ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា បន្ថែម​ការហ្វឹកហាត់​អំឡុងពេល​លំហែកាយ​ដោយ​សង្ឃឹម ONE Championship ហៅ​ទៅ​វាយ​នៅ​តូ​ក្យូ​
11, Jan 2019 , 8:59 pm        
រូបភាព
ចាន់ រតនា រួមទាំងប្រពន្ធនិងកូនអំឡុងពេលលំហែកាយ
ចាន់ រតនា រួមទាំងប្រពន្ធនិងកូនអំឡុងពេលលំហែកាយ
ដោយ: ថ្មីៗ
​អ្នកណាៗ​ក៏ត្រូវ​ការសម្រាកលំហែកាយ​ពី​ការងារ ឬ​របរ​រកស៊ី​ប្រចាំថ្ងៃ តួយ៉ាង​ដូចជា​កីឡាករ​ជើងចាស់​របស់ ONE Championship ចាន់ រតនា​ដែរ​។ ប៉ុន្តែ​ខ្លា​ចាស់​របស់​កម្ពុជា​រូបនេះ​ឆ្លៀតពេល​លំហែកាយ​រយៈពេល​ខ្លី​ប៉ុ​ណ្នោះ រូ​ចប​ន្ត​ការហ្វឹកហាត់​បន្ថែម​ដោយ​សង្ឃឹមថានឹង​បាន​ទៅ​ប​ង្វា​ញ​មុខ​នៅ​សង្វៀន ONE Championship នាទី​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​សម្រាប់​ឆ្នាំ​២០១៩​នេះ​។​

 
​កាលពី​ខែធ្នូ ឆ្នាំ​២០១៨ កន្លងទៅ ចាន់ រតនា បានបង្ហាញ​ខ្លួន​ម្តងទៀត​នៅលើ​សង្វៀន​ក្បាច់គុន​ធំជាងគេ​ក្នុង​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS បន្ទាប់ពី​បាត់​មុខ​ប្រហែល​ជាង​មួយឆ្នាំ​កន្លះ​មក​។ 


 
​ក្នុងការ​បង្ហាញខ្លួន​នៅ​សង្វៀន​ដ៏​ធំ​នាទី​ក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ជាមួយ​ចក្ខុ​ទស្សនិកជន​ដ៏​ច្រើន ចាន់ រតនា កីឡាករ​ទម្ងន់ ៦១​គីឡូក្រាម​បាន​សាង​ប្រវត្តិសាស្ត្រ​ដោយ​យកបាន​ជ័យជម្នះ​ដ៏​មិនគួរ​ឲ្យ​ជឿ​លើក​ខ្លា​ចាស់​មិន​ធ្លាប់​ចាញ់​របស់​ឥណ្ឌូណេស៊ី Abro Fernandes​។ 
 
​គូប្រយុទ្ធ​ទម្ងន់ ៦១​គីឡូក្រាម​នេះ សម្តែង​ស្នៀតគុន​ដែល​ពួកគេ​បាន​ត្រៀម​បំបាក់​គ្នា​រៀងៗ​ខ្លួន​។ 
 
​រតនា ពន្យល់ថា​៖ «​ខ្ញុំ​ដឹង​គេ​ល្អ គេ​វាយ​៧​ដង​អត់​ដែល​ចាញ់ ហើយ​គេ​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រចាំ​ទូរ​ស្សន៍​នៅ​ប្រទេស​គាត់​ឥណ្ឌូណេស៊ី​ទៀត​។ ប៉ុន្តែ​យ៉ាងណា ខ្ញុំ​អត់​បារម្ភ​អី​ទេ​!​។ ខ្ញុំ​បារម្ភ​តែមួយ​ទេ​គឺ​កម្លាំង​របស់គេ និង​ទម្ងន់ដៃ​ទម្ងន់​ជើង​។ តែ​បន្ទាប់ពី​តេស​ទឹក​ទី​១ ខ្ញុំ​ដឹង​ពី​កម្លាំង​របស់គេ ដល់​អ៊ីចឹង​ខ្ញុំ​អត់​មានអី​បារម្ភ ខ្ញុំ​សប្បាយ​ចិត្តនឹង​ការប្រកួត​!»​។ 
 
 
​មួយគូ​នេះ ប្រកួត​គ្នា​ឡើយ​ជិត​អស់ខ្យល់​រាងខ្លួន បើ​មើលទៅ​យ៉ាងយូរ​ទឹក​ទី​២ គឺ​ដឹង​ចាញ់ឈ្នះ​ទៅហើយ​។ 
 
​ក្នុង​ទឹក​នោះ​ឃើញថា រតនា ព្យាយាម​ដោះខ្លួន​ពី​ការចាប់​កៀប​ក្លេរ​របស់ Fernandes ជាច្រើន​ដង បន្ទាប់មក រតនា ប្រើប្រាស់​ក្បាច់​ដាល់​ចំៗ រហូត​រកបាន​ឱកាស​ពេល Fernandes អស់ខ្យល់​ខ្លាំង ក៏​បង្ហើយ​ដោយ​ប្រើ​ជង្គង់​មុត​ស្រួច​របស់ខ្លួន​។ ពេលនោះ​រតនា​បន្ត​សម្រុកចូល​បន្ថែ​មក​ណ្តា​ប់​ដៃ​ធ្ងន់ៗ​ទៀត រហូត​អាជ្ញាកណ្តាល​សម្រេច​បញ្ឈប់​ការប្រកួត​តែម្តង​។​
 
​ជ័យជម្នះ​របស់​ម្ចាស់​ក្លិប «​សិល្បៈ​» នា​ព្រឹត្តិការណ៍​ក្រុង​កូ​ឡា​ឡាំ​ពួ​នោះ​បានធ្វើ​ឲ្យ​មាន​ក្តីរំភើប​ភ្ញាក់ផ្អើល​យ៉ាង​សម្បើម ជាមួយ​កីឡាការិនី​ថ្មី​មួយរូប​ទៀត​គឺ ឯម សុ​វណ្ណា​រី ដែល​នាង​ក៏បាន​ផ្តួល​គូប្រកួត​យ៉ាង​ប៉ិនប្រសព្វ​ផងដែរ​។ 
 
​ថ្វីបើ​នោះ​ជា​រាត្រី​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ប្រដាល់​គុន​ខ្មែរ​មែន ប៉ុន្តែ​គាត់​បាន​សម្លឹងមើល​ពីអ្វី​ដែល​ត្រូវ​បន្តទៀត​រួចហើយ​។ 
 
​រតនា ប្រាប់ថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ដែរ ប៉ុន្តែ​ខ្ញុំ​ធ្លាប់មាន​អារម្មណ៍​ហ្នឹង​ច្រើនដង​ហើយ​។ ខ្ញុំ​ដឹងថា​ហ្នឹង​គ្រាន់តែ​ជា​ដំណើរការ​មួយ ព្រោះ​នៅមាន​ដំណើរ​ជាច្រើន​ទៀត​ដើម្បី​ឈានដល់​គោលដៅ​ខ្ញុំ​»​។ 
 
«​ខ្ញុំ​ដឹងថា​ហ្នឹង​ជា​ជោគជ័យ​ធំ​មួយ តែ​ខ្ញុំ​គិតថា​នៅមាន​ឆ្ងាយ​ទៀត​!»
 
​អ្វីដែល​សំខាន់ ទើបតែ​តស៊ូ​ជាមួយ Fernandes បាន​២២​ថ្ងៃ​សោះ គាត់​ឡើង​សង្វៀន​ម្តងទៀត តែ​លើក​ក្រោយនេះ​គឺ​ប្រកួត​គុន​ខ្មែរ នៅ​ចំពោះមុខ​ជនរួមជាតិ​នៅឯ​រាជធានី​ភ្នំពេញ​។ 
 
«​បក​មក​វាយ​គុន​ខ្មែរ​វា​ងាយស្រួល ព្រោះ​អី​បាន​ហាត់​ត្រៀម​វាយ​នៅ ONE អស់ពីរ​ខែ​ហើយ​។ បន្ទាប់មក ខ្ញុំ​សម្រាក​ពីរ​បី​ថ្ងៃ ហើយ​ហ្វឹកហាត់​ថែមទៀត​»​។ 
 
​ចាន់ រតនា បានឈ្នះ​ការប្រកួត​ម្តងទៀត នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៩ ខែធ្នូ​នោះ​ផងដែរ​។ ប្រកួត​រួច​រតនា​ក៏​សម្រេចចិត្ត​យក​ពេល​សម្រាក​លំហែកាយ​ម្តង​។ 
 
​គាត់​បាន​នាំ​ប្រពន្ធ​កូន​ទាំងពីរ ទៅលេង​កោះរុង ប៉ុន្តែ​សម្រាប់​គាត់​នៅតែ​មិន​ភ្លេច​ពី​ការហ្វឹកហាត់​ឡើយ​។ 
 
«​ខ្ញុំ​យក​ពេល​៤​ថ្ងៃ​នៅ​កោះរុង ប៉ុ​ណ្នឹ​ង​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ​ហើយ​!»


 
«​កត្តា​មួយទៀត​ខ្ញុំ​រំលឹក​ខ្លួនឯង​រហូត​ថា ខ្ញុំ​កាន់តែ​ចាស់​ហើយ ខ្ញុំ​មិនដឹងថា​អាច​បន្ត​វាយ​បាន ៣​ឬ​៤​ឆ្នាំ​ទៀត​ឬ​អត់​ទេ​។ អ៊ីចឹង​ខ្ញុំ​ត្រូវតែ​ក្តោប​ឱកាស​នេះ​ឲ្យ​បាន មិនត្រូវ​ទំលាក់ខ្លួន​បណ្តោយ​ឲ្យ​ពេលវេលា​ដើរចោល​នោះទេ​»​។​
 
​សព្វថ្ងៃ ចាន់ រតនា បន្ត​ហ្វឹកហាត់​យ៉ាងខ្លាំង​មិន​បណ្តោយ​ឲ្យ​ឡើង​គីឡូ​បន្តិច​ឡើយ​។ រូបគេ​ចង់បង្ហាញ​អ្នកគាំទ្រ និង​ស្ថាប័ន ONE Championship ឲ្យ​ដឹងថា គាត់​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ខាងមុខ​រួចជាស្រេច​។​
 
«​ការដែល​ខ្ញុំ​អាច​ប្រកួត​តំណាង​កម្ពុជា ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​! ខ្ញុំ​គិត​ចង់វាយ​នៅ​តូ​ក្យូ និង​ម៉ានីល ព្រោះ​ខ្ញុំ​មិនដែល​ទៅ​ជប៉ុន ខ្ញុំ​រីករាយ​នឹង​ប្រកួត​។ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ឲ្យ​តែ​គេ​ចាប់​គូ​ឲ្យ​វាយ​នរណា​ក៏​ខ្ញុំ​វាយ​ដែរ​។ 
 
«​ដោយសារ​ខ្ញុំ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា ដូច្នេះ​ខ្ញុំ​ធ្វើយ៉ាងណា​យកជ័យ​ជម្នះ​មក​ឲ្យ​ប្រទេស​ឲ្យ​បាន​!»៕
 
​អត្ថបទ​៖ Matias Andres
 

© រក្សាសិទ្ធិដោយ thmeythmey.com