អន្តរជាតិ
អាមេរិកប្រមូលសម្ព័ន្ធមិត្តមជ្ឈិមបូព៌ាបង្កើតសម្ព័ន្ធភាពថ្មី ដើម្បីទប់ទល់អ៊ីរ៉ង់
× រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃទី១០ ខែមករា បានប្រកាសថា អាមេរិក និងសម្ព័ន្ធមិត្តតំបន់មជ្ឈិមបូព៌ា នឹងសហការគ្នាបណ្ដេញអ៊ីរ៉ង់ឲ្យផុតពីទឹកដីស៊ីរី។ អំឡុងពេលឈប់សំចតនៅអេហ្ស៊ីប លោក ប៉ុមប៉េអូ បានអំពាវនាវមិត្តភក្តិអាមេរិកក្នុងតំបន់ឲ្យចាប់ដៃដើម្បីទប់ទល់ឥទ្ធិពលអ៊ីរ៉ង់ដែលកំពុងសាយភាយខ្លាំងក្នុងតំបន់ដ៏បែកបាក់មួយនេះ។
ចេញពីហ្ស៊កដានី លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បានទៅដល់អេហ្ស៊ីប ដែលជាទីសំចតមួយទៀតក្នុងដំណើរទស្សនកិច្ច៩ប្រទេសនៅតំបន់មជ្ឈិមបូព៌ា។ ដំណើរទស្សនកិច្ចរយៈពេលវែងនេះ ធ្វើឡើងដើម្បីផ្ដល់ការធានាទៅកាន់សម្ព័ន្ធមិត្តក្នុងតំបន់ថា អាមេរិកមិនដកខ្លួនពីមជ្ឈិបូព៌ាឡើយ ខណៈសម្ព័ន្ធមិត្តទាំងនោះកំពុងជ្រួលច្របល់ក្នុងចិត្ត ក្រោយលោក ដូណាល់ ត្រាំ សម្រេចចិត្តដកទ័ពចេញពីស៊ីរី។
ពីរដ្ឋធានីគែរ លោក ប៉ុមប៉េអូ បានប្រកាសបណ្ដេញអ៊ីរ៉ង់ពីទឹកដីស៊ីរី។ នាឱកាសថ្លែងសុន្ទរកថាក្នុងសាកលវិទ្យាល័យមួយនៅថ្ងៃទី១០ ខែមករា បានស្នើឲ្យសម្ព័ន្ធមិត្តអាមេរិកដែលជាគូសត្រូវគ្នា បំភ្លេចគំនុំចាស់ ដើម្បីភាពល្អប្រសើរក្នុងតំបន់។ លោកបន្តថា អាមេរិកនឹងចាប់ដៃជាមួយសម្ព័ន្ធមិត្តបណ្ដេញអ៊ីរ៉ង់ចេញពីទឹកដីស៊ីរីតាមផ្លូវការ ក៏ដូចជាជំរុញកិច្ចខិតខំប្រឹងប្រែង សំដៅបង្កើតសន្តិភាព និងស្ថិរភាពឲ្យប្រជាជនស៊ីរីផង។
ក្នុងន័យនេះ ប្រមុខការទូតអាមេរិករូបនេះក៏នឹងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដើម្បីឈានទៅបង្កើត «សម្ព័ន្ធភាពយុទ្ធសាស្ត្រមជ្ឈិមបូព៌ា» នៅពេលខាងមុខ។ សមាជិកនៃសម្ព័ន្ធភាពថ្មីនេះមានរដ្ឋមកពីក្រុមប្រឹក្សាឈូងសមុទ្រទាំងអស់ អេហ្ស៊ីប និងហ្ស៊កដានី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។ លោក ប៉ុមប៉េអូ បានស្នើឲ្យប្រទេសទាំងនេះ ពួតដៃសាមគ្គីគ្នាដើម្បីឲ្យសម្ព័ន្ធភាពថ្មីអាចលេចជារូបរាងបានឆាប់រហ័ស។
មន្ត្រីការទូតជាន់ខ្ពស់រូបនេះក៏អះអាងជាថ្មីដែរថា ផែនការដកកងទ័ពអាមេរិកពីស៊ីរី មិនផ្លាស់ប្ដូរឡើយ។ ក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីអេហ្ស៊ីប Sameh Shukry លោក ប៉ុមប៉េអូ លើកឡើងថា អាមេរិកនឹងដកទាំងអស់ ទាំងទាហានឯកសណ្ឋាន ពីស៊ីរី តែមិនមែនជាការឈប់ពាក់ព័ន្ធក្នុងសំណុំរឿងមួយនេះឡើយ។ ពោល គឺអាមេរិកនៅតែអាចធ្វើអន្តរាគមន៍យោធានៅស៊ីរីដដែល បើសិនជាករណីតម្រូវនោះ។
ទំនាក់ទំនងអាមេរិក និងប្រទេសនៅមជ្ឈិមបូព៌ាក្នុងរដ្ឋបាលលោក ត្រាំ ត្រូវបានលោក ប៉ុមប៉េអូ ហៅថា ជាការចាប់ផ្ដើមថ្មី។ ទស្សនកិច្ចរបស់លោកនេះ ក៏មានគោលដៅបញ្ចុះបញ្ចូលឲ្យសម្ព័ន្ធមិត្តអាមេរិកនៅជម្ឈិមបូព៌ាបន្តការប្រឹងប្រែងរបស់ពួកគេក្នុងការបោសសម្អាតក្រុមជ្រុលនិយមរដ្ឋឥស្លាម ដែលសេសសល់នៅឡើយ៕
Tag:
អាមេរិក
មជ្ឈិមបូព៌ា
អ៊ីរ៉ង់ម៉ៃ ប៉ុមប៉េអូ
© រក្សាសិទ្ធិដោយ thmeythmey.com