សៀមរាប៖ ភូមិដំណាក់ខ្ចាស់ ស្ថិតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ អ្នកភូមិនេះមានមុខរបរធ្វើស្រែចម្ការ និងរបរបន្ទាប់បន្សំជាអ្នកនេសាទផងដែរ។ ដើមឡើយក្នុងមួយឆ្នាំ កសិករធ្វើស្រែបានតែម្ដងតែប៉ុណ្ណោះ គឺស្រែវស្សា តែក្រោយមកក៏មានការបង្កើតក្រុមកសិករប្រើប្រាស់ទឹក ដោយសាមគ្គីគ្នាស្ដារប្រព័ន្ធធារាស្ដ្រនានាជុំវិញ ធ្វើឱ្យអ្នកភូមិបង្កើនស្រែប្រាំងបានម្ដងទៀត។ ក្រោយបង្កើនផ្ទៃដីស្រែប្រាំងមក អ្នកភូមិដំណាក់ខ្ចាស់មានជីវភាពល្អប្រសើរ និងកាត់បន្ថយការចំណាកស្រុកបានមួយកម្រិតផងដែរ។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
កសិករនៅភូមិដំណាក់ខ្ចាស់ មានទឹកមាត់លៀបក្រាលក្រែលនៅឆ្នាំនេះ ដ្បិតទិន្នផលស្រូវប្រាំងមានបរិមាណច្រើនគួរឱ្យកត់សម្គាល់។ តាមធម្មតា កសិករពឹងលើទិន្នផល និងតម្លៃរបស់ទិន្នផលកសិកម្មពួកគេ ហើយបើរបរទាំងនេះស្ថិតស្ថេរនោះ ពួកគេរីករាយ និងរស់នៅជួបជុំក្រុមគ្រួសារ ដោយមិនចេញទៅណាឆ្ងាយដែរ។
ភូមិដំណាក់ខ្ចាស់ មានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ និងទៅដល់រង្វង់មូលនៃទីរួមស្រុកក្រឡាញ់ បត់ឆ្វេងដៃចូលទៅប្រមាណជិត៧គីឡូម៉ែត្រ។ ក្នុងខែនេះ អ្នកភូមិកំពុងត្រៀមទទួលផលស្រូវប្រាំង ដែលឆ្នាំនេះហុចផលល្អគួរឱ្យកត់សម្គាល់។ ដោយសារមានភូមិសាស្ដ្រជាប់នឹងស្ទឹង បឹង អូរ ច្រើនផងនោះ ធ្វើឱ្យមានភាពអំណោយផលក្នុងការធ្វើស្រែប្រាំង។ ក្នុងការធ្វើស្រែប្រាំងនេះដែរ អ្នកភូមិដំណាក់ខ្ចាស់ បានចងក្រងបង្កើតជាក្រុមអ្នកប្រើប្រាស់ទឹកឃុំសំបួរ ដើម្បីមានមូលនិធិរួមមួយសម្រាប់ស្ដារប្រព័ន្ធធារាសាស្ដ្រតូចធំ បង្ហៀរទឹកឱ្យទៅដល់ស្រែពួកគេ ដែលពីមុនគ្មានទឹកឡើយនៅរដូវប្រាំង។ ហើយក្នុងរដូវនេះ សកម្មភាពបូមទឹកកំពុងមមាញឹកខ្លាំង ដើម្បីឱ្យទាន់បង្ហៀរចូលស្រែរៀងខ្លួនឯង។
ប្រធានក្រុមកសិករប្រើប្រាស់ទឹកឃុំសំបួរ លោក យ៉ិន យឺន បានឱ្យដឹងថា ក្រុមការងាររបស់លោកបង្កើតឡើងនៅចុងឆ្នាំ២០១៥ ក្នុងបំណងដើម្បីផលិតស្រែប្រាំង បង្កើនកម្រិតជីវភាពរបស់អ្នកភូមិ។ លោកបន្ថែមថា ក្រោយបង្កើតក្រុមនេះមក ឃើញថាពលរដ្ឋជាសមាជិកមានជីវភាពល្អប្រសើរ ដែលអាចឱ្យពួកគេមានចំណូលទ្វេរដងធៀបនឹងពេលមុនៗ។
តាមការបញ្ជាក់របស់លោក យ៉ិន យឺន ដើមឡើយភូមិសាស្ដ្រនៅតំបន់នេះគឺរាល់ពេលរដូវប្រាំងម្ដងៗ គ្មានទឹកសម្រាប់ស្រោចស្រពឡើយ គឺក្រោយប្រមូលផលស្រែវស្សារួច ផ្ទៃដីស្រែទាំងមូលត្រូវបានទុកចោល។
ជាប្រធានក្រុមលោក យ៉ិន យឺន បានខិតខំខ្នះខ្នែង គឺតែមានកម្មវិធីអប់រំពលរដ្ឋជាប្រចាំ ក៏ដូចជាអញ្ជើញអ្នកជំនាញកសិកម្មឱ្យមកបង្រៀនកសិករជាដើម។ ជាមួយនឹងការបង្កើនផ្ទៃដីស្រែប្រាំងនេះ ធ្វើឱ្យជីវភាពពលរដ្ឋខុសប្លែកពីពេលមុនៗ ក៏ដូចជាកាត់បន្ថយការចំណាកស្រុកទៅប្រទេសជិតខាងផងដែរ។ នេះជាការកត់សម្គាល់របស់លោក យ៉ិន យឺន។
ឯអ្នកស្រី ឡេន ឡុន ដែលនិយាយបណ្ដើរងាកទៅគយគន់នឹងសម្រស់វាលស្រែអ្នកស្រីបណ្ដើរនោះ បានឱ្យដឹងដែរថា អ្នកស្រីបានចូលរួមជាសមាជិកក្រុមកសិករប្រើប្រាស់ទឹកឃុំសំបួរនេះរយៈពេល៣ឆ្នាំមកហើយ ហើយបានទទួលអត្ថប្រយោជន៍ជាច្រើន។ អត្ថប្រយោជន៍ទាំងនោះមានដូចជា អាចធ្វើស្រែមួយឆ្នាំពីរដង ដោយពីមុនធ្លាប់ធ្វើតែស្រែវស្សា ឯប្រាំងទុកដីចោល។ អ្នកស្រី ឡុន មានដីស្រែចំនួន៨ ហិកតា ដែលអាចនឹងប្រមូលផលចន្លោះពី១០ ទៅ២០ថ្ងៃខាងមុននេះ ដោយខ្លះចាប់ក្រហមបណ្ដើរៗហើយដែរ។
នៅក្បែរនោះ គឺកសិករលោក ម៉ី តុង ក៏រំពឹងថា ទិន្នផលស្រូវឆ្នាំនេះរបស់លោកក៏ល្អប្រសើរដូចឆ្នាំទៅដែរ។ លោកមានផ្ទៃដីធ្វើស្រែខ្លួនឯងចំនួន ៣ហិកតា ហើយឆ្នាំនេះលោកបានជួលដីពីគេ ៤ហិកតាបន្ថែមទៀត ដោយសារមានទឹកស្រោចស្រពហូរហៀរមិនបារម្ភ។ សម្រាប់លោក ម៉ី តុង ស្រែប្រាំងពិតជាបង្កើនចំណូលដល់គ្រួសារលោកមួយផ្នែកធំ ព្រោះថា ស្រែវស្សាទទួលផលមិនទៀងទាត់ ដោយសារឆ្នាំខ្លះទឹកធំ ឬតូច ពិបាកគ្រប់គ្រងផ្ទៃដី និងពេលវេលា។
មេភូមិដំណាក់ខ្ចាស់ លោក ស៊ិន សុខា បានឱ្យដឹងថា កម្រិតជីវភាពរបស់កសិករនៅភូមិរបស់លោកបានប្រែប្រួលល្អប្រសើរ ក្រោយពីមានការពង្រីកផ្ទៃដីធ្វើស្រែបានមួយឆ្នាំ២ដងនៅចុងឆ្នាំ ២០១៥រួចមក។ លោកបន្ថែមថា ក្រោយបង្កើតក្រុមកសិករប្រើប្រាស់ទឹកឃុំសំបួរនេះមក ស្រែរបស់កសិករដែលធ្លាប់តែគ្មានទឹកប្រើប្រាស់ និងគោកក្នុងខែប្រាំង មានទឹកហូរហៀរ និងអាចធ្វើស្រែប្រាំងដោយមិនមានការបារម្ភ។ ក្រុមកសិករប្រើប្រាស់ទឺកសំបួរមានសមាជិកចំនួន ១៥០គ្រួសារ ដែលមានផ្ទៃដីសរុបជាង ៣០០ហិកតា។
ក្រោយពីរីករាយជាមួយនឹងទិន្នផលស្រូវឆ្នាំនេះបានផលច្រើនហើយនោះ ក្រុមកសិករនៅភូមិដំណាក់ខ្ចាស់ ក៏ដូចជាក្រុមកសិករប្រើប្រាស់ទឹកឃុំសំបួរ រំពឹងថា តម្លៃស្រូវឆ្នាំនេះនឹងថ្លៃដូចឆ្នាំទៅ គឺចន្លោះពី៦រៀល ទៅ៨រៀលក្នុងមួយគីឡូក្រាម ដែលកន្លងមកឈ្មួញតែងប្រមូលទិញអស់គ្មានសល់ឡើយ៕