នៅក្នុងរូបភាពខាងលើនេះ គឺជាឧបករណ៍នេសាទ «លបណរ៉ាវ» ខ្នាតតូចជាលក្ខណៈគ្រួសារ រាប់សិបមាត់ ត្រូវបានប្រជានេសាទ ដាក់ដើម្បីរង់ចាំនេសាទត្រី ដែលនឹងធ្វើចរាចរចេញពីបឹងទន្លេសាប ស្ថិតក្នុងភូមិបាក់ភ្នំ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ចំណែកឯចំណុចសតូចៗ យ៉ាងច្រើនស្អេកស្អះពេញផ្ទៃទន្លេសាប ប្រៀបដូចនឹងសំរាមអណ្តែតទឹកនោះ គឺជាឧបករណ៍នេសាទម្យ៉ាង ដែលទើបនឹងចូលមកក្នុងប្រទេសកម្ពុជា ដែលប្រជានេសាទនិយមហៅថា៖ «លបម៉ាឡេ ឬលបប្រើសមួយរយ»។
នៅតាមបណ្តោយដងទន្លេសាប ពិសេស ចាប់ពីខាងជើងស្ពានជ្រោយចង្វារ ដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង គេឃើញសកម្មភាពយ៉ាងមមាញឹករបស់ប្រជានេសាទ ដែលកំពុងដាក់ឧបករណ៍នេសាទគ្រប់ប្រភេទ ដើម្បីនេសាទត្រី។
ទន្លេសាប មានប្រវែង ១២០គីឡូម៉ែត្រ គឺជាទន្លេដែលតភ្ជាប់ទន្លេមេគង្គ និងបឹងទន្លេសាប។ ក្នុងអំឡុងពេលរដូវមូសុងវស្សា ចាប់ពីខែ កក្កដា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ទឹកទន្លេមេគង្គចាប់ផ្តើមឡើង ទឹកក៏ហូរចូលក្នុងទន្លេសាប និងបន្តហូរចូលទៅក្នុងបឹងទន្លេសាបទៀត។
នៅពេលដែលភ្លៀងមូសុងវស្សាថយចុះក្នុងវិច្ឆិកា ទឹកទន្លេមេគង្គក៏ស្រកចុះ ទឹកបឹងទន្លេសាប ក៏ហូរត្រឡប់ចេញមក ដោយឆ្លងកាត់ទន្លេសាប ចូលក្នុងទៅទន្លេមេគង្គវិញដែរ។ ក្នុងនោះ ហ្វូងមច្ឆជាតិដ៏ច្រើនឥតគណនា ក៏បានធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាប ត្រឡប់ចូលទៅក្នុងទន្លេមេគង្គវិញផងដែរ។
លោកបណ្ឌិត ហ្សេប ហូហ្គេន ជាសមាជិក និងជាអ្នករៀបចំកម្មវិធីទូរទស្សន៍ភូមិសាស្ត្រជាតិ (National Geographic) ព្រមទាំងជាអ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) មានប្រសាសន៍ថា៖ «ទន្លេសាប គឺជាទីតាំងធ្វើចរាចរផ្លាស់ទីរបស់មច្ឆជាតិដ៏ធំបំផុតក្នុងលោក។ ការធ្វើចរាចរផ្លាស់ទីនេះ គឺជាការធ្វើចរាចរផ្លាស់ទីដ៏ធំ ដែលមានចំនួនមច្ឆជាតិចូលរួមដ៏ច្រើនបំផុត ដែលបានកើតមានឡើងនៅបាតទន្លេសាប តែយើងមិនអាចមើលឃើញ។ នៅក្នុងនោះ ត្រីរាប់ពាន់ លានក្បាល ក៏បានធ្វើចរាចរផ្លាស់ទីចេញមកដែរ ដែលជាការផ្លាស់ទីដ៏ធំអស្ចារ្យបំផុតមួយ មិនគួរឲ្យជឿនៅលើភពផែនដីនេះ។ វាគឺជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យដែលមនុស្សភាគច្រើនមិនដែលបានដឹង និងមិនដែលបានឮអំពីវា»។
ប្រជានេសាទកំពុងលើក «លបម៉ាឡេ ឬលបប្រើសមួយរយ» នៅក្នុងទន្លេសាប។ រូបភាពៈ ឈុត ឈាណា /អច្ឆរិយភាពនៃទន្លេមេគង្គ
ឆ្លៀតក្នុងឳកាសដ៏អស្ចារ្យនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងបន្ថែមរបស់ខ្លួន ចុះថ្ងៃ៣កើត ខែ បុស្ស ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៩ ស្តីអំពីរដូវធ្វើប្រហុក ផ្អក។
បើយើងតាមសេចក្តីជួនដំណឹងបន្ថែមនោះ បានឲ្យដឹងថា គន្លងដាយ ដែលជាឧបករណ៍នេសាទខ្នាតធំ នៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល អាចនេសាទត្រីបានច្រើនបន្តទៀត ក្នុងខែតបុស្ស គឺចាប់ថ្ងៃ៦កើត ដល់ថ្ងៃ ១២ កើត ខែបុស្ស ត្រូវនឹងថ្ងៃទី១១ រហូតដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩ នេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងនូវឥទ្ធិពលព្យុះណាមួយទេ។
ប្រជាពលរដ្ឋក្នុងភូមិប្រាំបីឆោម ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល កំពុងកាត់ក្បាលត្រីធ្វើត្រីឆ្អើរ។ រូបភាព៖ ឈុត ឈាណា/អច្ឆរិយភាពនៃទន្លេមេគង្គ
ក្នុងនោះផងដែរ រដ្ឋបាលជលផល សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ទុកសម្រាប់បរិភោគ សូមអញ្ជើញមកទិញត្រីក្នុងខែបុស្សនេះទៀតឲ្យបានរួសរាន់។ មិនតែប៉ុណ្ណោះ រដ្ឋបាលជលផល ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយបង្កលក្ខណៈងាយស្រួលជូនដល់ប្រពលរដ្ឋបានធ្វើដំណើរទៅមក ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី កុំឲ្យមានការរាំងស្ទះ៕