ជាតិ
នាយករដ្ឋមន្ត្រី៖ ជាតិរីកចម្រើន មិនអាចអត់អ្នកកាសែតឡើយ សម្តេច ហ៊ុន សែន ឆ្លើយសំណួរអ្នកកាសែតក្នុងឆ្នាំ២០០៦។ រូបថតដោយ លោក ខឹម សុវណ្ណារ៉ា
× ភ្នំពេញ៖ «ពិតប្រាកដណាស់ ការរីកចម្រើនរបស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ ពីការចូលរួមរបស់អ្នកសារព័ត៌មានបានឡើយ»។ នេះសាររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបង្ហោះលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១០មករានេះ។
នាយករដ្ឋមន្ត្រី សរសេរថា ក្រោយពីប្រទេសជាតិ មានសុខសន្តិភាពពេញលេញ កម្ពុជាត្រូវការទេសចរ ពាណិជ្ជករ និងអ្នកវិនិយោគទុនបរទេសជាច្រើន។ ដូច្នេះការចូលរួមផ្សព្វផ្សាយព័ត៌មានពិត គឺកាន់តែផ្តល់នូវទំនុកចិត្តដល់ទេសចរនិងវិនិយោគគិនបរទេស។
បន្ទាប់មក ប្រមុខរដ្ឋាភិបាល ក៏អរគុណអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ដែលបានចូលរួមផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក ក្នុងផ្លូវវិជ្ជមាន។ ប្រមុខរដ្ឋាភិបាល ចាត់ទុកថា ជាចំណុចសំខាន់មួយ ដែលធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើន។
សាររបស់មេដឹកនាំកម្ពុជា គឺធ្វើឡើងមុនមួយថ្ងៃប៉ុណ្ណោះ នៃពិធីជួបសំណេះសំណាលនិងពិសាអាហារសាមគ្គីប្រចាំឆ្នាំជាមួយអ្នកសារព័ត៌មានប្រមាណ៥ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍ពីក្រសួងព័ត៌មាន កម្ពុជា មានសារព័ត៌មានជាតិ៣៥៣អង្គភាព ទស្សនាវដ្ដីជាតិមាន១២៦អង្គភាព ព្រឹត្តិបត្តិ២១អង្គភាព កាសែតអន្តរជាតិ៤៤អង្គភាព ទស្សនាវដ្ដីអន្តរជាតិ៦១អង្គភាព សមាគមអ្នកសារព័ត៌មាន៤០អង្គភាព។ ទីភ្នាក់ងារសារព័ត៌មានបរទេស១៨អង្គភាព រោងពុម្ភ និងគ្រឹះស្ថានបោះពុម្ភ១២៤អង្គភាព ស្ថានីយទូរទស្សន៍ផ្សាយផ្ទាល់នៅភ្នំពេញមាន២២ស្ថានីយ និងផ្សាយបន្តពីភ្នំពេញទៅខេត្តមាន១៣២ស្ថានីយ។ ទូរទស្សន៍ខ្សែកាបទាំងនៅរាជធានី-ខេត្ត មាន១៣៣ស្ថានីយ។ ស្ថានីយ៍វិទ្យុ FM នៅរាជធានីភ្នំពេញ មាន៨០ស្ថានីយ នៅតាមខេត្តមាន២៥៤ស្ថានីយ និងស្ថានីយវិទ្យុAM មាន១ស្ថានីយ៕
Tag:
កាសែត
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com