ជាតិ
សង្គមជាតិ
បុរសទី៣ ដែលប្រមាថព្រះមហាក្សត្រ ត្រូវជាប់ទោស៣ឆ្នាំ
× បុរសម្នាក់ឈ្មោះ អៀង ជលសារ ត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងតម្រូវឲ្យបង់ប្រាក់៥លានរៀល ចូលទៅរដ្ឋ ពីបទប្រមាថព្រះមហាក្សត្រ។ ចៅក្រម បានប្រកាសសាលក្រមដាក់ទោសលើបុរសនោះ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។
បុរសនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ ក្រោយពីរូបគេ បង្ហោះរូបនិងសារលើបណ្តាញសង្គមហ្វេសប៊ុក ដែលមានលក្ខណៈប្រមាថព្រះមហាក្សត្រ។
នៅមានបុរស២នាក់ទៀត ក៏បានទទួលទោស ដោយសារតែការបង្ហោះសារប្រមាថព្រះមហាក្សត្រ លើបណ្តាញសង្គមដែរ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៨។ ក្នុងចំណោមអ្នកទាំង២នោះ ម្នាក់ឈ្មោះ ឃាង ណាវី មានវ័យ៥០ឆ្នាំ នៅខេត្តកំពង់ធំ ហើយម្នាក់ទៀតឈ្មោះ បាន សម្ភីរ មានបុរសវ័យ៧០ឆ្នាំ នៅខេត្តសៀមរាប។
បុរសឈ្មោះ ឃាង ណាវី ត្រូវបានកាត់ទោសរួចហើយ ដោយទោសខ្លះត្រូវបានព្យួរ។ នេះបើតាមលោក វ៉ាន់ សេង ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការខេត្តកំពង់ធំ។
ប៉ុន្តែ លោក មិនចាំទេថា តុលាការ កំណត់ឲ្យបុរសនោះ ជាប់ពន្ធាគារប៉ុន្មានឆ្នាំ ហើយទោសដែលត្រូវព្យួរ មានរយៈពេលប៉ុន្មាន។ លោក ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ យ៉ាងដូច្នេះថា៖«ទាល់តែខ្ញុំឆែកសាលក្រមមើល បានដឹង។ តែគ្រាន់តែដឹងថា គាត់ ប្រហែលជាអាចបានត្រឡប់ទៅផ្ទះវិញឆាប់ៗនេះហើយ»។
ចំណែកបុរសឈ្មោះ បាន សម្ភីរ ត្រូវបានតុលាការខេត្តសៀមរាប កាត់ទោស១ឆ្នាំ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨។ ប៉ុន្តែ តុលាការ កំណត់ឲ្យរូបគេ ជាប់ទោសក្នុងពន្ធគារ៧ខែ ឯទោស៥ខែទៀត ត្រូវព្យួរ។
មែនទែនទៅ សូម្បីតែលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេស ក៏រងការចោទប្រកាន់ថា ប្រមាថព្រះមហាក្សត្រដែរ។ លោក រងការចោទប្រកាន់ ដោយសារតែលោក លើកឡើងថា ព្រះរាជសារ ដែលព្រះមហាក្សក្សត្រ អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតកាលពីកន្លងទៅ គឺជាព្រះរាជសារក្លែងក្លាយ ឬក៏ជាព្រះរាជាសារដែលត្រូវបានធ្វើឡើង ក្រោមសម្ពាធរបស់គណបក្សកាន់អំណាច។ បច្ចុប្បន្ន តុលាការ កំពុងចាត់ការលើសំណុំរឿងមួយនេះ៕
Tag:
ព្រះមហាក្សត្រ
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com