លោក សម រង្ស៊ី ចង់ធ្វើជាសាក្សីនៅក្នុងសំណុំរឿងរបស់លោក កឹម សុខា។ តែលោក សុំផ្តល់ចម្លើយ តាមការតភ្ជាប់វីដេអូពីបរទេសមក។ លោក ប្រកាសពីបរទេសថា មានតែលោកម្នាក់គត់ ដែលដឹងរឿងច្រើនជាងគេ ក្នុងសំណុំរឿងរបស់លោក កឹម សុខា។
លោក សម រង្ស៊ី ផ្ញើសារទៅតុលាការភ្នំពេញថា មិនចាំបាច់ហៅលោក គង់ គាំ ដែលធ្លាប់ធ្វើជាទីប្រឹក្សារបស់លោក ទៅសួរទេ ព្រោះលោក គង់ គាំ មិនដឹងរឿងច្រើនដូចលោកឡើយ។ លោក បន្តថា កាលពីលោក នៅក្នុងស្រុក គឺមានតែលោកនិងលោក កឹម សុខា ប៉ុណ្ណោះ ដែលបានរួមគ្នាធ្វើសេចក្តីសម្រេចសំខាន់ៗក្នុងឋានៈជាប្រធានគណបក្សនិងអនុប្រធាន។
តាមរយៈសារលើទំព័រហ្វេសប៊ុក លោក បានសរសេរបែបនេះ៖«ខ្ញុំ សម រង្ស៊ី ដឹងរឿងច្រើនជាងគេបង្អស់ ហើយខ្ញុំក៏ទទួលខុសត្រូវខ្ពស់ជាងគេបង្អស់ដែរ ពីព្រោះខ្ញុំជាអ្នកធ្វើសេចក្តីសម្រេចចុងក្រោយ ក្នុងការអនុវត្តយុទ្ធសាស្ត្ររបស់គណបក្សសង្គ្រោះជាតិ។ កាលនោះ ក្នុងឋានៈខ្ញុំជាប្រធាន ខ្ញុំមានទំនាក់ទំនងជាមួយដៃគូអាមេរិកាំងរបស់គណបក្សសង្គ្រោះជាតិ ច្រើនជាងលោក កឹម សុខា ទៅទៀត...»។
លោក សរសេរទៀតថា៖«បើចង់ស៊ើបអង្កេតស៊ីជម្រៅ ក្នុងសំណុំរឿងរបស់លោក កឹម សុខា តុលាការ....ត្រូវតែហៅខ្ញុំ សម រង្ស៊ី ទៅសាកសួរ មុនគេបង្អស់។ ខ្ញុំ យល់ព្រមផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា ជូនតុលាការ តាមរយៈប្រព័ន្ធវីដេអូ Skype ពីសហរដ្ឋអាមេរិក ដែលខ្ញុំកំពុងតែស្ថិតនៅពេលនេះ»។
មកដល់ពេលនេះ ពុំទាន់មានព័ត៌មានពីតុលាការ ដែលឆ្លើយតបនឹងសំណូមពររបស់លោក សម រង្ស៊ី នោះទេ។ សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺពីលោក គី ឫទ្ធី ចៅក្រមស៊ើបសួរដែលកាន់សំណុំរឿងរបស់លោក កឹម សុខា បានឡើយ ដោយសារហៅទូរសព្ទចូលដែរ តែមិនមានការឆ្លើយតប។
ចំណែក លោក សួស វិទ្យារ៉ាន់ឌី អនុប្រធានលេខាធិការដ្ឋានតុលាការភ្នំពេញ សុំមិនបកស្រាយ ដោយលោក លើកហេតុផលថា លោក ពុំទាន់ទទួលបានព័ត៌មាននេះច្បាស់លាស់។
រីឯលោក ចាន់ ចេន មេធាវីម្នាក់របស់លោក កឹម សុខា ក៏សុំមិនបរិយាយដែរ។ លោក និយាយយ៉ាងខ្លីថា រឿងនេះ គឺហួសពីកិច្ចការរបស់លោក ក្នុងនាមជាមេធាវី។
យ៉ាងណាក៏ដោយ លោក សំ សុគង់ ដែលធ្លាប់ធ្វើជាមេធាវីឲ្យលោក កឹម សុខា ដែរនោះ បានលើកឡើងថា សំណូមពររបស់លោក សម រង្ស៊ី អាចទៅរួច បើចៅក្រមស៊ើបសួរ ចង់ធ្វើ។ លោក ពន្យល់ថា បើទោះជាច្បាប់កម្ពុជា ពុំបានចែងឲ្យចំថា សាក្សី អាចផ្តល់ចម្លើងតាមរយៈការតភ្ជាប់វីដេអូពីកន្លែងផ្សេង (Video Conference) ក៏ដោយ តែតាមគោលការណ៍ ចៅក្រមស៊ើបសួរឬតុលាការ អាចប្រើគ្រប់មធ្យោបាយ ដើម្បីស្វែងរកភស្តុតាងនិងយុត្តិធម៌។
លោកមេធាវី អះអាងថា បទពិសោធនេះ ធ្លាប់កើតមាននៅប្រទសដទៃ។ លោក បន្តថា តុលាការខ្មែរក្រហម ក៏ធ្លាប់ប្រើវិធីនេះដែរ ដោយអនុញ្ញាតឲ្យសាក្សីខ្លះ ផ្តល់ចម្លើយតាមរយៈការតភ្ជាប់វីដេអូ ពីប្រទេសបារាំងឬប្រទេសផ្សេងទៀត។ លោក បញ្ជាក់បែបនេះថា៖«ខ្ញុំ យល់ថា សំណូមពររបស់គាត់ ដូចជាមិនខុសទេ។ ដូច្នេះ ចៅក្រមស៊ើបសួរ គួរពិចារណាយកសំណូមពររបស់គាត់»។
បច្ចុប្បន្ន សំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុងដំណាក់កាលនៃស៊ើបសួរនៅឡើយទេ។ ថ្មីៗនេះ ចៅក្រមស៊ើបសួរ បានបង្គាប់ឲ្យលោក គង់ គាំ ចូលទៅបំភ្លឺក្នុងនាមជាសាក្សីលើសំណុំរឿងបស់លោក កឹម សុខា នៅចុងខែមករា ឆ្នាំ២០១៩។ លោក គង់ គាំ ប្រាប់សារព័ត៌មាននានាថា លោក នឹង ចូលទៅបំភ្លឺតាមការកោះហៅ។
កម្លាំងសមត្ថកិច្ច បានចូលទៅចាប់លោក កឹម សុខា ដល់គេហដ្ឋាន កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយសង្ស័យថា លោក បានប្រព្រឹត្តបទ សន្ទិដ្ឋិភាពជាមួយបរទេស ដែលអាចរាប់បញ្ចូលក្នុងអំពើក្បត់ជាតិ។ បទល្មើសនេះ គឺសំដៅលើការសហការនិងការគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
រហូតដល់ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ក៏ត្រូវបានដោះលែងជាបណ្តោះអាស្ន។ ប៉ុន្តែ ចៅក្រមស៊ើបសួរ បានដាក់បម្រាមយ៉ាងតឹងតែងចំពោះលោក ដោយមិនឲ្យលោក ចេញទៅណាឆ្ងាយពីផ្ទះ មិនឲ្យជួបជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង និង មិនឲ្យជួបអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង។
ក្រុមអ្នកប្រឆាំង មិនចាត់ទុកថា លោក កឹម សុខា ត្រូវបានដោះលែងទេ។ ពួកគេ ហៅនីតិវិធីរបៀបនេះ ថាជាការប្តូរពីការឃុំខ្លួនក្នុងពន្ធនាគារ ទៅជាការឃុំខ្លួនក្នុងផ្ទះ។ ពួកគេ នៅតែបន្តទាមទាមឲ្យតុលាការទម្លាក់បទចោទនិងផ្តល់សេរីភាពឲ្យបានពេញលេញជូនលោក កឹម សុខា៕