ជាតិ
បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ,​ឧ​ប​ទ្វីប​កូរ៉េ និង​រ៉ូ​ហ៊ីង​យ៉ា នឹងត្រូវ​ពិភាក្សា​ក្នុង​សភា​អាស៊ី​ប៉ាស៊ីហ្វិក​
14, Jan 2019 , 11:26 am        
រូបភាព
​សៀមរាប​៖ បញ្ហានយោបាយ សន្តិសុខ​តំបន់ និង​សេដ្ឋកិច្ច សុទ្ធសឹងតែ​ជា​របៀបវារៈ​សំខាន់ ដែល​រដ្ឋសភា​កម្ពុជា ប្រមូល​យកទៅដាក់​ប្រជុំពិភាក្សា​ជាមួយ​បណ្ដា​ថ្នាក់ដឹកនាំ​រដ្ឋសភា​ពី​បណ្ដាល​ប្រទេស​ផ្សេងៗ​ទៀត នៅក្នុង​កិច្ច​វេទិកាសភា​អាស៊ី​ប៉ាស៊ីហ្វិក APPF លើក​ទី​២៧  នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១៤​ដល់​១៧ មករា ។​

 
​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឈាង វុន បាន​និយាយថា បញ្ហានយោបាយ និង​សន្តិសុខ​ក្នុង​តំបន់​មួយចំនួន ដែល​ប្រធាន និង​ថ្នាក់ដឹកនាំ​សភា​ពី​បណ្ដា​ប្រទេស​ផ្សេងទៀត​ត្រូវ​ពិភាក្សាគ្នា​នោះ គឺ​ផ្តោតទៅលើ​ទំនាស់​រវាង​បណ្ដា​ប្រទេស ដែល​ខ្វែងគំនិត​គ្នា លើ​បញ្ហា​ដែនសមុទ្រ​ចិន​ខាងត្បូង បញ្ហា​ឧបទ្វីប​កូរ៉េ បញ្ហា​សិទ្ធមនុស្ស​រ៉ូ​ហ៊ីង​យ៉ា​ជាដើម​។​
 
​ថ្លែង​ចំពោះមុខ​អ្នកកាសែត មុន​កិច្ចប្រជុំសភា​អាស៊ី​ប៉ាស៊ីហ្វិក APPF លោក ឈាង វុន បាន​និយាយ​ដូច្នេះ​ថា​៖«​ពិភពលោក​សព្វថ្ងៃនេះ មានការ​លំបាក មានការ​ប្រឈម​ច្រើន​។ តែ​តំបន់​យើង​នេះ​ហាក់ដូចជា​នៅមាន​ភាព​ក្សេមក្សាន្ត សន្តិភាព នៅក្រោយពី​សង្គ្រាមត្រជាក់​ផុតរលត់​ទៅ តំបន់​ឥណ្ឌូចិន​យើង​នេះ ហាក់​មាន​ធូ​ស្បើយ​ច្រើន​។ ប៉ុន្តែ​យើង​នៅមាន​ចំណុច​ពីរ បី ដែល​ត្រូវ​ដោះស្រាយ ដូចជា​ទំនាស់​ដែនទឹក ដែន​គោក​រវាង​ប្រទេស​អាស៊ាន​ខ្លះ​ជាមួយនឹង​ប្រទេស​ចិន យើង​មាន​ភាព​ប្រឈម​នៅក្នុង​ឧបទ្វីប​កូរ៉េ ដែល​យើង​ត្រូវ​ជជែក​គ្នា​ដែរ​។ យើង​មាន​បញ្ហា​តិចតួច តែ​បញ្ហា​ហ្នឹង​វា​មាន​សភាព​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សិទ្ធមនុស្ស​នៅ​ភូមា ។ ទាំងអស់នេះ​សុទ្ធតែជា​ប្រធានបទ​ដែល​យើង​ត្រូវ​យកមក​ជជែក​គ្នា​»​។​


 
​ដ្បិត​បញ្ហា​អាស៊ាន​ទាំងនេះ ត្រូវបាន​លើកយក​មក​ពិភាក្សាគ្នា​ក្តី ប៉ុន្តែ​កម្ពុជា​នៅតែ​រក្សា​ជំហរ​ដោះស្រាយ​បញ្ហា​ខាងលើ ដោយ​ផ្អែកលើ​គោលការណ៍​អាស៊ាន និង​រក​ចំណុចរួម ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​។​នេះ​ជាការ​បញ្ជាក់​របស់លោក ឈាង វុន​។​
 
​ក្រៅពី​បញ្ហា​សន្តិសុខ​តំបន់ ក៏​នៅមាន​បញ្ហា​សេដ្ឋកិច្ច ការអភិវឌ្ឍ​ក្នុង​តំបន់​ដោយ​គ្មាន​ការរើសអើង រួមទាំង​បញ្ហា​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ក៏​ជា​របៀបវារៈ​ដែល​ត្រូវ​ពិភាក្សាគ្នា​ដែរ​។ ចំពោះ​របៀបវារៈ​ទាក់ទង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ដាក់​ក្នុង​កិច្ចប្រជុំ​នេះ ដោយសារតែ​កម្ពុជា ចង់​ជំរុញ​ឲ្យ​មាន​ស្ត្រី​កាន់តែច្រើន​ចូលរួម​សកម្មភាព​នយោបាយ ។​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឈាង វុន បាន​និយាយថា កិច្ចការងារ​នយោបាយ​មួយចំនួន ត្រូវការ​យោបល់​ពី​ស្ត្រី​ជា​ចាំបាច់ ព្រោះ​ស្ត្រី​មាន​ការគិតគូ​បាន​វែងឆ្ងាយ​ជាង​បុរស​ផងដែរ​។​
 
«​សភា​កម្ពុជា ក៏​ជា​រដ្ឋាភិបាល​កម្ពុជា​ដែរ​ថា តួនាទី​របស់​ស្ត្រី​នៅក្នុង​វិស័យ​នយោបាយ គឺ​ចាំបាច់​មិនអាច​ឲ្យ​ខ្វះ​បានទេ ដូច្នេះ​យើង​នឹង​ខំប្រឹង​ជំរុញ​។ បើសិនជា​ស្ត្រី​មាន​តួនាទី​កាន់តែច្រើន សភាពការណ៍​នយោបាយ នៅ​ក្នង​ប្រទេស​នីមួយៗ មាន​ភាពរឹងមាំ​កាន់តែខ្លាំង ព្រោះ​ស្ត្រី ចង់​មិន​ចង់ គាត់​គិតគូ​បាន​វែងឆ្ងាយ​ដែរ ភាគច្រើន​គាត់​មាន​ស្មារតី​រឹងមាំ ហើយ​មិន​ឆេវឆាវ​មិន​ច្រឡោត គាត់​មានការ​វិនិច្ឆ័យ​ខ្ពស់​។ ដូច្នេះ​ការ​គួបផ្សំ​នៅក្នុង​តួនាទី​នយោបាយ​ស្ត្រី ជាមួយ​នយោបាយ​បុរស​នេះ គឺមាន​សារៈសំខាន់​ណាស់​ចាំបាច់​ត្រូវតែមាន​។ នេះ​ជា​មោទកភាព​របស់​សភា​កម្ពុជា​យើង ដែល​បាន​ជំរុញ​ការងារ​នេះ ឲ្យ​ចេញ​ជា​រូបរាង​ឡើង​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋសភា​។​


 
​វេទិកាសភា​សភា​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២៧​នេះ ធ្វើឡើង​ក្រោម​មូលបទ​«​ការពង្រឹង​ភាពជា​ដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។ កិច្ចប្រជុំ​នេះ មាន​បណ្ដា​ថ្នាក់ដឹកនាំ​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា សរុប​២៣៩​រូប មកពី​២១​ប្រទេស​។ 
 
​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិបញ្ញត្តិ​ទាំងនោះ រួមមាន អូស្ត្រាលី ឡាវ រុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីក្រូ​ណេ​ស៊ី ចិន វៀតណាម ហ្វ៊ី​ជី នូ​វែ​ល​សេ​ឡង់ ម៉ុង​ហ្គោ​លី ម៉ិ​ក​ស៊ិ​ក ថៃ ជប៉ុន សាធារណរដ្ឋ​កូរ៉េ កាណាដា ស៊ី​លី ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ហ្វីលីពីន សិង្ហ​បុរី និង​ព្រុយ​ណេ​។ នេះ​បើតាម​រដ្ឋសភា​កម្ពុជា​។ 
 
​សូមបញ្ជាក់ថា វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (The Asia Pacific Parliamentary Forum) បាន​បង្កើតឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣​។ សភា​នៃ​កម្ពុជា បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​វេទិកាសភា​នេះ កាលពី​ឆ្នាំ​១៩៩៥​។ បច្ចុប្បន្ន APPF មាន​សមាជិក​ពេញ​សិទ្ធ​ចំនួន​២៧​ប្រទេស​៕
 

Tag:
 APPF
  សភា​អាស៊ី​
  ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com