ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ​នៅ​អា​រ៉ែ​ង ទទួលផល​ដោយផ្ទាល់ និង​ប្រយោល​ពី​វិស័យ​ទេសចរ​ក្នុង​តំបន់​
13, Jan 2019 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កោះកុង​៖ អា​រ៉ែ​ង​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បែប​ធម្មជាតិ នៅក្នុង​ខេត្តកោះកុង​។ អ្នកទេសចរ អាចធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​ទៅ​តំបន់​ព្រៃភ្នំ ទឹកជ្រោះ និង​មើល​សត្វព្រៃ​ជាដើម​។ ក្រៅពី​ដើរ​កម្សាន្ត​ក្នុង​តំបន់​ទេសចរណ៍​ជាង​៦០​កន្លែង ភ្ញៀវទេសចរ ក៏បាន​រួមចំណែក​ជួយ​ជីវភាព​ប្រជាជន​នៅក្នុង​តំបន់ តាមរយៈ​ការទទួល​សេវា​ពី​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង​ផងដែរ​។ សហគមន៍​នេះ មាន​ផ្ដល់​សេវាកម្ម​ទេសចរណ៍​៧​ប្រភេទ ដែល​ផ្ដល់​ប្រយោជន៍​ទៅដល់​ប្រជាជន​ទាំង​៣​ឃុំ​។



​ដើម្បី​បាន​ជ្រាប​ច្បាស់ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ កញ្ញា ប៉ូ សា​គុន នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖



 
 
​បើ​គេ​ធ្វើដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តកោះកុង មាន​រយៈ​ចម្ងាយ​២៧១​គីឡូម៉ែត្រ តាមផ្លូវ​ជាតិ​លេខ​៤ និង​លេខ​៤៨​។ ទៅដល់​ទី​រួម​ខេត្តកោះកុង គេ​ត្រូវ​ធ្វើដំណើរ​៨៥​គីឡូម៉ែត្រ​ទៀត តាមផ្លូវ​ក្រាល​ក្រួស​ក្រហម ដែល​អ្នកស្រុក​តែង​ហៅថា​ផ្លូវបំបែក​វាល​ពីរ ដើម្បី​បាន​ទៅដល់​តំបន់​អា​រ៉ែ​ង​។ ដំណើរ​ដ៏​វែងឆ្ងាយ លើផ្លូវ​ក្រាល​ក្រួស​ក្រហម​ដូច​ពស់​ដ៏​ធំ​មួយ លូន​កាត់​ព្រៃ កាត់​ភ្នំ អមដោយ​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ជួរ​ភ្នំ​រាប់មិនអស់ លម្អ​ដោយ​រុក្ខជាតិ​តូចធំ​មិន​ដាច់​។ 
 
​ជិះ​កាត់​ភូមិ​អ្នកស្រុក​ចូល​ព្រៃ ផុត​ព្រៃ​ចូល​ភូមិ​ចម្ងាយ​ផ្លូវ​ប្រមាណ​៨៥​គីឡូម៉ែត្រ កំដរ​ដោយ​ទេសភាព​ព្រៃភ្នំ​ធម្មជាតិ​ដ៏​ស្រស់បំព្រង នោះគេ​នឹង​ទៅដល់​ភូមិ​ជំនាប់ ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្តកោះកុង ដែល​នៅទីនេះ​មាន​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង​។ សហគមន៍​នេះ​បង្កើត​ឡើយ​ដើម្បី​ការពារ​ធនធានធម្មជាតិ និង​វប្បធម៌​ប្រកបដោយ​និរន្តរភាព​ដល់​ក្មេងជំនាន់ក្រោយ ព្រមទាំង​លើកកម្ពស់​ដល់​ជីវភាព​ប្រជាជន​តាមរយៈ​សេវា​ទេសចរណ៍ ផ្សព្វផ្សាយ និង​បន្ថែម​ចំណេះដឹង​ទៅ​ក្មេងជំនាន់ក្រោយ ពី​ការទំនាក់ទំនង​និង​វប្បធម៌ ជាមួយ​ភ្ញៀវទេសចរ​។​
 
​លោក ទិ​ត្យ លី ជា​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង បាន​និយាយថា គោលដៅ​ធំៗ​៣​ចំណុច​ដែល​សហគមន៍​ផ្ដោត​សំខាន់​រួមមាន ការអភិរក្ស​ធនធាន​ធម្មជាតិ និង​វប្បធម៌ លើកកម្ពស់​ជីវភាព​ប្រជាជន រួមទាំង​ការផ្លាស់ប្ដូរ​ចំណេះដឹង និង​វប្បធម៌ រវាង​អ្នក​ក្នុង​តំបន់ ទៅ​ភ្ញៀវ​ដែល​មក​កម្សាន្ត​។ លោក ទិ​ត្យ លី បញ្ជាក់​៖«​ចង់​អភិរក្ស​ធនធានធម្មជាតិ​និង​វប្បធម៌​ក្នុង​តំបន់ ហើយ​ទី​២​យើង​ចង់ឱ្យ​ជីវភាព​របស់​ប្រជាជនមាន​ការរីកចម្រើន មានន័យថា​បង្កើន​មុខរបរ​របស់​ពួកគាត់ ឱ្យ​គាត់​មានការ​ងារ​ពី​ទេសចរណ៍ ហើយ​ទី​៣​យើង​ចង់ឱ្យ​ការផ្លាស់ប្ដូរ​នូវ​វប្បធម៌​របស់​ប្រជាជន និង​ភ្ញៀវ​ទេសចរណ៍ ជា​លក្ខណៈ​ស្រូបយក​ចំណេះដឹង​ពី​ទេសចរណ៍​»​។ 


 
​លោក ទិ​ត្យ លី ដែល​ធ្វើការ​ក្នុង​សហគមន៍​នេះ​អស់​រយៈពេល​បី​ឆ្នាំ​មកហើយ​នោះ ថា​សមាគមន៍​បានជ្រើសរើស​សមាជិក​សេវាកម្ម ដែលមាន​ផ្ទះ​ស្នាក់ ចុងភៅ​ផ្ទះ​និង​ព្រៃ ភ្នាក់ងារទេសចរណ៍ ម៉ូតូឌុប និង​ទូក​ចែវ​ជាដើម ដែល​គ្របដណ្ដប់​ទាំង​៣​ឃុំ​នៅ​តំបន់​អា​រ៉ែ​ង​។ លោក​បន្ថែម​យ៉ាង​ដូច្នេះ​៖« យើង​ជ្រើសរើស​គាត់​ជា​សមាជិក​សេវាកម្ម ដែលមាន​សេវាកម្ម​ចំនួន​៧ ផ្ទះ​ស្នាក់ មគ្គុទេសក៍ ចុងភៅ​ភូមិ​និង​ព្រៃ ម៉ូតូឌុប និង​ទូក​ចែវ​។ សេវាកម្ម​ទាំងនោះ​យើង​អាច​ជ្រើសរើស​គាត់​ក្នុង​មួយក្រុមៗ​៣០ ឬ​៥០​នាក់​។ ក្នុងចំណោម​ភ្ញៀវ​មក​មួយក្រុម យើង​ប្រើប្រាស់​បាន​៣​ទៅ​៤​សេវាកម្ម​»​។ 
 
​តំបន់​ទេសចរណ៍​ជាង​៦០​កន្លែង អ្នកទេសចរ អាច​មើល​ទេសភាព​ព្រៃភ្នំ សត្វព្រៃ​កម្រៗ និង​ទឹកជ្រោះ បាន​ច្រើន ឬ​តិច អាស្រ័យ​ទៅតាម​ភ្ញៀវ​ទិញ​កញ្ចប់​ទេសចរណ៍​។ ប្រធាន​សហគមន៍​បាន​ពន្យល់​យ៉ាង​ដូច្នេះ ៖« តំបន់​គោលដៅ​សំខាន់ៗ​របស់​យើង មាន​មើល​ទេសភាព​ខ្នងភ្នំ ដូចជា​ខ្នង​ម្រេចកង្កែប មើល​ទឹកធ្លាក់​មាន​កម្ពស់​១៥០​ម៉ែត្រ នៅ​ឆាយ​តាប៉ាង​។ មាន​តំបន់​ឆាយ​នៅ​ជិតៗ មាន​ឆាយ​តា​ហី​ង ជា​ជុំរុំ​បោះតង់ ឆាយ​ពោរ​៩ និង​វាល​ខ្សាច់​។ មាន​ប្រភេទ​តំបន់​វប្បធម៌​ដែរ ដូចជា​មាន​ពាង​បុរាណ​មាន​ឆ្អឹង ដែលមាន​អាយុកាល​ជាង​៥០០​ឆ្នាំ​។ យើង​ក៏មាន​សត្វ​កម្រ​ដូចជា​ក្រពើ​ភ្នំ និង​ត្រី​នាគ​ដែរ​។ កញ្ចប់​ទេសចរណ៍​ចាប់ពី​មួយថ្ងៃ រហូតដល់​៦​យប់​៧​ថ្ងៃ​។ សម្រាប់​ភ្ញៀវ​ម្នាក់ ក្នុង​មួយថ្ងៃ​គាត់​ចំណាយ​ទៅលើ​មគ្គុទេសក៍​ទេសចរណ៍​តែ​១០​ដុល្លារ តែបើ​គាត់​សម្រាក​នៅក្នុង​ព្រៃ​គាត់​ត្រូវ​ចំណាយ​អស់​២០​ទៅ​៣០​ដុល្លារ​»​។​
 
​ក្រោយពី​បង្កើត​សហគមន៍ ប្រជាជន​ក្នុង​តំបន់​បាន​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការបង្កើត​សហគមន៍​ច្រើនជាង​មុន ហើយ​ឱ្យ​ភ្ញៀវ​ស្គាល់​តំបន់​អា​រ៉ែ​ង​កាន់តែច្រើន​។ ចំណែក​ផលវិបាក​វិញ លោក ទិ​ត្យ លី បញ្ជាក់ថា​មិនទាន់មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​នៅឡើយ ដើម្បី​បាន​ទៅដល់​ភូមិ​ដាច់ស្រយាល រួមទាំង​សេវា​ទូរ​សព្ទ និង​កន្លែង​ទទួលទាន​អាហារ​នៅ​មិនទាន់​បានល្អ​។ ទោះជា​យ៉ាងណា លោក ទិ​ត្យ លី ថា សហគមន៍​ធ្វើយ៉ាងណា​ជំរុញ​ភ្ញៀវ ឱ្យទៅ​ទទួល​សេវា​នៅ​ភូមិ​ដាច់​ស្រ​យ៉ា​ល​ឱ្យបាន​កាន់តែច្រើន​។ លោក លី បន្ថែម ៖« ទាក់ទង​ជាមួយ​ផល​លំបាក គឺ​យើង​នៅ​មិនទាន់មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ទៅតាម​ភូមិ​ដាច់​ស្រ​យ៉ា​ល ក៏ដូចជា​សេវា​ទូរ​សព្ទ ពិបាក​ទាក់ទង​សមាជិក​សេវាកម្ម ដើម្បី​បម្រើសេវា​។ មួយទៀត​យើង​មិនទាន់មាន​សម្ភារ ដូចជា​ឧបករណ៍​គ្រប់គ្រាន់​ក្នុង​ការបម្រើ​សេវាកម្ម​ភ្ញៀវ ដូចជា​កន្លែង​ញ៉ាំ​អាហារ​អីហ្នឹង​។ ធ្វើ​យ៉ាងម៉េច​ជំរុញ​ភ្ញៀវ​ឱ្យ​គាត់​បាន​ទៅ​តំបន់ ភូមិ​ដាច់ស្រយាល​ឱ្យបាន​គ្រប់​ភូមិ ក្នុង​ដំណើរការ​បង្វិល​វេន​របស់​សមាជិក​»​។​
 
​សម្រាប់​ការធ្វើដំណើរ​កម្សាន្ត​តាម​ព្រៃភ្នំ​នេះ ភ្ញៀវទេសចរ​គួរ​ត្រៀម​សម្ភារ​មួយចំនួន​នៅ​រដូវប្រាំង​ដូចជា​ស្បែកជើង​ប៉ា​តា អាវ​រងា រីឯ​ខែវស្សា​ត្រូវមាន​ស្បែកជើង​កវែង អាវ​រងា និង​កាបូប​ការពារ​ទឹក​ភ្ញៀវ​។ ប្រធាន​សហគមន៍​រូប​នេះ បាន​សំណូមពរ​ដល់​ភ្ញៀវទេសចរ​សូម​សហការ​ជាមួយ​សហគមន៍ ដើម្បី​ជួយ​ជីវភាព​ប្រជាជន​ក្នុង​តំបន់ ដែល​បញ្ជាក់​យ៉ាង​ដូច្នេះ ៖« រដូវប្រាំង​ពួកគាត់​ត្រូវមាន​ស្បែកជើង​ប៉ា​តា មាន​អាវ​រងា​ខ្លះ​ដែរ អាចមាន​អង្រឹង​សម្រាប់​សម្រាក​។  អ្វីដែល​ពួកគាត់​ត្រូវ​ត្រៀម គឺ​ស្បែកជើង​ដើរ​ព្រៃ អាវដៃវែង​ខោ​វែង​។ រដូវវស្សា​ពួកគាត់​ត្រូវ​ត្រៀម​ស្បែកជើង​កវែង សម្រាប់​ដើរ​ព្រៃ​ដើរ​ក្រុង​ទឹក ហើយ​ពួកយើង​ក៏មាន​ជួល​អាវ​ភ្ញៀ​ង​សម្រាប់​រដូវវស្សា​ដែរ ហើយ​កាបូប​របស់​ពួកគាត់ ត្រូវតែ​ជា​ប្រភេទ​ការពារ​ទឹកភ្លៀង​»​។​
​ប្រជាជន​នៅក្នុង​តំបន់​អា​រ៉ែ​ង​ភាគច្រើន​គឺជា​កសិករ​។ ក្រៅពី​កសិកម្ម ពួកគេ​មិនមាន​ចំណូល​អ្វី​បន្ថែម​ឡើយ​។ ដ្បិតតែ​ចំណូល​ដែល​បាន​ពី​ការផ្ដល់​សេវាកម្ម​ដល់​ភ្ញៀវទេសចរ នៅ​មិនទាន់​ធ្វើឱ្យ​ជីវភាព​ប្រជាជន​ក្នុង​តំបន់ បាន​ប្រសើរ​ច្រើន​នៅឡើយ តែ​អ្នកភូមិ​នៅតែ​សប្បាយចិត្ត ព្រោះ បើ​មាន​ភ្ញៀវ​មកលេង​កាន់តែច្រើន ពួកគេ​ក៏បាន​ចំណូល​កើនឡើង​ដែរ​។​
​លោក ផេង ផាន់ ដែលមាន​វ័យ​៣៦​ឆ្នាំ គឺជា​ចុងភៅ​ព្រៃ​។ លោក​បានធ្វើការ​នេះ​រយៈពេល​មួយឆ្នាំ​មកហើយ​។ កំពុងតែ​រៀបចំ​ស្បៀង​ដាក់​លើ​ម៉ូតូ ដែល​នឹងត្រូវ​ធ្វើដំណើរ​ទៅ​ព្រៃភ្នំ​ឱ្យបាន​មុន​ភ្ញៀវ​មកដល់ ដើម្បី​ចំអិន​ឱ្យ​ឆ្អិន​ស្រេច​។ លោក ផាន់ ឆ្លៀត​ផ្ដល់​បទ​សម្ភាស​ឱ្យ​សារព័ត៌មាន​ថ្មីៗ​ថា អាហារ​ដែល​យកទៅ​ចំអិន​នៅក្នុង​ព្រៃ មាន​ពង​ទា និង​ត្រី​ចៀន​។ យូរៗ​ម្ដង​មាន​ម្ហូបទឹក​ដែរ​។ លោក ផាន់ បញ្ជាក់ ៖«​ភាគច្រើន​មាន​ចៀន​ពង​ទា ប្រឡាក់សាច់​អាំង ត្រីអាំង​។ ជួន​កាលបើ​ភ្ញៀវ​មក​ច្រើន​គេ​មាន​សាច់គោ ពី​នោះមក​គេ​យកទៅ​ហូប​។ ម្ហូបទឹក​ស្ល​ប្រហើរ​អី បាន​ម្ដងម្កាល​ដែរ ដូច​ថា​មាន​ភ្ញៀវ​ច្រើន កាន់​ទៅ​មិន​អស់វា​ពិបាក​ដែរ​»​។​
 
​រូប​ទី​២ 


ចុងភៅ​រូបនេះ​មិន​ពិបាក​ឡើយ ក្នុង​ការធ្វើ​ម្ហូប​ក្នុងព្រៃ ព្រោះ​លោក​ក៏​ធ្លាប់​ដើរ​ព្រៃ​ដែរ តែមាន​ឧបសគ្គ​បន្តិច​ប​ន្ទួ​ច នៅពេល​ដែលមាន​ភ្លៀង​។ ក្នុង​មួយក្រុម​ភ្ញៀវ ត្រូវមាន​ចុងភៅ​២​នាក់ ដើម្បី​លី​សម្ភារ​ចម្អិន និង​ស្បៀង​។ លោក ផាន់ នឹង​ទទួលបាន​ប្រាក់​១០​ម៉ឺន​រៀល ប្រសិនបើ​លោក​ចំអិន​អាហារ​ឱ្យ​ភ្ញៀវ​១០​នាក់​។ «​បើ​ថ្ងៃ​ណា​ភ្លៀវ​រាង​ពិបាក​បន្តិច​ដែរ បើ​រាំង​មិន​អី​ទេ​។ ពេល​ភ្លៀង​យើង​មាន​តង់​ប្រក់​ពីលើ​។ សាច​ខ្លះ​ដែរ​បើ​មាន​ខ្យល់​មក​ខ្លាំង​។ បើ​អត់​ខ្យល់​ដាំបាយ​ធម្មតា​ដូច​យើង​ដាំបាយ​ក្នុងផ្ទះ​ដែរ​។ ខ្ញុំ​ចុងភៅ​អីចឹង ខ្ញុំ​ទៅមុន យើង​ត្រូវការ​ដាំបាយ​ឱ្យ​ភ្ញៀវ​ឆ្អិន​មុន ភ្ញៀវ​ទៅដល់​គេ​ហូប​»​។ នេះ​ជាការ​បន្ថែម​របស់លោក ផាន់​។​
 
​ចំណែក​លោក សុខា តាំង អាយុ​២៦​ឆ្នាំ គឺជា​ភ្នាក់ងារ​នាំ​ភ្ញៀវទេសចរ បាន​និយាយថា​ខ្លួន​ធ្វើការ​នេះ​ទើបបាន​រយៈពេល​៧​ខែ​។ ជា​អ្នក​ធ្លាប់មាន​បទពិសោធន៍​ដើរ​ព្រៃ​លោក តាំង ថា​ខ្លួន​អាច​ដឹង​ពី​ផ្លូវ​សត្វ​សាហាវ​ដើរ និង​អាច​ហិត​ដឹង​ក្លិន​សត្វ​សាហាវ​ផងដែរ​។ លោក សុខា តាំង បញ្ជាក់  ៖« ធ្លាប់​ឃើញ​ដាន​វា ធ្លាប់​ដើរ​មើលឃើញ​ផ្លូវ​វា ដល់​ចឹ​ង​យើង​ប្រាប់​ភ្ញៀវ​ទៅ ភ្ញៀវ​ដឹង​ដែរ​។ យើង​ដើរទៅ​ឃើញ​ចេះតែ​ឃើញ​ហ្នឹង ដឹង​សត្វ​ទៅដល់​ណា​អស់ហើយ យើង​មិនដឹង​ដែរ​។ ធំក្លិន​សត្វ​នោះ ក្លិន​ទឹកនោម​វា ក្លិន​វា មានតែ​ជ្រូក​ទេ​លឿន​»​។​

 
​មគ្គទេសក៍​ទេសចរ​រូបនេះ មិនមាន​ឧបសគ្គ​អ្វី​ឡើយ​សម្រាប់​ការនាំ​ភ្ញៀវ​ដើរ​ព្រៃ​។ តែ​អ្វី​ដែលជា​បញ្ហា​នោះ គឺ​ការប្រើប្រាស់​ភាសា​អង់គ្លេស​នៅពេលដែល​នាំ​ភ្ញៀវ​បរទេស​។ ដើម្បី​បង្ការ​សត្វ​សាហាវ​បៀតបៀន​នៅពេល​យប់ គេ​ត្រូវ​ដុត​ភ្លើង​។ លោក តាំង បញ្ជាក់​យ៉ាង​ដូច្នេះ ៖«​ពិបាក​ត្រង់​ថា​យើង​មិនចេះ​ភាសា​អង់គ្លេស យើង​បានត្រឹមតែ​ជូនទៅ តែ​គេ​មាន​អ្នកបកប្រែ​។ នៅពេល​យប់ ដើម្បី​បញ្ចៀស​ពី​សត្វ​សាហាវ មានតែ​ដុត​ភ្លើង​ទេ​។ វា​ធំក្លិន​ផ្សែងភ្លើង វា​មិន​មក​ជិត​ទេ​»​។​
 
​ងាក​មក​លោក ជួន វណ្ឌី ជា​អ្នក​ដឹក​ភ្ញៀវ​តាម​គោយន្ត​ទៅ​តំបន់​កម្សាន្ត ដែល​ទើបតែ​សម្រាក​ពី​ការបង់​សំណាញ់​នៅ​ដងស្ទឹង​អា​រ៉ែ​ង បាន​និយាយថា ខ្លួន​បាន​ចូល​ជា​សមាជិក​ក្នុង​សហគមន៍ ដោយ​ដាក់​សេវា​ម៉ូតូឌុប​។ ព្រោះតែ​មិនមាន​លទ្ធភាព ដំបូង​ឡើយ លោក​បានដាក់​ម៉ូតូ​ជា​សេវា​ដឹក​ភ្ញៀវ ហើយ​យូរៗ​ម្ដង លោក​យក​គោយន្ត​ប្រើ ពេល​មាន​ភ្ញៀវ​ច្រើន​ក្នុងពេល​បច្ចុប្បន្ន​។ «​ទើប​ជូន​គេ​បាន​២​ជើង​នៅឡើយ​ហ្នឹង​ខែ​ហ្នឹង​។ ក្នុង​មួយ​ជើង​យក​តម្លៃ​១០​ម៉ឺន​។ គេ​ហៅ​ប្រាប់ថា ព្រលឹម​ឡើង គេ​ចុះ​មកវិញហើយ អីចឹង​នៅ​ប្រហែល​ម៉ោង​៧ ឬ​៨​ចឹ​ង ខ្ញុំ​បើក​គោយន្ត​ទៅ​ចាំ​គេ​។ 

 
​ពីមុន​កាល​គេ​បង្កើត​ហ្នឹង គេ​ដាក់ឱ្យ​ប្រើប្រាស់​សេវា​ហ្នឹង​ដែរ តែ​កាលនោះ​ខ្ញុំ​មិនទាន់មាន​គោយន្ត អត់​ទាន់​មាន​ម៉ូតូ ខ្ញុំ​ដាក់​តែ​សេវា​ម៉ូតូឌុប​ចោល​»​។ នេះ​ជាការ​បន្ថែម​របស់លោក វណ្ឌី​។​
​ក្រៅពី​សេវាកម្ម​ខាងលើ សេវាកម្ម​ផ្ទះ​ស្នាក់ ក៏​សំខាន់​ណាស់​សម្រាប់​ភ្ញៀវ​។ កញ្ញា មា​ជ ពេញ គឺជា​ម្ចាស់ផ្ទះ​ស្នាក់​មួយរូប ដែល​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ស្វាយ ឃុំ​ថ្ម​ដូន​ពៅ ស្រុក​ថ្មបាំង ខេត្តកោះកុង​។ ជនជាតិដើម​ភាគតិច​ជង​រូបនេះ ផ្ដល់​សេវាកម្ម​ផ្ទះ​ស្នាក់​ក្នុង​មួយ​បន្ទប់​២​ម៉ឺន​រៀល ដែល​អាច​ស្នា​ក់បាន​២​នាក់​។ តម្លៃ​នេះ ត្រូវ​កាត់​ចូលទៅ​សហគមន៍​៨​ពាន់​រៀល​។ ផ្ដល់​សេវា​ផ្ទះ​ស្នាក់​ដល់​ភ្ញៀវ​ក៏​ពិត តែ​សម្ភារ​ប្រើប្រាស់​ទាំងអស់​សម្រាប់​ផ្ដល់ឱ្យ​ភ្ញៀវ ខាង​សហគមន៍​ជា​អ្នកចំណាយ​។ 
 
​កញ្ញា ពេញ បន្ថែម ៖«​មួយ​បន្ទប់​ដាក់​បាន​២​នាក់​។ តែបើ​ភ្ញៀវ​គាត់​មិន​ចង់​បែក អាចដាក់​បីនាក់ យើង​ត​កន្ទេល​បាន​។ គិត​មួយ​បន្ទប់​៥​ដុល្លារ​ហ្មង​។ មុននឹង​គេ​ឱ្យ​យើង​ចូល​ហ្នឹង គេ​ប្រាប់ថា​ទីមួយ ចេះ​សម្អាតផ្ទះ ហើយ​ទីធ្លា​ផ្ទះ​ត្រូវ​សម្អាត​តែ​ចំពោះ​ខ្ញុំ​ស្អាត​ចឹ​ង​តាំងពីដើម​។ តម្រូវឱ្យមាន​របង ហើយ​មាន​ស្លាក​ផ្ទះ តែដោយសារ​ខ្ញុំ​មិនទាន់​ធ្វើ ទី​៣​គឺ​សម្ភារ ដែល​គេ​ចែក​ឱ្យ​យើង គឺ​យើង​មិន​ប្រើប្រាស់​ទេ ពេលណា​មាន​ភ្ញៀវ​ទើប​ប្រើ​»​។ 
 

 
​ផ្ទះ​ដែល​អាចដាក់​ក្នុង​សេវា​កម្មបាន ទាល់តែ​បរិស្ថាន​ស្អាត​ជានិច្ច ទាំង​ផ្ទះ និង​ទីធ្លា​ជំវិញ​ផ្ទះ​។ សម្រាប់​សន្តិសុខ​នៅក្នុង​ភូមិ​នេះ​វិញ មិនមាន​ចោរ ឬ​អសន្តិសុខ​នោះឡើយ ព្រោះ​មាន​ប៉ូលិស​ល្បាត​រាល់​ល្ងាច និង​យប់​។ កញ្ញា ពេញ បញ្ជាក់ ៖« នៅទីនេះ​មិនមាន​ចោរ​ទេ សូម្បី​របស់របរ​ទុក​ក្រោមផ្ទះ​ក៏​មិន​អី​ដែរ ដោយសារតែ​ប៉ូលិស​គេ​ធ្វើការ គេ​ល្បាត​រាល់​យប់ និង​ពេល​ល្ងាច ហើយ​ទី​២​ក្មេងៗ​ស្ទាវ វា​មិនមាន​ការសេព​គ្រឿងញៀន​នេះ​ទេ​។ តែបើ​សិន​ជាមាន​អ្នក​ចំណូល​ហូរ​ចូល​ច្រើន អាហ្នឹង​យើង​មិនទាន់​ថា​ដែរ​ណា​។ តែបើ​នៅពេល​បច្ចុប្បន្ននេះ វា​អត់​មាន​ក្មេង​ទំនើង ល្បែង​។ មិន​អត់​មាន​សោះ​ទេ មាន​ដែរ​តែ​តិចតួច​»​។ 
 
​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង បើក​ដំណើរការ​នៅ​ដើមឆ្នាំ​២០១៦ ដោយ​ទទួល​ជំនួយ​ទាំងស្រុង​ពី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​នេះ​។ សហគមន៍​នេះ មាន​គោល​ការឱ្យ​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ទទួល​សេវា​ពី​សហគមន៍ ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រជាជន និង​ដើម្បី​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ដែល​អាច​កើតឡើង​ក្នុងពេល​ដើរ​ព្រៃ​។ តាំងពី​បង្កើត​រហូតដល់​បច្ចុប្បន្ន សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង ទទួលបាន​ភ្ញៀវ​ប្រមាណ​២​ពាន់​នាក់ ដែល​ភាគច្រើន​ជា​ភ្ញៀវ​ជាតិ​៕

Tag:
 កោះកុង​
  អា​រ៉ែ​ង​
  ទេសចរណ៍​
  សេដ្ឋកិច្ច​
 
© រក្សាសិទ្ធិដោយ thmeythmey.com