ជាតិ
ការនេសាទអំណោយផល សូមរួសរាន់ទិញត្រីក្នុងខែបុស្សដើម្បីធ្វើប្រហុក ផ្អក ត្រីឆ្អើរ!
× បន្ទាប់ពីតាមដានលើស្ថានភាពទឹកក្នុងបឹងទន្លេសាបរួចមក រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងបន្ថែម ទាក់ទងនឹងផលអនុគ្រោះក្នុងការនេសាទត្រី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ។
លោក អេង ជាសាន ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី៨ ខែមករា ថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល អាចនេសាទត្រីបានច្រើនម្ដងទៀតក្នុងខែបុស្សនេះ គឺចាប់ពីថ្ងៃ៦កើត ដល់ថ្ងៃទី១២កើត ត្រូវនឹងថ្ងៃទី១១ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ប្រសិនបើផ្ទៃមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទិ្ធពលព្យុះ។
«បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ទុកសម្រាប់បរិភោគ សូមអញ្ជើញមកទិញត្រីក្នុងខែបុស្សនេះទៀតឲ្យបានរួសរាន់»។ នេះជាការអំពាវនាវរបស់ប្រធានរដ្ឋបាលជលផល។
រដ្ឋបាលជលផលក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជួយបង្កលក្ខណៈងាយស្រួលជូនដល់ប្រពលរដ្ឋបានធ្វើដំណើរទៅមក ស្នាក់នៅនិងដឹកជញ្ជូនផលិតផលត្រី កុំឲ្យមានការរាំងស្ទះ៕
Tag:
នេសាទ
ប្រហុក
ផ្អក
ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com