ជាតិ
អ្វីជាថ្នាំពុលធម្មជាតិ?
× ភ្នំពេញ៖ ថ្នាំពុលធម្មជាតិ គឺការប្រើសារធាតុផ្សំពីរុក្ខជាតិ ឬវត្ថុធាតុដើមតាមបែបធម្មជាតិ ដែលមិនប្រឈមគ្រោះថ្នាក់ដល់សុខភាពទាំងអ្នកផលិត និងអ្នកបរិភោគ។ សារធាតុពុលពីធម្មជាតិ មានសារធាតុក្រពុល ដូចជា ស្លឹកទាបបាយ ស្លឹកទាបបារាំង ស្លឹកគ្រៃ ស្លឹកកន្តួត, សារធាតុល្វីង ដូចជា ស្ដៅ បណ្ដូលពេជ្រ គ្រាប់ស្លែង និងសារធាតុហឹរ មានដូចជា ម្ទេស ខ្ញី រំដេង។ នេះបើតាមការឲ្យដឹងពីលោក វង្ស សាវឿន ជាអ្នកសម្របសម្រួលសហគមន៍របស់អង្គការសេដាក។
យើងអាចយកសារធាតុដែលមានខាងលើមកលាយបញ្ចូលគ្នា និងត្រាំជាមួយទឹករយៈពេល១៥ទៅ១ខែ ។ បន្ទាប់រយៈពេលប្រមាណជាងមួយខែមក វាក៏ក្លាយទៅជាទឹកថ្នាំពុលបែបធម្មជាតិ។ របៀបនៃការប្រើប្រាស់យើងអាចយកទឹកថ្នាំពុលធម្មជាតិ១លីត្រ លាយជាមួយទឹកធម្មតា ១០លីត្រ។ សម្រាប់ការប្រើទៅលើដំដាំ យើងអាចយកទៅស្រោចជាមួយរក្ខជាតិ ដំណាំ បន្លែ ហើយពេលដែលល្អគួរស្រោចនៅពេលល្ងាចទើបមានប្រសិទ្ធិភាព ព្រោះស្វតល្អិត ឬកត្តាស្វតចង្រៃភាគច្រើនចេញមកនៅពេលយប់។
ក្នុងការស្រោចនេះ កសិករគួរតែប្រើម៉ាសពាក់មុខ ស្រោមដៃស្រោមជើងដើម្បីការពារកុំឲ្យរងឬប៉ះជាមួយសារធាតុពុលព្រោះអាចនឹងធ្វើឲ្យរមាស់។ ថ្នាំពុលធម្មជាតិអាចរក្សាទុកបានរហូតពីប្រាំមួយខែដល់មួយឆ្នាំ បើទុកយូរលើសពីនេះ នឹងក្លាយជាជីទឹកវិញម្ដង។ ការចំណាយលើការផលិតថ្នាំពុលធម្មជាតិ មិនប្រើថវិកាច្រើនទេ ព្រោះអាចប្រើវត្ថុធាតុដើមដែលមាននៅក្នុងសហគមន៍។
លោក វង្ស សាវឿន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ថ្នាំពុលធម្មជាតិ និងថ្នាំពុលគីមីមានកម្រិតពុលខុសគ្នា ខណៈដែលប្រជាជនមួយចំនួនមិនទាន់បានយល់ដឹងច្បាស់ពីផលប៉ះពាល់កម្រិតណានៅឡើយ។ លោកបានគូសបញ្ជាក់ដូច្នេះថា៖«ថ្នាំពុលធម្មជាតិមិនបង្កការប្រឈមដល់អាយុជីវិតនោះទេ ប៉ុន្តែដោយឡែកថ្នាំពុលគីមីអាចប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ហើយបង្កជំងឺរ៉ាំរ៉ៃដល់សាពាង្គកាយ ដែលអាចប៉ះពាល់អាយុជីវិតមនុស្ស ស្វត រុក្ខជាតិ និងបរិស្ថានទៀតផង»។
ជាមួយគ្នានេះដែរ លោក វង្ស សាវឿន បានស្នើដល់រដ្ឋាភិបាល និងអង្គការដែលពាក់ព័ន្ធ ចូលរួមជួយផ្សព្វផ្សាយដល់ប្រជាជនឲ្យយល់ដឹងកាន់តែទូលំទូលាយអំពីថ្នាំពុលធម្មជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមី៕
© រក្សាសិទ្ធិដោយ thmeythmey.com