ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្រកាសថា មិន​ឈប់​កាន់អំណាច​ត្រឹម​២០២៨​ទេ បើ​អ្នកណា បន់​ឲ្យ​ស្លាប់​
12, Jan 2019 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន ប្រធាន​គណបក្សកាន់អំណាច ប្រកាស​ម្តង​ទៀតថា នឹង​បន្ត​ឈរឈ្មោះ​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​៧ (២០២៣)​។ នាយករដ្ឋមន្ត្រី ប្រកាស​បែបនេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ប្រចាំឆ្នាំ​ជាមួយ​អ្នកកាសែត​ជិត​៥​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ល្ងាច​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩​។



​ប្រមុខ​រដ្ឋាភិបាល បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុង​តំបន់​យើង​នេះ (​អាស៊ាន​?) ពុំមាន​ប្រទេស​ណាមួយ ដែល​នាយករដ្ឋមន្ត្រី កាន់តំណែង​ដល់​៣៤​ឆ្នាំ​ទេ ហើយ​បូក​នឹង​៥​ឆ្នាំទៀត វា​ត្រូវ​ឡើង​៣៩​ឆ្នាំ​។ ដល់​ឆ្នាំ​២០២៨ បាន​ឈប់​»​។ 
 
​យ៉ាងណា  ប្រធាន​គណបក្សកាន់អំណាច អាច​នឹង​ប្រកាស​កាន់អំណាច​ហួស​ពី​ឆ្នាំ​២0២៨ បើ​អ្នកណា ប្រឹង​បន់ស្រន់​ឲ្យ​លោក​ឆាប់​ស្លាប់​។ មេដឹកនាំ​កម្ពុជា ថ្លែង​បែបនេះ​ថា​៖«​បើ​អ្នកឯង រង់ចាំ​ហ៊ុន សែន ស្លាប់ ខ្ញុំ នឹង​ប្រកាស​កាន់អំណាច​តទៅទៀត តែ​ឥឡូវ​កុំអាល​»​។ 
 
​បន្ទាប់មក ប្រមុខ​រដ្ឋាភិបាល ក៏​ចំអក​ឲ្យ​អ្នក​ដែល​បន់​ឲ្យ​លោក​ឆាប់​ស្លាប់​ថា អាច​នឹង​ស្លាប់​មុន​លោក​ក៏​ថា​បាន​។ មេដឹកនាំ ដែល​បច្ចុប្បន្ន មាន​វ័យ​៦៧​ឆ្នាំ​រូបនេះ បាន​សរសើរ​ពី​សុខភាព​របស់ខ្លួន​ឯង​ថា នៅមាន​ភាពរឹងមាំ និង​មិនមាន​ជំងឺ ហើយ​ស្មារតី មិន​វង្វេង​។ លោក ធ្លាប់​ប្រកាស​កន្លងមក​ថា ខ្លួន​អាច​រស់​ដល់​ទៅ​៤០​ឆ្នាំ​ទៀត​ឯណោះ​៕  
 
  

Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com