អន្តរជាតិ
ចិន​និង​កាណាដា បន្ត​ឌឺដង​គ្នា​ជុំវិញ​ការចាប់ខ្លួន​ជនជាតិ​គ្នា​ទៅវិញទៅមក​
12, Jan 2019 , 1:59 pm        
រូបភាព
លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិនក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១១ ខែមករា (រូបភាពពីវេបសាយក្រសួងការបរទេសចិន)
លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិនក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១១ ខែមករា (រូបភាពពីវេបសាយក្រសួងការបរទេសចិន)
​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ នៅ​ថ្ងៃទី​១១ ខែមករា បាន​រិះគន់​ចិន​ចំពោះ​ការចាប់ខ្លួន​ជនជាតិ​កាណាដា​ពីរ​នាក់ ដែល​មកទល់ពេលនេះ ស្ថិតក្នុង​ការឃុំខ្លួន​ក្រោម​បទ​ចោទថា ធ្វើ​សកម្មភាព​ប៉ះពាល់​សន្តិសុខ​ជាតិ​របស់​ចិន​។ លោក ទ្រូ​ដូ ក៏បាន​ការពារ​ចំណាត់ការ​របស់​កាណាដា​ក្នុង​ឃាត់ខ្លួន​មន្ត្រីជាន់ខ្ពស់​ក្រុមហ៊ុន Huawei ដែល​ធ្វើតាម​សំណើ​អាមេរិក​។ ទាំង​ចិន ទាំង​កាណាដា សុទ្ធតែ​បាន​អះអាងថា ខ្លួន​អនុវត្តតាម​នីតិរដ្ឋ​។

 
​ការប្រទាំងប្រទើស​ផ្នែក​ការទូត រវាង​កាណាដា និង​ចិន នៅ​មិនទាន់​ចប់​នៅឡើយ​។ បន្ទាប់ពី​មានការ​ចាប់ខ្លួន​នាយក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei ពី​សំណាក់​ប៉ូលិស​កាណាដា​តាម​សំណើ​អាមេរិក គេ​ក៏​ឃើញ​មានការ​ចាប់ខ្លួន​ជនជាតិ​កាណាដា​បីនាក់​នៅ​ចិន ដែល​ម្នាក់​ក្នុងចំណោម​នោះ ត្រូវ​បញ្ចូនទៅ​ស្រុកកំណើត​វិញ​ហើយពីរ​នាក់​ស្ថិតក្នុង​ការឃុំខ្លួន​នៅឡើយ​។ អាជ្ញាធរ​ចិន បាន​ចោទ​ជនជាតិ​កាណាដា​ទាំងពីរ ដែល​ម្នាក់​ជា​អតីត​មន្ត្រីការទូត​ប្រចាំ​ចិន​ដែរនោះ ថា​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ​។​
 
​កាណាដា និង​សម្ព័ន្ធមិត្ត​ដទៃទៀត​មាន​អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់​ជាដើម បានទាមទារ​ឲ្យ​ចិន​ដោះលែង​ជនជាតិ​កាណាដា​ទាំងពីរ​នាក់ ហើយ​ជឿថា ពួកគេ​ត្រូវ​ចាប់ខ្លួន ព្រោះ​ចិន​ចង់​សង​សឹង​កាណាដា ដែល​ឃាត់ខ្លួន​ជន​ជាតិចិន​ប៉ុណ្ណោះ​។ ដោយសារ​រឿងនេះ ក្រុង​ប៉េកាំង និង​ក្រុង​អូ​តា​វ៉ា បាន​ទាស់សម្ដី​គ្នា​មួយ​ប្រា​វហើយ​។ មិនទាន់​ចប់​ឡើយ នៅ​ថ្ងៃទី​១១ ខែមករា ភាគី​ទាំងពីរ​ក៏បាន​ឆ្លើយឆ្លង​ដាក់គ្នា​ទៀត​។​
 
​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ បាន​រិះគន់​ដោយ​ចំហ ទៅនឹង​ការចាប់ខ្លួន​ជនជាតិ​កាណាដា​ទាំងពីរ ដោយ​លោក​ចាត់ទុកថា វា​ជា​រឿង​អកុសល ដែល​ចិន​ចាប់ខ្លួន​ពួកគេ​ដោយ​បង្ខំ និង​មិន​យុ​ត្តិ     ធម៌​។ លោក​ទ្រូ​ដូ ក៏​ប្រតិកម្ម​តប​ទៅនឹង​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កាណាដា Lu Shaye ដែល​លើកឡើងថា ការទាមទារ​របស់​កា​ណា​ដា ឲ្យ​មានការ​ដោះលែង​ជនសង្ស័យ​ទាំងពីរ បង្ហាញ​ពី​ការអនុវត្ត​ស្តង់ដា​ពីរ​ជាន់​របស់លោក​ខាងលិច និង​គំនិត​ជន​ស្បែ​កស​លើសគេ​ផងដែរ​។​
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ទ្រូ​ដូ និយាយថា កាណាដា គ្រាន់តែ​អនុវត្តតាម​នីតិរដ្ឋ​ប៉ុណ្ណោះ ហើយ​កាណាដា មាន​ប្រព័ន្ធយុត្តិធម៌ ដែល​គ្មាន​ការ​លូកលាន់​ពី​ផ្នែក​នយោបាយ​។ នៅឯ​ក្រុង​ប៉េកាំង​វិញ លោក Lu Kang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅតែ​លើកឡើងថា កាណាដា​ចាប់​ជនជាតិ​ចិន​ដោយ​ខុសច្បាប់ ទាំង​មិនមាន​កំហុស ហើយ​បែរជា​ចោទ​ចិន​ទៅវិញ ទោះជា​ចិន​បញ្ជាក់​ហើយ​ថា ចំណាត់ការ​របស់ខ្លួន​គឺ​ធ្វើតាម​ច្បាប់​ក្ដី​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃទី​១១ ខែមករា អ្នកនាំពាក្យ​រូបនេះ​បាន​សួរ​ទៅ​កាណាដា​ថា​៖ តើ​ពិត​ទេ​ថា ក្នុង​ភ្នែក​កាណាដា ច្បាប់​ប្រទេស​ផ្សេង មិន​សម​នឹង​ឲ្យ​គោរព​ទេ​ឬ​? លោក Lu ក៏​ចោទ​កាណាដា​ទៀត ការអនុវត្ត​ស្តង់ដា​នីតិរដ្ឋ​ពីរ​ជាន់ ស្មើនឹង​ការមិន​គោរព​នីតិរដ្ឋ​ទៅហើយ​៕
 

Tag:
 ចិន​
  កាណាដា​
  ចា​ស្ទី​ន ទ្រូ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com