អន្តរជាតិ
ការសិក្សា​៖ មនុស្ស​វ័យ​ចំណាស់​ចែករំលែក Fake News ច្រើនជាង​មនុស្ស​វ័យក្មេង​
10, Jan 2019 , 8:39 pm        
រូបភាព
រូបភាព Getty Images
រូបភាព Getty Images
ដោយ:
​ប្រជាជន​អាមេរិក​ដែលមាន​វ័យ​ចាប់ពី ៦៥​ឆ្នាំ​ឡើងទៅ និង​ក្រុម​អ្នក​អភិរក្សនិយម គឺ​ទំនងជា​បាន​ចែករំលែក​ព័ត៌មាន​ក្លែងបន្លំ (Fake News) នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ច្រើនជាង​មនុស្ស​វ័យក្មេង​ជាង ឬ​ក្រុម​អ្នក​សេរីនិយម​។ នេះ​បើ​យោងតាម​ការសិក្សា​ថ្មី​មួយ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី ០៩ ខែមករា​។

 
​អំឡុង​យុទ្ធនា​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ​២០១៦ ក្រុម​អ្នកស្រាវជ្រាវ​មកពី​សកល​វិទ្យាល័យ Princeton និង សកល​វិទ្យាល័យ​ញូវយ៉ក បាន​ស្ទង់​មតិ​លើ​អ្នកប្រើប្រាស់​ហ្វេ​ស​បុក​ប្រមាណ ២៧១១ នាក់ ដោយ​ក្នុងនោះ ៤៩​ភាគរយ​នៃ​អ្នក​ទាំង​នោះបាន​យល់ព្រម​ចែករំលែក​ទិន្នន័យ​ផ្ទាល់ខ្លួន នៅពេល​សាកសួរ​ទាក់ទង​ពី​ស្ថានភាព​ក្រោយ​ការបោះឆ្នោត​។ 
 
​ក្រុម​អ្នកស្រាវជ្រាវ​ទាំងនោះ បាន​ប្រៀបធៀប​តំណ​ភ្ជាប់ ដែល​អ្នកប្រើប្រាស់​ហ្វេ​ស​បុក​ទាំង​នោះបាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម ជាមួយនឹង​ប​ញ្ចី​ឈ្មោះ​វេ​ប​សាយ​មួយចំនួន​រួមមាន BuzzFeed ជាដើម ។ វេ​ប​សាយ​នេះ ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា ជា​វេ​ប​សាយ​មួយ​ក្នុងចំណោម​វេ​ប​សាយ​ជាច្រើន​ទៀត ដែល​ផលិត​អត្ថបទ​ព័ត៌មាន​ក្លែងបន្លំ​។ 
 
​ការសិក្សា​ដែល​បានចេញ​ផ្សាយ​នៅក្នុង​ទិ​នា​នុប្ប​វ​ត្ដិ Science Advances បាន​រកឃើញថា អ្នកប្រើប្រាស់​ហ្វេ​ស​បុក​តិចជាង ៨,៥ ភាគរយ​ប៉ុណ្ណោះ ដែល​បាន​ចែករំលែក​តំណ​ភ្ជាប់​ចេញពី​វេ​ប​សាយ​ព័ត៌មាន​ខាងលើនេះ​។ យ៉ាងណាមិញ អ្នក​ដែល​បាន​ចែករំលែក​អត្ថបទ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ ភាគច្រើន​ជា​មនុ​ស្សវ័យ​ចំណាស់ និង​ជា​ក្រុម​អ្នក​អភិរក្សនិយម​។ 
 
​មែនទែនទៅ អ្នកប្រើប្រាស់​ហ្វេ​ស​បុក​ដែលមាន​វ័យ​ចាប់ពី​៦៥​ឆ្នាំ​ឡើងទៅ បាន​ចែករំលែក​ព័ត៌មាន​ជិត​៧​ដង​ចេញពី​វេ​ប​សាយ​ដែល​ផលិត​ព័ត៌មាន​មិន​ពិត ច្រើនជាង​មនុស្ស​វ័យ​ចាប់ពី ១៨ ទៅ ២៩ ឆ្នាំ​។ យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Andrew Guess សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​មកពី​សកល​វិទ្យាល័យ Princeton ដែល​ដឹកនាំ​ការសិក្សា​នេះ បាន​បញ្ជាក់ថា​៖ «​ពុំមាន​បុគ្គលិកលក្ខណៈ​ខាង​ប្រជាសាស្ត្រ​ណាមួយ មាន​ឥទ្ធិពល​ច្បាស់លាស់​លើ​ការចែករំលែក​ព័ត៌មាន​ក្លែងបន្លំ​នោះឡើយ​»​។ 
 
​ត្រង់ចំណុច លោក​សាស្ត្រាចារ្យ​រូបនេះ បាន​បកស្រាយ​ថា​៖ «​វា​អាចទៅរួច​ដែល​ប្រជាជន​អាមេរិក សព្វថ្ងៃនេះ​ដែល​ស្ថិតក្នុង​វ័យ ៦០​ឆ្នាំ និង​លើសពីនេះ ខ្វះខាត​កម្រិតយល់ដឹង​ពី​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ (media literacy) ដែល​ចាំបាច់​សម្រាប់​វិនិច្ឆ័យ និង​កត់សម្គាល់​អត្ថបទ​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​តាម​ប្រព័ន្ធ​អន​ឡាញ​»​។ ម្យ៉ាងវិញទៀត លោក​បាន​បញ្ជាក់ទៀតថា ការធ្លាក់ចុះ​នៃ​សមត្ថភាព​ខួរក្បាល​ដែល​បណ្តាលមកពី​វ័យ​ចំណាស់​នោះ ក៏​អាចមាន​ផលប៉ះពាល់​លើ​ករណីនេះ​ផងដែរ​។ 
 
​ទន្ទឹមនឹងនេះ ការសិក្សា​ដដែល​បាន​រកឃើញថា ក្រុម​អ្នកគាំទ្រ​បក្ស​សារ​ធាណ​រដ្ឋ​បាន​ចែករំលែក​ព័ត៌មាន​មិន​ពិត​ច្រើនជាង​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ​។ និយាយ​បែប​ផ្សេង ក្រុម​អ្នក​អភិរក្សនិយម បាន​ចែករំលែក​អត្ថបទ​ព័ត៌មាន​មិន​ពិត​ច្រើន​បំផុត ហើយ​ភាគច្រើន​នៃ​អត្ថបទ​ព័ត៌មាន​មិន​ពិត​ទាំងនោះ ត្រូវបាន​ផលិត អំឡុង​យុទ្ធនា​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាល​ឆ្នាំ​២០១៦ ដែលមាន​ទំនោរ​គាំទ្រ​លោក​ដូ​ណា​ល់ ត្រាំ​៕
 

Tag:
 ព័ត៌មាន​ក្លែងក្លាយ​
  ការសិក្សា​
© រក្សាសិទ្ធិដោយ thmeythmey.com