ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
លក់ចេកអាំងតាមអនឡាញ ជួយឲ្យអ្នកស្រី ពេជ្រ សុភ័ក្រ រកអតិថិជនបានកាន់តែច្រើន
× កំពង់ចាម៖ «សម័យបច្ចេកវិទ្យា»! កំពុងពេញនិយម ពលរដ្ឋក៏កាន់តែទំនើប។ សូម្បីតែអ្នកលក់ដូររបរតូចតាច ក៏ឆ្លៀតឱកាសយកផលប្រយោជន៍ពីបច្ចេកវិទ្យាទាំងនេះ តាមរយៈការលក់ដូរតាមអនឡាញ។ ជាអ្នកលក់នំបុ័ង និងចេកអាំងស្រោចទឹកខ្ទិះផង លោកស្រី ពេជ្រ សុភ័ក្រ អាចរកចំណូលបានជាង១០ម៉ឺនរៀលក្នុងមួយថ្ងៃពីវិធីលក់តាមអនឡាញនេះ។
ជាង២ឆ្នាំហើយ ដែលអ្នកស្រី ពេជ្រ សុភ័ក្រ ប្រកបរបរអាំងនំបុ័ង និងចេកអាំងលក់ នៅលើតូបខាងមុខផ្ទះ។ របរនេះ គឺគ្រាន់តែជាចំណី ឬជាអាហារសម្រន់ប៉ុណ្ណោះ ប៉ុន្តែមានអតិថិជន មិនតិចទេ ដែលឈរចាំទិញនំបុ័ង និងចេកអាំងរបស់អ្នកស្រី សុភ័ក្រ យកទៅពិសារ។ នោះក៏ព្រោះតែរសជាតិចេកអាំងស្រោចខ្ទិះ,ចេកអាំងញាត់ដូង, ត្រាវ,ដំឡូង និងនំប៉័ងអាំងផ្សំគ្រឿងពិសេសរបស់អ្នកស្រី សុភ័ក្រ ដែលបានអន្ទងចិត្តអតិថិជនឲ្យមករង់ចាំត្រៀបត្រាបែបនេះ។
ដើមឡើយរបរលក់ចេក និងនំបុ័ងអាំងរបស់អ្នកស្រី សុភ័ក្រ មិនសូវទទួលបានអតិថិជនច្រើនទេ កាលពី១ឆ្នាំដំបូង។ ប៉ុន្តែក្រោយពីអ្នកស្រី សង្កេតឃើញថា ការលក់ដូរបច្ចុប្បន្ននេះ ភាគច្រើនមានការពេញនិយមទិញទំនិញនៅលើបណ្តាញសង្តមនោះ អ្នកស្រីក៏សម្រេចចិត្តលក់ចេកអាំងតាមអនឡាញ ដោយផ្សព្វផ្សាយពីអាហារសម្រន់នេះជារៀងរាល់ថ្ងៃ ដើម្បីឲ្យអតិថិជនបានស្គាល់ពីកន្លែងលក់ចេក និងនំបុ័ងអាំងរបស់ខ្លួន។ ការធ្វើបែបនេះវាពិតជាផ្ដល់ផលដល់អ្នកស្រី សុភ័ក្រ ពិតមែន។
«សព្វថ្ងៃខ្ញុំលក់នៅតូបមុខផ្ទះ និងឆ្លៀតឡាយលក់តាមអនឡាញខ្លះៗផងដែរព្រោះតែមានអតិថិជនមករង់ចាំច្រើនពេកទើបធ្វើឲ្យខ្ញុំមិនមានពេលគ្រប់គ្រន់ ដើម្បីឡាយ(Live Video)លក់តាមអនឡាញ។ នៅទីនេះមានលក់ដូចជាចេកអាំងញាត់ត្រាវ,ចេកអាំងញាត់ដូង,ចេកអាំងស្រោចទឹកខ្ទះ និងនំប៉័ងអាំងផ្សំគ្រឿងពិសេស។ ជាងនេះទៅទៀតមានសេវាដឹកជូនអតិថិជនដែលនៅក្នុងក្រុងកំពង់ចាមមិនគិតសេវាដឹកជញ្ជូនចំពោះការកម្មង់ចាប់ពី២ប្រអប់ឡើងទៅ។ សម្រាប់ចេកអាំងមួយប្រអប់តម្លៃ២ពាន់រៀលមានចេកប្រាំ និង នំប៉័ងមួយតម្លៃ៤ពាន់រៀល»។ នេះជាការបញ្ជាក់របស់អ្នកស្រី សុភ័ក្រ។
អ្នកស្រី សុភ័ក្រ ចាប់ផ្តើមលក់អាហាសម្រន់នេះ ចាប់ពីម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង៧ល្ងាចជារៀងរាល់ថ្ងៃ។ អាហារសម្រន់ចេកអាំង នំបុ័ងអាំងរបស់អ្នកស្រី គឺគ្មានរស់ជាតិសាច់ជ្រូកនោះទេ ដោយសារតែអតិថិជនរបស់អ្នកស្រី ដែលរស់នៅក្នុងភូមិរការ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ភាគច្រើនគឺជាជនជាតិខ្មែរអ៊ីស្លាម។ ដោយសាររសជាតិបែបនេះហើយ ទើបអ្នកស្រីទទួលបានអតិថិជនជាជនជាតិខ្មែរអ៊ីស្លាមប្រមាណជា៤០ភាគរយនៃអតិថិជនទាំងអស់ ក្នុងរយៈពេលឆ្នាំមកនេះ។ អ្នកស្រី សុភ័ក្រ អាចរកចំណូលបានចន្លោះពី១០ម៉ឺនរៀលទៅ១៥ម៉ឺនរៀលក្នុងមួយថ្ងៃ តាមរយៈអាហារសម្រន់ទាំងនេះ។ នេះបើតាមស្ត្រីរាងក្រាស់ខ្ពស់នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com