ជាតិ
សង្គមជាតិ
​បច្ចេកវិទ្យា
ស្ថាប័ន​ជំនាញ​ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើ Wifi ដែល​គ្មាន​ប្រភព​ច្បាស់លាស់​
11, Jan 2019 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ បានចេញ​សារ​ណែនាំ​ឲ្យ​មហាជន​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើ Wifi សាធារណៈ ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ដែល​អាច​ប្រឈម​នឹង​ការ​លួច​ទិន្នន័យ ឯកសារ ឬ​ព័ត៌មាន​របស់​ប្រើប្រាស់​។

 
​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា យល់ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ប្រើប្រាស់ Wifi សាធារណៈ ស្ទើរតែ​គ្រប់ពេលវេលា ដូចជា​នៅតាម​ហាង​កាហ្វេ ភោជនីយដ្ឋាន ប្រ​លាន​យន្តហោះ និង​ទីសាធារណៈ​ជាច្រើន​ទៀត ដែល​ពលរដ្ឋ​ខ្មែរ​មិនបាន​គិតដល់​ថា ការប្រើប្រាស់​នេះ អាច​នឹង​នាំមក​នូវ​ហានិភ័យ​ផ្សេងៗ ដូចជា ការ​លួច​ព័ត៌មាន​ផ្ទាល់ខ្លួន​(​រូបភាព​,​វីដេអូ​) លេខ​សម្ងាត់​Password ផ្សេងៗ និង​ការ​ចែកចាយ​មេរោគ​(Virus Malware)​។ 
 
​ដើម្បី​ឲ្យ​ការប្រើប្រាស់  Wifi សាធារណៈ ប្រកបដោយ​សុវត្ថិភាព នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រាប់​ពលរដ្ឋ​ទាំងអស់​គួរតែ ភ្ជាប់ Wifi ណា​ដែលមាន​ប្រភព​ច្បាស់លាស់ ដើម្បី​ជៀសវាង​ការចូល​ក្នុង​គណនី​ផ្សេងៗ ដូចជា ធនាគារ iCloud, Email លេខ​សម្ងាត់​ហ្វេ​ស​ប៊ុ​ក និង​លួច​យក​ទិន្នន័យ​ក្នុង​កុំព្យូទ័រ ហើយ​បន្ទាប់ពី​ប្រើប្រាស់​រួច សូម​បិទ Wifi និង Network Sharing នៅលើ​កុំព្យូទ័រ​ក្នុងការ​ជៀសវាង​កុំព្យូទ័រ​ដទៃ​ប្រើប្រាស់​ដែរ​។ 
 
​ជាមួយគ្នា​ផងដែរ កាលពី​ឆ្នាំ​២០១៨ ក្រសួង​ទូរគមនាគមន៍ និង​ប្រៃសណីយ៍ បានរៀបចំ​ឧបករណ៍​បច្ចេកទេស Public Wifi ២​កន្លែង​នៅ​រាជធានី​ភ្នំពេញ ដែលមាន​ល្បឿន 1Gps (​មួយ​ហ្សី​ហ្គា​ប៊ីត​ក្នុង​មួយ​វិនាទី​)  រួមមាន នៅ​សួន​សម្តេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ក្នុងការ​ប្រើប្រាស់​អ៊ីនធឺណិត​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ឆ្នាំ​២០១៨ មាន​អ្នកប្រើប្រាស់​សេវា​អ៊ីនធឺណិត​ចល័ត​នៅ​កម្ពុជា មាន​ជាង​១៤​ម៉ឺន​នាក់​(១៤៧.៥៩៦​នាក់​) បើ​ធៀប​ជាមួយ​តួលេខ​ឆ្នាំ​២០១៧​មានការ​កើនឡើង​។ សម្រាប់​អ្នក​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​ប្រមាណ ៦,៨​លាន​គណនី​។ នេះ​បើតាម​របាយការណ៍​ដែល​បានចេញ​ផ្សាយ​ដោយ​និយ័ត​ទូរគមនាគមន៍​កម្ពុជា​៕ 
 

Tag:
 Wifi
© រក្សាសិទ្ធិដោយ thmeythmey.com