អន្តរជាតិ
ឥណ្ឌូណេស៊ី​៖ ភ្ញៀវ​គ្មាន​អី្វ​ហូប​សោះ​ក្នុង​មង្គលការ​មួយ​ព្រោះ​អ្នករៀបចំ​សេវាកម្ម​រត់គេចខ្លួន​
11, Jan 2019 , 8:39 pm        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ: ធីតា
​ពិធី​អាពាហ៍ពិពាហ៍​មួយ​នៅ​ក្រុង Palembang នៃ​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងត្បូង ក្នុងប្រទេស​ឥណ្ឌូណេស៊ី ទទួលបាន​នូវ​មេរៀន​ដ៏​សែន​ខកចិត្ត​បំផុត​។ យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន Coconuts Jakarta ក្រុមហ៊ុន​ដែល​ទ​ទូល​បន្ទុក​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ទាំងមូល បាន​ស៊ីដាច់​លុយ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ចូលរួម​ប្រមាណ​១០០០​នាក់ គ្មាន​ម្ហូបអាហារ​បរិភោគ​។​

 
​ម្ចាស់​ក្រុមហ៊ុន​ទទួល​សេវាកម្ម​រៀបចំ​អាពាហ៍ពិពាហ៍​មួយ​នៅ​ឥណ្ឌូណេស៊ី បានគេច​ពី​ទំនួល​ខុសត្រូវ​ខ្លួន ជាមួយ​លុយ​ដ៏​ច្រើន​របស់​ក្រុមគ្រួសារ​កូន​ក​ម្លោះ​-​កូនក្រមុំ​។ តាម​ការចរចា ក្រុមហ៊ុន​រ៉ាប់រង​ទាំងអស់​ក្នុង​កម្មវិធី ដែល​ក្នុងនោះ​មានដូចជា ម្ហូបអាហារ ការថតរូប ការជួល​សម្លៀកបំពាក់ និង​សេវ​កម្ម​ផ្សេងៗ​។​
 
​ម្ចាស់​ក្រុមហ៊ុន​ដែលមាន​ឈ្មោះ​កាត់​ថា RIY បាន​ទៅផ្ទះ​រៀប​អាពាហ៍ពិពាហ៍​នៅ​ម៉ោង​៩​ព្រឹក បន្ទាប់មក ស្ត្រី​នោះបាន​សុំ​សា​ម៉ី​ដើមការ ដើម្បី​ចេញ​ទៅយក​សម្លៀកបំពាក់​។ សមាជិកគ្រួសារ​ម្នាក់ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន Kompas ថា ដោយ​មិនឃើញ​អ្នករៀបចំ​នោះ​ត្រឡប់មកវិញ កូន​ក​ម្លោះ​-​កូនក្រមុំ បាន​ទាក់ទង​សួរ ព្រោះ​បារម្ភ​ខ្លាំង​បំផុត គឺ​ម្ហូបអាហារ​សម្រាប់​ភ្ញៀវ​។​
 
«​ពេល​ទូរ​សព្ទ​សួរ អ្នករៀបចំ​រូបនោះ បាន​អះអាងថា ក្រុមការងារ​ខ្លួន​បាន​ចំអិន ដាំ​ស្លរ​ម្ហូបអាហារ​រួចរាល់​ហើយ ហើយ​ខ្លួន​កំពុងធ្វើដំណើរ​ទៅ​កន្លែង​រៀប​ពិធី​។ ប៉ុន្តែ​ក្រោយមក គេ​ទាក់ទង​ទៅ​លែង​បាន​ទៅវិញ​»​។ នេះ​ជាការ​រៀបរាប់​របស់​ស​មា​ជិ​ក​ក្រុមគ្រួសារ​សា​ម៉ី​ដើមការ​ម្នាក់​។​
 
​កូនក្រមុំ បាន​អះអាងថា ខ្លួន​ជួល​សេវាកម្ម​របស់ RIY តាមរយៈ​ការណែនាំ​ពី​មិត្តភក្តិ​ម្នាក់​។ ពេលនោះ RIY បាន​អះអាងថា ខ្លួន​អាច​រ៉ាប់រង​បាន​គ្រប់​សេវាកម្ម​ទាំងអស់ ដែល​ធ្វើ​ឲ្យ​កូន​ក​ម្លោះ កូន​ក្រុ​មុំ ធូរចិត្ត និង​ជឿជាក់ ជាពិសេស​នោះ អ្នករៀបចំ​រូបនេះ ថា ខ្លួន​ក៏​រស់នៅ Palembang ផងដែរ​។​
 
​ដោយ​មិនបាន​បញ្ជាក់​ពី​ចំនួន សា​ម៉ី​ដើមការ​បាន​លើកឡើងថា ខ្លួន​បាន​បង់លុយ​មួយ​ភាគ​ធំ​ទៅ​ឲ្យ RIY ហើយ​បង់​ឲ្យ​គ្រប់ ក្រោយ​ពិធី​ចប់​។ ជិត​ផ្តើម​កម្មវិធី​ទៅហើយ គេ​មិនឃើញ​អាហារ​មុខ​សោះ ហើយ​ភ្ញៀវ​ខ្លះ​ដែល​ចូលទៅ​មុន បាន​ត្អូញត្អែរថា​ពួកគេ​ហេវ​ខ្លាំង​។ 
 
​ដោយសារ​បាត់​ទំនាក់ទំនង​ឈឹង ក្រុមគ្រួសារ​កូន​ក​ម្លោះ​-​ក្រមុំ ដាច់ចិត្ត​សាកសួរ​ហាង​ដែល​នៅក្បែរនោះ ដើម្បី​កុម្ម៉ង់​ម្ហូបអាហារ ប៉ុន្តែ​គ្មាន​ភោជនីយដ្ឋាន​ណា​អាចឆ្លើយតប​បានឡើយ ចំពោះ​ការរៀបចំ​ម្ហូបអាហារ​សម្រាប់​ភ្ញៀវ​១០០០​នាក់​ទាំង​តក់ក្រហល់​។​
 
Coconuts Jakarta មិនបាន​បញ្ជាក់ថា កម្មវិធី​នឹង​ទៅជា​យ៉ាងណា​នោះឡើយ ប៉ុន្តែ​ក្រុមគ្រួសារ​ម្ចាស់​កម្មវិធី បានដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលិស​មូលដ្ឋាន​ឲ្យ​ស្វែងរក RIY រួចរាល់​ហើយ​។ នេះ​ជា​ករណី​លើកដំបូង​ដែល​អ្នក​រៀប​ការរង​នូវ​ការខកចិត្ត​នៅ​ចំ​ថ្ងៃ​រៀប​ពិធី ប៉ុន្តែ​ការចាញ់បោក​អ្នករៀបចំ​សេវាកម្ម​មិនមែនជា​រឿង​ថ្មី​នោះឡើយ​នៅ​ឥណ្ឌូណេស៊ី​។ កាលពី​ឆ្នាំ​២០១៨ គូស្រករ​៥៨​គូ​បាន​ចាញ់បោក​អ្នករៀបចំ​កម្មវិធី (Wedding Organizer) ក្លែងក្លាយ ដោយ​លង់ខ្លួន​បង់លុយ​ឲ្យ​ជន​ទាំងនោះ​មុន​៕
 

Tag:
 ​ឥណ្ឌូណេស៊ី​
  អាពាហ៍ពិពាហ៍​
© រក្សាសិទ្ធិដោយ thmeythmey.com