ជាតិ
លោក ទេព រិនដារ៉ូ ប្រាប់អាថ៌កំបាំងដែលធ្វើឲ្យលោកនៅក្មេងជាងវ័យ និងសុខភាពមាំមួន
× ភ្នំពេញ៖ បច្ចុប្បន្នតារាភាពយន្តល្បីលោក ទេព រិនដារ៉ូ មានអាយុ៥៦ឆ្នាំហើយ ប៉ុន្តែលោកមើលទៅក្មេងជាងវ័យ មានរូបរាងស្រស់សង្ហា និងមានសុខភាពមាំមួនផងដែរ។ តារាសម្តែងរូបនេះបានឲ្យសារព័ត៌មានថ្មីៗដឹងថា អាថ៌កំបាំងដែលនាំឱ្យលោកមានលទ្ធផលដូចសព្វថ្ងៃ គឺលោកហាត់ប្រាណជាប្រចាំ បរិភោគអាហារ និងទឹកបានត្រឹមត្រូវ។ ជាពិសេស លោកចៀសវាងការទទួលទានអាហារមានជាតិខ្លាញ់ និងគ្រឿងស្រវឹង។
លោក ទេព រិនដារ៉ូ ពាក់អាវយឺតពណ៌សដែលមើលទៅឃើញរាងមាំ និងអង់អាច។ លោក បានបន្តរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗទៀតថា ក្រៅពីហាត់ប្រាណ និងទទួលទានទឹកច្រើនជាប្រចាំ លោកក៏ទៅពិនិត្យសុខភាពរៀងរាល់៣ខែម្ដងផងដែរ។ តារាសម្តែងរូបនេះ ក៏មិនព្រងើយចំពោះអាហារប្រចាំថ្ងៃដែរ។ លោក ទេព រិនដារ៉ូ បញ្ជាក់ដូច្នេះ៖«ខ្ញុំមានម្ហូបពិសេស ដែលម្ដាយខ្ញុំ និងអ្នកផ្ទះខ្ញុំបានដឹង គឺបុកអំព្រឹក។ បុកអំព្រឹកហ្នឹង ជាអាហារមួយខ្ញុំចូលចិត្តណាស់។ អ្នកបាត់ដំបងបានស្គាល់ អ្នកភ្នំពេញខ្លះគេថាទឹកគ្រឿង តែខុសគ្នា ព្រោះបុកអំព្រឹកគេមានដាក់ត្រប់ពុតលំញងច្រើន។ ហើយនំបញ្ចុករបៀបខ្មែរៗហ្នឹងខ្ញុំចូលចិត្ត» ។
តារាសម្ដែងរាងខ្ពស់ស្រស់សង្ហារូបនេះ បញ្ជាក់ទៀតថា លោកមិនសូវបរិភោគអាហារនៅក្នុងហាងឡើយ ព្រោះវាអាចធ្វើឱ្យឆាប់ធាត់។ លោក ក៏មិនបដិសេធទទួលទានអាហារដែលគេលក់តាមចិញ្ចើមផ្លូវដែរ ឲ្យតែវាមានអនាម័យ និងខ្លួនលោកយល់ថា មិនប៉ះពាល់ដល់សុខភាពខ្លួន។ ប៉ន្តែអាហារដែល លោក ទេព រិនដារ៉ូ មិនសូវពិសា គឺអាហារដែលសម្បូរជាតិខ្លាញ់ និងស្រាបៀរជាដើម។ «ស្រាបៀរ វាធ្វើឱ្យយើងមានក្បាលពោះ និងប៉ះពាល់សុខភាពដែរ។ មិនមែនខ្ញុំរើសអើងម្ហូបទេ តែខ្ញុំប្រយ័ត្នពីសុខភាព។ ដូច្នេះអាហារដែលមើលទៅ មិនសូវមានអនាម័យខ្ញុំគេច»។ លោក ដារ៉ូ បន្ថែមដូច្នេះ៕
Tag:
ភ្នំពេញ
ទេព រិនដារ៉ូ
តារាភាពយន្ត
ភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com