ជាតិ
មន្ត្រី៖ តាកែវ សល់ស្បៀងជិត៨សែនតោន ក្នុងឆ្នាំ២០១៩
× តាមការប៉ាន់ប្រមាណតុល្យភាពស្បៀង ដោយដកចេញការហូបចុករយៈពេលមួយឆ្នាំ ការទុកពូជ ចំណីសត្វ ការបាត់បង់ផ្សេងៗ ឃើញថាទូទាំងខេត្តតាកែវ នៅសល់ស្បៀងគិតជាស្រូវចំនួនជិត៨សែនតោន និងគិតជាអង្ករជាង៥សែនតោន សម្រាប់ការនាំចេញទៅបណ្ដាលខេត្តផ្សេងៗ និងក្រៅប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
ក្រសួងព័ត៌មាន បានចុះផ្សាយពីសម្តីរបស់លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ ថា ក្នុងឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋក្នុងខេត្តតាកែវ មានចំនួនប្រហែល ១,១លាននាក់ ហើយមនុស្សក្នុងមួយឆ្នាំ តម្រូវស្បៀងគិតជាអង្កររយៈពេលមួយឆ្នាំចំនួន ១,៤សែនតោន។
ប្រធានមន្ទីរូបនេះ បញ្ជាក់ថា ការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៨-២០១៩ របស់ប្រជាសិករខេត្តតាកែវកន្លងមក អនុវត្តបានចំនួនជិត២សែនហិកតា ដោយទទួលបានបរិមាណផលចំនួនជិត៧សែនតោន។
មន្រី្តខាងលើដដែល បន្តថា ចំណែក ស្រូវរដូវប្រាំងវិញ គិតដល់ពេលនេះ ប្រជាកសិករសម្រេចអនុវត្តបានជាង៦ម៉ឺនហិកតា។ ការប៉ាន់ប្រមាណនូវទិន្នផលជាមធ្យម មានជិត៥ពាន់តោនក្នុងមួយហិកតា។ ដូច្នេះ បរិមាណផលសរុបទាំងផលស្រូវរដូវវស្សានិងផលស្រូវរដូវប្រាំងមាន១,១លានតោន។
បើប្រៀបធៀបនឹងឆ្នាំ២០១៨ ឆ្នាំ២០១៩នេះ សល់ស្បៀងច្រើនជាង ដោយគិតជាស្រូវចំនួន ជិត២ម៉ឺនតោន និងគិតជាអង្ករចំនួនជាង១ម៉ឺនតោន៕
© រក្សាសិទ្ធិដោយ thmeythmey.com