អន្តរជាតិ
អា​រ៉ា​ប៊ី​សា​អូឌីត​គ្រោង​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង តម្លៃ​១០​ពាន់​លាន​ដុល្លារ​នៅ​ប៉ា​គី​ស្ថាន​
13, Jan 2019 , 5:29 pm        
រូបភាព
ដោយ:
​អា​រ៉ា​ប៊ី​សា​អូឌីត គ្រោង​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង តម្លៃ​១០​ពាន់​លាន​ដុល្លារ នៅ​កំពង់ផែ​ទឹក​ជ្រៅ​Gwadar របស់​ប៉ា​គី​ស្ថាន ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ជំនួយ​ពី​ចិន​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​ថាមពល​អា​រ៉ា​ប៊ូ​សា​អូឌីត លោក Khalid al-Falih នៅ​ថ្ងៃទី​១២ ខែមករា​។

 
​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅឯ​កំ​ពង់​ផែ Indian Ocean នៅ​ថ្ងៃទី​១២ ខែមករា លោក​រដ្ឋមន្ត្រី khalid al-falih បាន​គូសបញ្ជាក់ថា ៖«​អា​រ៉ា​ប៊ី​សា​អូ​ឌី​ចង់​ធ្វើ​ឲ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប៉ា​គី​ស្ថាន​មាន​ស្ថិរភាព ដោយ​ការបង្កើត​រោងចក្រ​ចម្រាញ់​ប្រេង និង​ភាពជា​ដៃគូ​ជាមួយ​ប៉ា​គី​ស្ថាន​នៅក្នុង​គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​ប៉ា​គី​ស្ថាន​-​ចិន​»​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters  ព្រះអង្គម្ចាស់ Mohammad bin Salman ឬ​ស្គាល់​ថា MBS  នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប៉ា​គី​ស្ថាន​នា​ខែក្រោយ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Khalid ដោយបាន​បន្ថែមទៀតថា អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​នឹង​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​ផ្សេងទៀត​ផងដែរ​។ 
 
​មុន​នឹងមាន​វត្តមាន​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ក្រុង​ប៉េកាំង​បាន​សន្យារ​ផ្តល់ប្រាក់​ប្រមាណ ៦០​ពាន់​លាន​ដុល្លារ ជា​ផ្នែក​មួយ​នៃ​គម្រោង​ច្រករបៀង​សេដ្ឋកិច្ច​ប៉ា​គី​ស្ថាន​-​ចិន (CPEC) ដែល​រួមបញ្ចូល​ដូចជា ការសាងសង់ ស្ថានីយ​ថាមពល​, ផ្លូវ​ល្បឿន​លឿន​, ផ្ល​វូ​ដែក និង​កំពង់ផែ​យុទ្ធសាស្ត្រ​។ គម្រោង​នេះ​គឺមាន​គោលដៅ​ដើម្បី ប្រែក្លាយ​ប៉ា​គី​ស្ថាន​ទៅជា ផ្លូវគោក​ដ៏​សំខាន់​មួយ ដែល​ភ្ជាប់​ពី​ភាគ​ខាងលិច​ប្រទេស​ចិន ទៅកាន់​ពិភពលោក​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ដដែល​នេះ រដ្ឋមន្ត្រី​ប្រេងឥន្ធនៈ​ប៉ា​គី​ស្ថាន  លោក Ghulam Sarwar Khan បាន​គូសបញ្ជាក់ថា ជាមួយ​ការបង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​កំពង់ផែ  Gwadar  អា​រ៉ា​ប៊ី​សា​អូឌីត​នឹង​ក្លាយ​ដៃគូ​ដ៏​សំខាន់​មួយ​នៅក្នុង​គម្រោង CPEC​។ 
 
​គួរ​បញ្ជាក់ថា ចាប់តាំងពី​រដ្ឋាភិបាល​ថ្មី​របស់លោក​នាយករដ្ឋមន្ត្រី Imran Khan ចូលកាន់​តំណែង​កាលពី​ខែសីហា​កន្លងទៅ ប៉ា​គី​ស្ថាន​បានទទួល​បាន​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ជាច្រើន ពី​អា​រ៉ា​ប៊ី​សា​អូឌីត​,  អេ​មី​រ៉ា​ត អារ៉ាប់​រួម និង​ចិន​៕

Tag:
 អា​រ៉ា​ប៊ី​សា​អូឌីត​
  ចិន​
  ប៉ា​គី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com