អន្តរជាតិ
ឡាវ​បញ្ជូន​រថក្រោះ​៣០​គ្រឿង​ដែល​ខ្ចី​ពី​សូ​វៀត​ឲ្យ​ទៅ​រុស្ស៊ី​វិញ​
10, Jan 2019 , 5:01 pm        
រូបភាព
រថក្រោះធុន T-34 (រូបភាព Defense Blog)
រថក្រោះធុន T-34 (រូបភាព Defense Blog)
ដោយ:
​រថក្រោះ​សម័យ​សូ​វៀត​ប្រភេទ T-34-85 ចំនួន​៣០​គ្រឿង ត្រូវបាន​រដ្ឋាភិបាល​ឡាវ​បញ្ចូល​ត្រឡប់​ទៅកាន់​រុស្ស៊ី​វិញ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​រុស្ស៊ី នៅ​ថ្ងៃទី​០៩ ខែមករា​។ រថក្រោះ​ទាំងនេះ​ត្រូវ​បានដាក់​ដំណើរការ​តាំងពី​ឆ្នាំ ១៩៨៧ មកម្ល៉េះ ហើយ​បច្ចុប្បន្ននេះ វា​នៅតែ​អាច​ដំណើរការ​បានល្អ​ដដែល​។

 
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹងថា​៖ «​រថក្រោះ​ត្រូវបាន​ដឹកជញ្ជូន​ប្រមាណ ៤៥០០ គីឡូម៉ែត្រ​តាម​សមុទ្រ ទៅកាន់​ទីក្រុង Vladivostok​។ ពី​កន្លែង​នោះ រថក្រោះ​ទាំង​៣០​គ្រឿង​នោះ ត្រូវបាន​ដឹកបញ្ជូន​បន្ត​តាម​រថភ្លើង​ទៅកាន់​ក្រុង Naro-Fominsk ក្បែរ​រដ្ឋធានី​មូ​ស្គូ​»​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​រុស្ស៊ី Tass រថក្រោះ​ទាំងនេះ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ឡាវ កាលពី​ជាង​៣០​ឆ្នាំ​មក ដែល​ស្ថិត​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​យោធា រវាង​ទីក្រុង​មូ​ស្គូ និង​ទីក្រុង​វៀងចន្ទន៍​។ ការសម្រេចចិត្ត​បញ្ជូន​រថក្រោះ​ទាំងនេះ​ទៅកាន់​រុស្ស៊ី​វិញ​នេះ បានធ្វើ​ឡើង​កាល​ពីមួយ​ឆ្នាំមុន  ពោលគឺ​នៅពេលដែល​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergei Shoigu បានធ្វើ​ទស្សនកិច្ច​នៅ​ឡាវ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា រថក្រោះ​ប្រភេទ T-34-85 ត្រូវបាន​ផលិត​នៅក្នុង​ឆ្នាំ​១៩៤៤​។ យោងតាម​ក្រសួងការពារជាតិ​រុស្ស៊ី រថក្រោះ​ប្រភេទ T-34 ដែល​ទើបតែ​ប​ញ្ចូ​ន​ត្រឡប់​ទៅកាន់​រុស្ស៊ី នឹងត្រូវ​យកទៅ​បង្ហាញ​នៅក្នុង​ដំណើរ​ព្យុហយាត្រា​ដើម្បី​អបអរ​ថ្ងៃ V-Day​។ ពិធី​ប្រចាំ​ឆ្នាំនេះ នឹងត្រូវ​រៀបចំឡើង នា​ថ្ងៃ​៩ ខែឧសភា​ខាងមុខ នៅក្នុង​បណ្តា​ទីក្រុង​ធំៗ​ក្នុងប្រទេស​រុស្ស៊ី​៕
 

Tag:
 ​រុស្ស៊ី​
  ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com