សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
​មហាសេដ្ឋី​លេខ​១​ពិភពលោក Jeff Bezos និង​ភរិយា ប្រកាស​លែងលះគ្នា​
10, Jan 2019 , 9:15 am        
រូបភាព
ដោយ:
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon លោក Jeff Bezos និង​ភរិយា​លោក លោកស្រី MacKenzie បានប្រកាស​លែងលះ ក្រោយពី​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​២៥​ឆ្នាំ​មក​។ អ្នក​ទាំងពីរ​បានប្រកាស​ការសម្រេចចិត្ត​នេះ នៅក្នុង​សារ​រួមគ្នា​មួយ កាលពី​ថ្ងៃ​ពុធ​ទី ០៩ ខែមករា នៅលើ​បណ្តាញ​សង្គម Twitter ។​

 
​យោងតាម​សារ​នៅលើ​បណ្តាញ​សង្គម​នោះ លោក Jeff និង​ភរិយា លោកស្រី Mackenzie បាន​គូសបញ្ជាក់​បែបនេះ​ថា​៖ «​ក្រោយពី​រស់នៅ​ឃ្លាត​ពីគ្នា និង​ការរួមរស់​ជាមួយគ្នា​អស់​ពេល​ជា​យូរ​មក​នោះ យើង​បាន​សម្រេចចិត្ត​លែងលះ និង​នៅតែ​បន្ត​ចាត់ទុក​គ្នា​ជា​មិត្ត​ដដែល​»​។  
 

 
​លោក Jeff និង ភរិយា បាន​រៀបការ​ជាមួយគ្នា​ក្នុង​ឆ្នាំ​១៩៩៣ ក្រោយពី​មាន​ទំនាក់ទំនង​ជាមួយគ្នា​បាន​រយៈពេល​៣​ខែ​។ ក្រោយ​ក្លាយជា​ប្តី​ប្រពន្ធ​នឹង​គ្នា អ្នក​ទាំងពីរ​សព្វថ្ងៃនេះ មានកូន​ចំនួន ៤​នាក់ ក្នុងនោះ​ប្រុស​បីនាក់ និង​កូន​ច​ញ្ចឹ​ម​ស្រី​មួយ​នាក់​។​
 
​លោក Jeff Bezos វ័យ ៥៤​ឆ្នាំ បាន​បង្កើត​ក្រុមហ៊ុន  Amazon កាលពី​២៥​ឆ្នាំ​មក​។ ហើយ​ក្នុង​សបា្តហ៍​នេះ ក្រុមហ៊ុន E-commerce ដ៏​ធំ​មួយ​នេះ បាន​ផ្តួល​ក្រុមហ៊ុន Microsoft  របស់លោក ប៊ី​ល ហ្កេ​ត ក្លាយជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​លើ​ពិភពលោក​។​
 
​យោងតាម​ស​ន្ទ​ស្សន៍​កំពូល​មហាសេដ្ឋី​របស់​សារព័ត៌មាន Bloomberg លោក Jeff Bezos ជា​បុរស​ដែលមាន​ជាងគេ​បំផុត​លើ​ពិភពលោក ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣៧​ពាន់​លាន​ដុល្លារ​។ ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​នេះ​គឺ​លើស​ទ្រព្យសម្បត្តិ​របស់លោក ប៊ី​ល ហ្កេ​ត ប្រមាណ​ជាង ៤៥​ពាន់​លាន​ដុល្លារ​ឯណោះ​។​

ចំណែក​ភរិយា​លោក លោកស្រី MacKenzie Bezos វ័យ​៤៨​ឆ្នាំ ជា​អ្នកសរសេរ​សៀវភៅ​ប្រលោមលោក​មួយរូប​។ ក្នុង​អាជីព​នេះ លោកស្រី ជា​ម្ចាស់​ស្នាដៃ​សៀវភៅ​ដ៏​ល្បីល្បាញ​ចំនួន​ពីរ ក្នុងនោះ​មាន​ចំណងជើង The Testing of Luther Albright (​ឆ្នាំ​២០០៥) និង Traps (២០១៣)​។

គួរ​រម្លឹក​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៨ ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​នេះ បាន​បង្កើត​គម្រោង​មូល​និតិ​រួមគ្នា​មួយ​ឈ្មោះថា Day One Fund ដែលមាន​គោលដៅ​ជួយ​ដល់​ក្រុមគ្រួសារ​អ្នក​គ្មាន​ផ្ទះសម្បែង និង​ជួយ​សាងសង់​សាលារៀន​នៅក្នុង​សហគមន៍​ដែលមាន​ប្រាក់ចំណូល​ទាប​៕​

© រក្សាសិទ្ធិដោយ thmeythmey.com