ជាតិ
សេដ្ឋកិច្ច
តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ នាំចេញ​ផលិតផល​សរុប​៣៧២​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨
11, Jan 2019 , 3:29 pm        
រូបភាព
រូបបានពីCDC
រូបបានពីCDC
​ភ្នំពេញ​៖ ទំនិញ​ដែល​ផលិត​នាំ​ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ទៅកាន់​ទីផ្សារ​អន្តរជាតិ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៣៧២ លាន​ដុល្លារ កើនឡើង ៦៨​ភាគ​មួយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។  នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​កាលពី​ថ្ងៃទី​១០ មករា ឆ្នាំ​២០១៩​។​

 
​បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​នេះ មាន​១៦១​ក្រុមហ៊ុន បាន​ចុះបញ្ជី​វិនិយោគ និង​ទុន​ប្រមាណ ៩១៨​លាន​ដុល្លារ ព្រមទាំង​ស្រូបយក​កម្លាំង​ពលកម្ម​បាន​២២​ពាន់​នាក់ ។  ដោយឡែក ការនាំចេញ​ផលិតផល​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ទូទាំងប្រទេស​កម្ពុ​ជា មាន​ទឹកប្រាក់​ជាង​១,៤១០​ពាន់​ដុល្លារ ក្នុង​ឆ្នាំ​២០១៨​។​


រោងចក្រផលិតទំនិញនាំចេញមួយកន្លែង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
 
​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០០៨ លើ​ទំហំ​ផ្ទៃដី ១,១១៣​ហិកតា​។ តំបន់​សេដ្ឋកិច្ច​នេះ មាន​ទីតាំង​ស្ថិតនៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចម្ងាយ​ប្រមាណ ១៣​គីឡូម៉ែត្រ​ពី​កំពង់ផែ​ក្រុងព្រះសីហនុ ហើយ​ទំនិញ​ដែល​ផលិត​នាំចេញ​មាន គ្រឿង​អេឡិចត្រូនិក ខ្សែ​បង្គុំ​អគ្គិសនី សំបក​កង់​រថយន្ត គ្រឿងបន្លាស់​រថយន្ត ស៊ុម​ទូរទស្សន៍ សម្ភារៈ​បរិក្ខារ​បន្ទប់​ទឹក ផលិតផល​ក្តារ​ប៉ា​កេ និង​ក្តារបន្ទះ សម្ភារៈ​ការិយាល័យ វត្ថុ​អនុស្សាវរីយ៍ សម្ភារៈ​បរិក្ខារ​កីឡា សម្លៀកបំពាក់ ស្បែកជើង កាបូប និង​វ៉ា​លី​ស និង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​។ បើតាម​CDC​។​
 
​សូមបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ ទៅកាន់​១៤៧​ប្រទេស មាន​ជិត​២៥​ពាន់ លាន​ដុល្លារ​។ ក្នុងនោះ ការនាំចេញ មាន​ជាង​១១ ពាន់​លាន​ដុល្លារ និង​ការ​នាំចូល​មាន​ជិត ១៤​ពាន់​លាន​ដុល្លារ​៕
 

Tag:
 ជាតិ​
  សេដ្ឋកិច្ច​
  ទំនិញ​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com