កីឡាជាតិ
ជាតិ
ThmeyThmey និង​ក្រុមហ៊ុន​លី​ប្រា សហការ​ផ្សព្វផ្សាយ «​គុន​ល្បុក្កតោ​» ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​
10, Jan 2019 , 6:12 pm        
រូបភាព
ដោយ:
«​ល្បុក្កតោ​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣» ជា​កម្មវិធី​ដែល​កើតចេញពី​កិច្ចសហការ​រវាង​សារព័ត៌មាន ThmeyThmey ជាមួយ​ក្រុមហ៊ុន​សន្តិសុខ​លី​ប្រា និង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ក្នុង​គោលបំណង​ពង្រីង​ការផ្សព្វផ្សាយ​គុន​ល្បុក្កតោ មុន​ពេលដែល​ក្បាច់គុន​ចំណាស់​របស់​ខ្មែរ​មួយ​នេះ ត្រៀមខ្លួន​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្ក​ការ​យូណេស្កូ​នៅ​ចុងឆ្នាំ​២០១៩ និង​ការបង្ហាញ​វត្ត​មាននៅ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅពេលដែល​កម្ពុជា​ធ្វើជា​ម្ចាស់​លើកដំបូង​។

 
​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​បញ្ជាក់ថា បេសកកម្ម «​ល្បុក្កតោ​ឆ្ពោះទៅ​ស៊ី​ហ្គេម​២០២៣» ត្រូវបាន​បង្កើតឡើង ដើម្បី​ជីក​កកាយ​កីឡា​គុន​ល្បុក្កតោ ដែល​បាន​លាក់ខ្លួន​នៅតាម​ខេត្ត​មួយចំនួន ឲ្យ​មាន​សកម្មភាព និង​លេច​ឡើងវិញ​។ បេសកកម្ម​នេះ ក៏​ដើម្បី​បំផុស​ចលនា និង​ផ្សព្វផ្សាយ​ពី​គុន​ល្បុក្កតោ​ឲ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​លេង​កីឡា​នេះ​កាន់តែច្រើន ដើម្បី​ជា​ថ្នាល​សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​
 
​លោក​បាន​បន្ថែមថា ក្នុង​ដំណើរ​ចុះទៅ​កាន់​ក្លិប​-​សមាគម​នៅ​ខេត្ត​មួយ​នេះដែរ បេសកកម្ម​«​ល្បុក្កតោ​ឆ្ពោះទៅ​ស៊ី​ហ្គេម​២០២៣»​នឹង​ទៅ​ជួប​សម្ភាស​ជាមួយ​ព្រឹទ្ធាចារ្យ និង​គ្រូ​គុន​មួយចំនួន​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​គុន​ល្បុក្កតោ​។ ការសម្ភាស​នេះ គឺ​ដើម្បី​ចងក្រង​ជា​ឯកសារ​សម្រាប់​ត្រៀម​ចាក់ផ្សាយ​អបអរ​ក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការចុះបញ្ជី​គុន​ល្បុក្កតោ​ជា​សម្បត្តិ​បេតិកភណ្ឌ​អូរ​បី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ ដែល​គ្រោង​ធ្វើឡើង​នៅ​ចុងឆ្នាំ​២០១៩ ខាងមុខនេះ​។​
 
​បើតាម​លោក អ៊ួ តារា បេសកកម្ម​«​ល្បុក្កតោ​ឆ្ពោះទៅ​ស៊ី​ហ្គេម​២០២៣»​ដំណាក់កាល​ទី​១ នឹង​ចុះទៅ​កាន់​ខេត្ត​ចំនួន​១២​រួមមាន​តាកែវ កំពត កណ្តាល កំពង់ស្ពឺ សៀមរាប ពោធិ៍សាត់ បាត់ដំបង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ស្វាយរៀង និង​ឧ​ត្ត​រ​មានជ័យ​។ ការចុះ​ទៅកាន់​ខេត្ត​ទាំង​នេះដែរ បេសកកម្ម​នេះ គ្រោង​ធ្វើជា​៦​ដំណាក់កាល​ដោយ​ទី​១​ចុះទៅ​កាន់​ខេត្តតាកែវ និង​កំពត ទី​២.​កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ទី​៣.​កំពង់ធំ សៀមរាប ឧ​ត្ត​រ​មានជ័យ ទី​៤.​កំពង់ចាម ស្វាយរៀង ទី​៥. កណ្តាល និង​ទី​៦​កំពង់ស្ពឺ​។ 
 
​គួរ​បញ្ជាក់ថា បេសកកម្ម​«​ល្បុក្កតោ​ឆ្ពោះទៅ​ស៊ី​ហ្គេម​២០២៣»​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​ពីក្រុមហ៊ុន​សន្តិ​សុខលី​ប្រា ដែលមាន​​លោក ហេង ម៉េង​ហូ ជា​អគ្គនាយក​ ហើយលោកក៏​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ ផងដែរ​៕  


  

Tag:
 គុន​ល្បុក្កតោ​
  លី​ប្រា​
  អ៊ួ តារា
© រក្សាសិទ្ធិដោយ thmeythmey.com