ជាតិ
២៥ខេត្ត/រាជធានី
«ផ្កាអំបិល» ដ៏កម្រនៅកំពត ត្រូវបានគេប្រើប្រាស់សម្រាប់លើកសម្រស់នារី
× កំពត៖ «ផ្កាអំបិល» ជាអំបិលកម្រ ដែលអណ្តែតលើទឹកក្នុងស្រែអំបិល។ លក្ខណៈពិសេសនៃផ្កាអំបិល គឺមានសារធាតុសូដ្យូមតិច និងមិនសូវមានជាតិប្រៃខ្លាំង។ ផ្កាអំបិល មានតម្លៃថ្លៃជាងអំបិលធម្មតា ជាពិសេសអាចប្រើប្រាស់ដើម្បីថែរក្សាសម្រស់ផងដែរ។
ផ្កាអំបិល មិនសូវមានច្រើននោះទេ ព្រោះផ្កាអំបិល អាចអណ្តែតទ្បើងបាននៅពេលដែលចាប់ផ្តើមបង្ហូរទឹកសមុទ្រចូលក្នុងស្រែអំបិល។ ផ្កាអំបិលត្រូវការកម្តៅថ្ងៃ និងខ្យល់ធ្លាក់បង្គួរ ជាពិសេសក្នុងខែធ្នូ ដែលជាការចាប់ផ្តើមធ្វើអំបិលរបស់ប្រជាកសិករ។
លក្ខណៈពិសេសរបស់ផ្កាអំបិល មានសារធាតុសូដ្យូមតិច និងមិនសូវមានជាតិប្រៃខ្លាំង។ សម្រាប់អ្នកមានជំងឺលើសឈាម និងទឹកនោមផ្អែម អាចប្រើប្រាស់បានធម្មតា ដោយពុំចាំបាច់បារម្ភពីផលប៉ះពាល់សុខភាពឡើយ។ នេះបើតាមអ្នកស្រី ជៀម ទ្បៃឃីម បុគ្គលិកផ្នែកលក់នៅក្រុមហ៊ុនផារ៉ាដាយ ហ្គាដិនកំពត។
បុគ្គលិកផ្នែកលក់អ្នកស្រី ជៀម ទ្បៃឃីម បានប្រាប់ក្រុមការងារ ThmeyThmey25 ថា ក្រុមហ៊ុនផ្តោតសំខាន់ទៅលើការជំរុញផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ និងជាផលិតផលសរីរាង្គ។ ផ្កាអំបិល ដែលក្រុមហ៊ុនលក់ គឺទិញពីសមាគមអំបិល តែមិនសូវបានច្រើននោះទេ។
ជាមួយគ្នានេះ ផ្កាអំបិល ជាប្រភេទអំបិលដែលល្អសម្រាប់អតិថិជនទិញយកទៅប្រើប្រាស់ និងថែរក្សាសម្រស់ផងដែរ។ ផ្កាអំបិលរបស់ក្រុមហ៊ុនផារ៉ាដាយ ហ្គាដិនកំពត ដែលដាក់លក់នេះ មានតម្លៃ ២.៥០ដុល្លារ ក្នុង១០០ក្រាម។ បើតាមអ្នកស្រី ជៀម ទ្បៃឃីម ភ្ញៀវទេសចរភាគច្រើនទិញផ្កាអំបិលនេះ យកទៅប្រើប្រាស់៕
Tag:
ផ្កាអំបិល
កំពត
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com