ជាតិ
អ្នកស្រាវជ្រាវ​ថា ការតុបតែង​ព្រះ​ភក្ត្រ​បដិមា​នៅ​ប្រាសាទ​មិនមែនជា​រឿង​ចម្លែក​ទេ​
11, Jan 2019 , 11:15 am        
រូបភាព
រូបភាព៖ ហ្វេសប៊ុក Thorn Theara
រូបភាព៖ ហ្វេសប៊ុក Thorn Theara
​សៀមរាប​៖ នៅពេល​ថ្មីៗ​នេះ មានការ​ភ្ញាក់ផ្អើល រួម​និង​ការរិះគន់​ខ្លះៗ ទៅនឹង​រូប​ព្រះ​ភក្ត្រ​បដិមា​មួយអង្គ​នៅ​ប្រាសាទបាយ័ន ដែល​ត្រូវបាន​គេ​តុបតែង​ខុសពី​ទម្រង់​ដើម​។ សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ​យល់ថា ហេតុការណ៍​នេះ​មិនមែនជា​រឿង​ចម្លែក​ទេ ផ្ទុយទៅវិញ​គួរតែ​គាំទ្រ និង​លើកទឹកចិត្ត ដ្បិតថា​បានបង្ហាញ​ពី​ទំនៀម​ប្រពៃណី​បុរាណ​ខ្មែរ ដែលមាន​មិន​ដាច់​ត​មកដល់​បច្ចុប្បន្ន​នេះ​។

 
​ក្រោយ​លេចចេញ​រូបភាព​ព្រះ​បដិមា​មួយអង្គ ដែល​ត្រូវគេ​តុបតែង​ព្រះ​ភក្ត្រ​នោះមក មហាជន​មួយចំនួន​បាន​រិះគន់​ចំពោះ​ទង្វើ​អ្នកប្រព្រឹត្តិ ខ្លះទៀត​ក៏បាន​រិះគន់​ដល់​ការគ្រប់គ្រង​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​ផងដែរ​។ យ៉ាងណា អ្នកសិក្សា​ស្រាវជ្រាវ​ដែល​យល់ច្បាស់​ពី​បញ្ហា​នេះ ចាត់ទុកថា​ជា​រឿង​ធម្មតា ដែល​តែង​កើតចេញពី​អ្នកមាន​ជំនឿ​ជាប់​ពី​បុរាណ​មក​។ 
 
​លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្ដរជាតិ ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា រូប​បដិមា​នៅ​ប្រាសាទបាយ័ន​ដែល​ត្រូវគេ​តុបតែង​នោះ មិនមែនជា​រឿង​ចម្លែក​ទេ ផ្ទុយទៅវិញ​គួរតែ ត្រេកអរ ដ្បិត​វា​ជា​កិច្ច​ពិធី​សាសនា​ដែល​បន្ត​ពី​បុរាណ​មក​។ លោក​បន្ថែមថា ទង្វើ​នេះ​បង្ហាញ​ពី​តម្លៃ​នៃ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ដែល​ត្រូវបាន​អ្នកភូមិ​គោរព​មិន​ដាច់ ទោះ​ស្ថិតក្នុង​ទម្រង់​ប្រតិបត្តិ​របៀប​ផ្សេង តែ​បានចាត់ទុក​ព្រះអង្គ​នោះ​ជា​មនុស្ស​ដែលមាន​ព្រលឹង មិនមែនជា​ដុំថ្ម​។​
 
​តាម​ការពន្យល់​របស់​លោក អ៊ឹម សុខ​រិទ្ធី បដិមា​ដែល​តម្កល់​នៅតាម​ប្រាសាទ តាម​ព្រះវិហារ និង​ទី​សក្ការបូជា​ផ្សេងៗ គឺ​សុទ្ធ​តែមាន​វិញ្ញាណ ដែល​ចាត់ទុក​ដូច​មនុស្ស​មួយរូប​ដែរ ត្រូវការ​អាហារ ងូតទឹក តុបតែង​ខ្លួន មាន​គ្រឿងអលង្ការ និង​សំលៀកបំពាក់​-​ល​- គឺ​ផ្សេង​ពី​រូប​បដិមា​ដែល​តម្កល់​នៅ​សារមន្ទីរ​។ លោក​បន្តថា កិច្ច​ពិធី​ដូចគ្នានេះ​ក៏​នៅ​បន្ត​ធ្វើតាម​ប្រទេស​មួយចំនួន ដូចជា​ឥណ្ឌា ដែល​ព្រះ​បដិមា​នៅតាម​ប្រាសាទ​ផ្សេងៗ ត្រូវបាន​គេ​ចាត់ទុក​ដូច​ព្រះសង្ឃ​មួយអង្គ​យ៉ាង​ដូច្នោះ​ដែរ​។​
 
​ផ្ទុយ​ពី​ការរិះគន់​ខាង សម្រាប់​អ្នកស្រាវជ្រាវ​បាន​មើលឃើញ​ទង្វើ​ដែល​តុបតែង​ព្រះ​ភក្ត្រ​បដិមា​ខាងលើ ជា​សញ្ញា​ល្អ​ទៅវិញ ព្រោះ​វា​បង្ហាញថា អរិយធម៌​ខ្មែរ​បុរាណ​មិនទាន់​ស្លាប់​នៅឡើយ​។ លោក អ៊ឹម សុខ​រិទ្ធី​ពន្យល់ថា​៖« បើ​យើង​ប្រកាន់​ដូច​អ្នកចេះដឹង​បច្ចុប្បន្ននេះ​ខ្លះ ដូច​យើង​កំពុង​សម្លាប់​ទំនៀម​ប្រពៃណី​ខ្លួនឯង​ដូច្នោះ​ដែរ យើង​គួរ​លើកទឹកចិត្ត វា​ជា​ការល្អ មិនមែនជា​រឿង​អាក្រក់​ទេ កុំ​ឱ្យតែ​អង្គុយ​ពីលើ ឬ​ធ្វើ​លើសពីនេះ​»​។ លោក​បន្ថែមថា បេតិកភណ្ឌ​អង្គរ​ជា​បេតិកភណ្ឌ​រស់ មិនមែនជា​បេតិកភណ្ឌ​ស្លាប់​ដូច​កន្លែង​ផ្សេង​ដែល​គ្រាន់តែ​ថតរូប​តែប៉ុណ្ណោះ​ទេ តែ​អង្គ​រទាំង​ប្រាសាទ និង​ព្រះ​បដិមា នៅមាន​ព្រលឹង ហើយ​នៅមាន​អ្នកភូមិ​គោរពបូជា និង​បន់ស្រន់​រាល់​ពិធី​ផ្សេងៗ​។​
 
​ឧទាហរណ៍​ជាក់ស្ដែង​ដែល​អង្គរ​ជា​បេតិកភណ្ឌ​រស់​ទៀត​នោះ គឺ​ថ្នាក់ដឹកនាំ​តូច ធំ មាន​ព្រះមហាក្សត្រ និង​នាយករដ្ឋមន្ត្រី សុទ្ធតែ​បានរៀបចំ​ពិធី​សាសនា បួងសួង នៅ​តំបន់​នេះ ដែល​កាន់តែ​បង្ហាញថា ព្រះ​មានព្រលឹង និង​នៅតែ​ថែរក្សា​មនុស្សលោក​ជានិច្ច​។ នេះ​ជា​បញ្ជាក់បន្ថែម​របស់លោក អ៊ឹម សុខ​រិទ្ធី មុននឹង​លើក​ពី​រូបសំណាក់​យាយ​ទេព និង​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដែល​រៀងរាល់ថ្ងៃ​មាន​មនុស្ស​រាប់រយ​នាក់​គោរពបូជា និង​ចូលទៅ​អង្អែល បំណង​សុំ​សេចក្ដីសុខ​តាម​បំណងប្រាថ្នា​រៀងៗ​ខ្លួន​៕

© រក្សាសិទ្ធិដោយ thmeythmey.com