កីឡាជាតិ
ជាតិ
កីឡាការិនី ស្រួ​ង ភា​វី ចង់​ក្លាយជា​កីឡាការិនី​ឆ្នើម​លំដាប់​ទី​១​លើ​ពិភពលោក​
13, Jan 2019 , 11:29 am        
រូបភាព
កីឡាការិនី ស្រួង ភាវី
កីឡាការិនី ស្រួង ភាវី
ដោយ:
​កីឡាការិនី​ស្នូកឃ័រ​ឆ្នើម​របស់​កម្ពុជា ស្រួ​ង ភា​វី មាន​មហិច្ឆតា​ចង់​ក្លាយជា​កីឡាការិនី​ឆ្នើម​លំដាប់​ទី​១​លើ​ពិភពលោក​នៅ​អនាគត​។ កីឡាការិនី វ័យ​២៨​ឆ្នាំ​រូបនេះ បញ្ជាក់​ដូច្នេះ​នា​ពិធី​ចុះកិច្ចសន្យា ធ្វើជា​ទូត​សុ​ឆន្ទៈ​ប្រចាំ​ធនាគារ​កូរ៉េ​មួយ កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩​។​
​ទន្ទឹមនឹង​ការបញ្ជាក់​ពី​មហិច្ឆតា​របស់ខ្លួន ភា​វី បាន​ប្តេជ្ញា​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង​ទ្វេដង ដើម្បី​សម្រេច​ក្តី​ស្រមៃ​ដ៏​ធំ​មួយ​នេះ​។​

 
​មិន​ត្រឹមតែ​ចង់​ក្លាយជា​កីឡាការិនី​ឆ្នើម​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ កីឡាការិនី ស្រួ​ង ភា​វី ថែមទាំង​ចង់​ក្លាយជា​កីឡាការិនី​ឆ្នើម​លំដាប់​ទី​១​លើ​ពិភពលោក​ទៀតផង​។ វា​ជា​ក្តី​ស្រមៃ ដែល​កីឡាការិនី​មកពី​ខេត្ត​ត្បូងឃ្មុំ​រូបនេះ បាន​ប៉ង​តាំងពី​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​កីឡា​ស្នូកឃ័រ​(3-Cushion)​។ 
 
​ដើម្បី​សម្រេច​ក្តី​ស្រមៃ​ដ៏​ធំ​មួយ​នេះ ភា​វី ដែល​អះអាង​មិន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត​បាន​ប្តេជ្ញា​ថា នាង​នឹង​ខិតខំ​បង្កើន​ការហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង​ទ្វេដង ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​។ ការអះអាង ក៏ដូចជា​បង្ហើប​ពី​មហិច្ឆតា​ខាងលើ​ធ្វើឡើង​ពេល​នាង​ចុះកិច្ចសន្យា        រយៈពេល​១​ឆ្នាំ ធ្វើជា​ទូត​សុ​ឆន្ទៈ​ប្រចាំ​ធនាគារ​មួយ​របស់​កូរ៉េ កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ​។ កីឡាការិនី​វ័យ​២៨​ឆ្នាំ​រូបនេះ​បាន​រៀបរាប់ថា​៖«​ខ្ញុំ​សូម​អរគុណ​ដល់​ធនាគារ PPC Bank ដែល​បាន​ផ្តល់ឱ្យ​ខ្ញុំ​នូវ​ឱកាស​មួយ​នេះ ដើម្បី​អាច​ឲ្យ​ខ្ញុំ​ឈាន​មួយ​ជំហាន​ទៀត​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​ក្តី​សុ​បិ​ន្ត​របស់ខ្ញុំ ក្នុងការ​ក្លាយជា​កីឡាករ​ឆ្នើម​លំដាប់​លេខ​១​នៅលើ​ពិភពលោក​»​។ 
 
​កីឡាការិនី ស្រួ​ង ភា​វី បាន​ប្រឡូក​ក្នុង​វិស័យ​កីឡា​ស្នូកឃ័រ 3-Cushion នៅលើ​ទឹកដី​កូរ៉េខាងត្បូង បន្ទាប់ពី​មានការ​ជំរុញ និង​លើកទឹកចិត្ត​ពី​ស្វាមី​។ ភា​វី បាន​រៀបរាប់ថា ដំបូង​ឡើយ​នាង​មិន​ស្គាល់​កីឡា​នេះ​ទេ ហើយក៏​មិន​ចូលចិត្ត​ដែរ​។ នាង​តែង​ត្រូវបាន​ស្វាមី​នាំទៅ​មើល និង​លេង​កីឡា​នេះ​រៀងរាល់ថ្ងៃ​សម្រាក​ពី​ការងារ​។ កត្តា​នេះ​បាន​ផ្លាស់ប្តូរ​ចិត្ត នាង ពី​ការមិន​ចូលចិត្ត រហូត​ក្លាយជា​កីឡាការិនី​ឆ្នើម​នៅ​ប្រទេស​កូរ៉េ​។ កីឡាការិនី​រូបនេះ បាន​រៀបការ​ជាមួយ​បុរស​ជនជាតិ​កូរ៉េ និង​ទៅ​រស់នៅ​ប្រទេស​កូរ៉េ​ក្នុងអំឡុង​ឆ្នាំ​២០១០​។   
 
​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុងការ​ប្រកួត​កម្រិត​ជាតិ និង​អន្តរជាតិ បាន​ជំរុញ​ឲ្យ​កីឡាការិនី​មកពី​ខេត្ត​ត្បូងឃ្មុំ​រូបនេះ មានកេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​។ ភា​វី ត្រូវបាន​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា តែងតាំង​ឲ្យ​ជា​សមាជិក​ប្រតិបត្តិ​នៅ​អំឡុង​ឆ្នាំ​២០១៨ ហើយ​នាង​ក៏​ជា​កីឡាការិនី​ជម្រើសជាតិ របស់​សហព័ន្ធ​នេះ​ផងដែរ​។  
 
​កីឡាការិនី ស្រួ​ង ភា​វី ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ព្រឹត្តិការណ៍ World Championship Ladies 3-Cushion នៅ​ប្រទេស​តួ​ក​គី​។ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ កីឡាការិនី​រូបនេះ ជា​ម្ចាស់​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍ Zanka Asian 3-Cushion ដែលមាន​ជប៉ុន និង​កូរ៉េ​ចូលរួម​។ កាលពី​ខែធ្នូ នាង​បានឈ្នះ​មេដាយមាស​ប្រចាំ​ព្រឹត្តិការណ៍ Seoul’s Olympic Parktel នៅ​ប្រទេស​កូរ៉េខាងត្បូង​។ ក្រៅពីនេះ ក៏មាន​ពាន​និង​មេដាយ​ជាច្រើន​ទៀតផង​ដែរ​៕     
 
 
 

Tag:
 ​ស្នូកឃ័រ​
  ស្រួ​ង ភា​វី
© រក្សាសិទ្ធិដោយ thmeythmey.com