀបរាប់របស់ Dorte L។
ស្ត្រីរូបនេះ បានបន្ថែមថា គាត់យល់ព្រមក្នុងករណីមានការតថ្លៃ ដោយអ្នកដែលចាប់អារម្មណ៍អាចទាក់ទងគាត់បានតាមរយៈអ៊ីម៉ែល។ គាត់បានលើកឡើងថា៖ «ពាណិជ្ជកម្មលក់ដូរនេះ មានអ្នកចាប់អារម្មណ៍ច្រើន និងទទួល Feedback វិជ្ជមានច្រើន»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលចូលរួមបញ្ចេញយោបល់ សុទ្ធតែចាត់ទុកថា ការបង្ហោះលក់ស្វាមីរបស់អ្នកស្រី Dorte L គ្រាន់តែជាការលេងសើចប៉ុណ្ណោះ មិនមានអ្នកណាម្នាក់ប្រកាសថា ទិញ ឬតថ្លៃនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com