កីឡាការិនីខ្មែរ-អាមេរិក ឯម សុវណ្ណារី យកបានជោគជ័យធំមួយសម្រាប់អបអរឆ្លងឆ្នាំ២០១៨ ប៉ុន្តែនៅឆ្នាំនេះវិញនាងនឹងបន្តកសាងសមិទ្ធផលដ៏អស្ចារ្យថែមទៀតក្នុងវិស័យកីឡាវាយក្នុងទ្រុង MMA នេះ។
កីឡាការិនីគុនចម្រុះវ័យ ២៦ឆ្នាំរូបនេះ បានប៉ះអ្នកប្រដាល់ស្រីជើងចាស់ជនជាតិអ៊ុយក្រែននាង Iryna Kyselova កាលពីព្រឹត្តិការណ៍នាទីក្រុងកូឡាឡាំពួ ONE: DESTINY OF CHAMPIONS ដោយបានផ្តួលភាគីដោយប្រើរយៈពេលមិនដល់ ៨១ វិនាទីផង ពេលនោះហើយដែលអាជីពរបស់នាងចាប់ផ្តើមមានសន្ទុះឡើងនៅស្ថាប័នប្រដាល់ ONE Championship។
ការបង្ហាញសមត្ថភាពដ៏ប៉ិនប្រសព្វរបស់នាងក្រោមដំបូលពិភពក្បាច់គុន សុវណ្ណារី ដែលមានទីលំនៅឯរដ្ឋកាលីហ្វ័រនីញ៉ា បានជំរុញស្មារតីខ្លួនមិនឲ្យចុះញ៉មឡើយ ព្រោះគ្រប់ការប្រកួតទាំងអស់របស់នាង នាងបានផ្តួលដៃគូឲ្យចាញ់មុនចប់ទឹកទាំងអស់។
បន្ទាប់ពីត្រលប់មកពីវិសម្សកាលវិញ នាងទន្ទឹងចាំការចាប់ផ្តើមដើម្បីត្រៀមហ្វឹកហាត់ឲ្យកាន់តែខ្លាំង។
សុវណ្ណារី រៀបរាប់ពីវិស្សមកាលខ្លួនថា៖ «ខ្ញុំទើបមកពីលេងភ្នំ អ៊ីចឹងខ្ញុំចង់ឆាប់បានមកហាត់វិញឲ្យពេញម៉ោងតែម្តង។ ខ្ញុំបានសម្រាកពេញលេញ...មានអារម្មណ៍ធូស្រាលពីស្ត្រេស»។
ថ្វីបើនាងតែងតែប្រាប់គេថា នាងជាមនុស្សខ្មាសអៀនច្រើនមែន ប៉ុន្តែឃើញថាពេលនាងបង្ហាញខ្លួនដើរសំដៅទៅសង្វៀនធំជាងគេលើពិភពលោកជាលើកដំបូង នាងដូចជាមិនបញ្ចេញភាពភ័យខ្លាច ឬអៀនច្រើនអ្វីសោះ។
ដោយមានជំនួយពីគ្រូបង្វឹកផ្ទាល់របស់នាងគឺលោក Justen Hamilton ពីរនាក់គ្រូនិងសិស្ស បានត្រៀមស្នៀតប្រយុទ្ធបំប៉នក្បាច់វាយឈរ និងក្បាច់ចាប់ក្រោមរបស់នាង បានល្អឥតខ្ចោះ ហើយជាលទ្ធផលឃើញថានាងបានផ្តួលខាងកីឡាការិនីអ៊ុយក្រែនបានទាំងមិនមានរបួសអ្វីទាំងអស់។
នាងប្រាប់ថា៖ «ដំបូងឡើយពួកខ្ញុំគិតថាយ៉ាងឆាប់បំផុតគឺខែមេសាដែលយើងអាចបានគូប្រកួតមួួយ។ តែស្តាប់មើលទៅ ប្រហែល ONE អាចរៀបចំឲ្យវាយក្នុងខែកុម្ភះនេះឯង។ ខ្ញុំអត់មានត្រូវរបួសអីទេកាលពីប្រកួតលើកមុន អីចឹងខែកុម្ភះគឺល្អតែម្តង»។
ONE Championship បានប្រកាសជាផ្លូវការថានឹងមានព្រឹត្តិការណ៍ធំៗសរុបចំនួន ៤៥ ព្រឹត្តិការណ៍លក្នុងឆ្នាំ ២០១៩ ដែលនឹងប្រារព្ធនៅលើទឹកដីថ្មីៗដូចជាប្រទេសជប៉ុន និងកូរ៉េខាងត្បូងជាដើម។
តែគួរឲ្យសោកស្តាយ សង្វៀនធំៗទាំងនោះមិនមានធ្វើនៅកម្ពុជាឡើយឆ្នាំ ២០១៩នេះ មិនដូចអ្វីដែល សុវណ្ណារីរំពឹងទុកឡើយ តែយ៉ាងណាកីឡាករខ្មែរ-អាមេរិករូបនេះ ក៏នៅតែរំភើបចិត្តដើម្បីបានឡើងប្រកួតតាមប្រទេសដ៏ទៃដូចគ្នា។
សុវណ្ណារី ប្រាប់៖ «ខ្ញុំចង់ឃើញប្រទេសហ្វីលីពីន និងប្រទេសសិង្ហបុរី ។ មានប្រទេសច្រើន ខ្ញុំគិតថាគ្រប់កន្លែងសុទ្ធតែពិសេសទាំងអស់»។
ទោះបីជា ONE Championship មិនបានរៀបចំសង្វៀននៅព្រះរាជាណាចក្រកម្ពុជាក៏ដោយ សុវណ្ណារី នៅតែប៉ុនប៉ងថាមកលេងទឹកដីដូនតា និងស្គាល់បន្ថែមពីរឹសគល់របស់ខ្លួនឲ្យបាន។
សព្វថ្ងៃពុំទាន់មានដំណឹងថាត្រូវប្រកួតពេលណានោះទេ ប៉ុន្តែកីឡាការិនីប្រភេទទម្ងន់ស្រាល រូបនេះនៅតែខិតខំបន្តហ្វឹកហាត់ ហើយស្វែងរកឱកាសមកលេងកម្ពុជា ហើយបើបានមកមែនគឺនឹងហាត់ជាមួយជើងខ្លាំងកម្ពុជា ចាន់ រតនា ព្រមទាំងគ្រូបង្វឹកផ្ទាល់ Lorenzo Lanzafame
តែម្តង។
«ពួកគាត់រួសរាយរាក់ទាក់មែនទែន កាលទៅប្រកួតនៅម៉ាឡេស៊ី យើងស្គាល់មិត្តភក្តិច្រើនដូចជា Lorenzo និង រតនា ជាដើម»។
សម្រាប់ឆ្នាំ២០១៩ សុវណ្ណារី សង្ឃឹមថាអាចប្រកួតបានច្រើនដងជាងមុនដើម្បីលើកទង់ជាតិប្រទេសកម្ពុជា ក៏ដូចជាកសាងកេរ្តិ៍ឈ្មោះខ្លួនឯងមួយកំរិតទៀតលើសង្វៀនក្បាច់គុនអន្តរជាតិពិភពលោកនេះ។
«តាមចិត្តខ្ញុំ ខ្ញុំចង់ប្រកួតយ៉ាងតិចឲ្យបាន ៣ដង តែចាំមើលសិនថា ONE អាចរៀបចំបានប៉ុន្មានឲ្យខ្ញុំ»៕
អត្ថបទ៖ Matias Andres