ជាតិ
សេដ្ឋកិច្ច
ថៃ គ្រោងដាំដំឡូងមី លើផ្ទៃដី៤ពាន់ហិកតា នៅខេត្តឧត្តរមានជ័យ ចម្ការដំឡុវមី មួយកន្លែងនៅខេត្តកំពង់ឆ្នាំង (រូបបានពីហ្វេសប៊ុក)
× ភ្នំពេញ៖ ក្រុមហ៊ុន ធីដាប់ប៊លយូភីស៊ី អ៊ីនវេសមិន (ខេមបូឌា) ពីប្រទេសថៃ មានគម្រោងបង្កើតចម្ការ និងដាំដំឡូងមីនៅលើផ្ទៃដីចំនួន ៤ពាន់ហិកតា នៅស្រុកសំរោង ខេត្តឧត្តរមានជ័យ។ ការដាំដំឡូងមីនេះ ត្រូវបានលោក Ho Ren Hua នាយកក្រុមហ៊ុននេះ អះអាងថា នឹងធានានិរន្តភាពនៃការផ្គត់ផ្គង់តម្រូវទីផ្សារ។
ការអះអាងរបស់ លោក Ho Ren Hua បានថ្លែងឡើងចំពោះមុខ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។
លោក Ho Ren Hua បានប្រាប់ រដ្ឋមន្ត្រីក្រសួងកសិកម្មថា ក្រុមហ៊ុនមានប្រភពមកពីប្រទេសថៃនិងបានបោះទុនវិនិយោគលើវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា ដោយក្រុមហ៊ុនបានទទួលគោលការណ៍បង្កើតរោងចក្រកែច្នៃដំឡូងមី ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅចុងឆ្នាំ២០១៧។ បច្ចុប្បន្នក្រុមហ៊ុនកំពុងបញ្ចប់ការសាងសង់រោងចក្រ និងត្រៀមលក្ខណៈក្នុងការដំណើរការកែច្នៃក្នុងពេលឆាប់ៗនេះ។
លោកបន្តថាក្នុងឆ្នាំ២០២០ ក្រុមហ៊ុនមានគម្រោងពង្រីកការកែច្នៃដំឡូងមីពី ៤ម៉ឺនទៅ ៥ម៉ឺនតោន និងបង្កើនការកែច្នៃរហូតដល់ ២០ម៉ឺនតោន នៅពេលអនាគត។
ជាការឆ្លើយតប លោក វេង សាខុន បានសម្តែងនូវសាទរចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅកម្ពុជា ហើយលោកក៏បានគាំទ្រដល់ការបង្កើតចម្ការ និងដាំដំឡូងមីនៅកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុន អនុវត្តនូវផលិតកម្មតាមកិច្ចសន្យា ដោយធ្វើការកំណត់ទីតាំងដាំដុះដែលមានសក្តានុពលសម្រាប់ដំណាំដំឡូងមី ទន្ទឹមនឹងនេះ បណ្តាខេត្តដែលមានព្រំប្រទល់ជាប់ខេត្តឧត្តរមានជ័យ ក៏មានសក្តានុពលសម្រាប់ដំណាំនេះផងដែរ។ ជាចុងក្រោយ លោកបានណែនាំដល់ក្រុមហ៊ុន បន្តសហការជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាពីនីតិវិធីនានាក្នុងការគាំទ្រដល់ការវិនិយោគនេះ ឱ្យទទួលបានជោគជ័យ៕
Tag:
ជាតិ
សេដ្ខកិច្ច កសិកម្ម
ដំឡូងមី
ឧត្តរមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com