ជាតិ
សេដ្ឋកិច្ច
​ចិន​ជា​ម៉ូយ​អង្ករ​ធំជាងគេ​របស់​ខ្មែរ បន្ទាប់មក​មានបារាំង ម៉ាឡេស៊ី ហ្គា​បុ​ង វៀតណាម និង​ហូ​ឡង់​
10, Jan 2019 , 11:12 am        
រូបភាព
រូបបានហ្វេសប៊ុកសហព័ន្ធស្រូវអង្ករកម្ពុជា
រូបបានហ្វេសប៊ុកសហព័ន្ធស្រូវអង្ករកម្ពុជា
​ភ្នំពេញ​៖ ពេញ​មួយឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​សរុប​៦២៦,២២៥​តោន​។ ចំនួន​នេះ​មានការ​ធ្លាក់ចុះ​១.៥​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ មាន​ចំនួន​៦៣៥,៦៧៩​តោន​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្កររបស់ក្រុម​ការងារ​ផ្នែក​ស្រូវ-អង្ករនៃវេទិកា​រាជ​រដ្ឋាភិបាល-ផ្នែក​ឯកជន (SOWS-REF)​។ សហភាព​អឺរ៉ុប​នៅតែ​ជាទី​ផ្សារ​ដ៏​ធំ​របស់​អង្ករ​កម្ពុជា ប៉ុន្តែ​គិត​តាម​ប្រទេស មហា​យក្ស​ចិន​គឺជា​អតិថិជន​លំដាប់​កំពូល​។​

 
​របាយការណ៍​បាន​បង្ហាញថា ក្នុងចំណោម​អង្ករ​នាំចេញ​ជិត​៦៣​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៨ ការនាំចេញ​ក្នុង​ខែធ្នូ មាន​ទំហំ​ច្រើនជាងគេ ដោយមាន​រហូតដល់​ទៅជិត​១៣​ម៉ឺន​តោន បន្ទាប់មក មាន​ខែមករា និង​ខែវិច្ឆិកា ដែលមាន​ជាង​៦​ម៉ឺន​តោន​។​
 
​អង្ករ​ដែល​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​បរទេស​កាលពី​ឆ្នាំមុន​នោះ មាន អង្ករ​ក្រអូប​ចំនួន​៤៩៣,៥៩៧​តោន អង្ក​រស​គ្រាប់​វែង​មាន ១០៥,៩៩០ និង​អង្ករ​ចំហុយ​គ្រាប់​វែង​ចំនួន ២៦,៦៣៨​តោន​។ ប្រភេទ​អង្ករ​ផ្ការំដួល​/​ផ្កាម្លិះ មាន​ចំណែក​ដល់​ទៅជិត​៤៤​ភាគរយ អង្ករ​ក្រអូប​ចម្រុះ (​សែន​ក្រអូប​, Neang Sauy) មាន​ជិត​៣៣​ភាគរយ  និង​ចម្រុះ​គ្រាប់​វែង មាន​ជាង​១៥​ភាគរយ​។​
 
​ទីផ្សារ​ដែល​នាំចូល​អង្ករ​កម្ពុ​ជាច្រើន​ជាងគេ គឺ​សហគមន៍​អឺរ៉ុប​មាន​ជិត​២៧​ម៉ឺន​តោន ជិត​ស្មើនឹង​៤៣​ភាគរយ​នៃ​ចំនួន​នាំចេញ​សរុប​។  ក្នុងចំណោម​ប្រទេស​ចំនួន​២៦​នៃ​សហភាព​អឺរ៉ុប​ដែល​នាំចូល​អង្ករ​កម្ពុជា បារាំង មាន​ចំណែក​ទិញ​ជិត​១៤​ភាគរយ ហូ​ឡង់​ជាង​៤​ភាគរយ ប៉ូឡូញ ជិត​៤​ភាគរយ រីឯ​បែលហ្ស៊ិក អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ សាធារណរដ្ឋ​ឆេ​ក និង​អេ​ស្ប៉ា​ញ ចន្លោះ​ពី​ជាង​២​ភាគរយ ទៅ​ជាង​៣​ភាគរយ​។​
 
​បើ​គិត​លើ​ភាគរយ​រួម ចិន​ជា​អតិថិជន​លំដាប់​ទីមួយ​របស់​កម្ពុជា ដោយបាន​នាំចូល​អង្ករ​រហូតដល់​ទៅ​ជាង​១៧​ម៉ឺន​តោន ស្មើ​២៧,១៧​ភាគរយ ខណៈ​ម៉ាឡេស៊ី មាន​ចំណែក​៦,៥២​ភាគរយ បន្ទាប់ពី​បារាំង (១៣,៧៤​ភាគរយ​)​។ 
 
​នៅ​តំបន់​អាស៊ាន ម៉ាឡេស៊ី បាន​ទិញ​អង្ករ​ពី​កម្ពុជា​ប្រមាណ​៤​ម៉ឺន​តោន (៦,៥២​ភាគរយ​) បន្ទាប់មក​មាន វៀតណាម (៤,២៧​ភាគរយ​), ថៃ (៣,៨០​ភាគរយ​)​។ ហ្គា​បុ​ង ដែល​ស្ថិតនៅ​ទ្វីបអាហ្វ្រិក បាន​ទិញ​អង្ករ​កម្ពុ​ជាជាង​៣​ម៉ឺន​តោន (៥,២៨​ភាគរយ​) រីឯ​អូស្ត្រាលី បាន​ទិញ​ជិត​៨០០០​តោន (១,២២​ភាគរយ​)​។​
 
​តាម​របាយការណ៍​រប​ស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ ដដែល ក្រុមហ៊ុន​សរុប​ចំនួន​៨៧ ដែល​បាន​នាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុង​ក្រុមហ៊ុន Batang, City Rice Import Export, Apsara Rice, Amru Rice និង​Khmer Foods Group មាន​ចំនួន​នាំចេញ​ច្រើនជាងគេ​៕

Tag:
 ជាតិ​
  សេដ្ឋកិច្ច​
  អង្ករ​
  ទីផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com