កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ចិន ជប៉ុន និង​កូរ៉េខាងត្បូង ស្ថិតក្នុង​ចំណោម​៩​ក្រុម​ដែល​កក់​កៅអី​ទៅ​វគ្គ​បន្ត​
14, Jan 2019 , 11:49 am        
រូបភាព
​ហ្សកដានី ចិន កូរ៉េខាងត្បូង អ៊ីរ៉ង់ អ៊ីរ៉ាក់ កាតា អា​រ៉ា​ប៊ី​សា​អូឌីត អ៊ូ​ស​បេ​គី​ស្ថាន និង ជប៉ុន ជា​ក្រុម​ដែល​បាន​កក់​កៅអី​ទៅកាន់​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ នៃ​ព្រឹត្តិការណ៍​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ បន្ទាប់ពី​ពួកគេ​រកបាន​ពិន្ទុ​នាំមុខ​ដាច់​គេ​សម្រាប់​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​។​


 
​ឆ្លងកាត់​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ចំនួន​២​លើក​រៀងៗ​ខ្លួន គិត​ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៣ ខែមករា យើង​អាច​រកឃើញ​ក្រុម​ចំនួន​៩​ហើយ ដែលមាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​ឡើងទៅ​វគ្គ​បន្ត​បើទោះបី​ពួកគេ​នៅសល់​មួយ​ប្រកួត​ទៀត​ក្តី​។ ១៥​ក្រុម​ដែល​នៅ​សេសសល់​ត្រូវ​ប្រជែង​គ្នា​ក្នុងជំនួប​លើកចុងក្រោយ​ដើម្បី​សម្រេចយក​៧​ក្រុម​ទៅ​បំពេញ​បង្គ្រប់​១៦​ក្រុម សម្រាប់​ប្រកួត​គ្នា​នៅ​វគ្គ​ខ្វែង​បន្តទៀត​។ ក្នុងចំណោម​៧​ក្រុម​នេះ គេ​ត្រូវ​ជ្រើស​រើសយក​លេខ​៣​ល្អ​បំផុត​ចំនួន​៤​ក្រុម លេខ​២​ពីរ​ក្រុម និង​លេខ​១​មួយក្រុម​។ 
 
​ក្នុង​ពូ​ល A មិនទាន់​រកឃើញ​ក្រុម​ណា​អាច​ឆ្លងទៅ​វគ្គ​បន្ត​ឡើយ​ដ្បិត​ទាំង​៤​ក្រុម​មាន​ពិន្ទុ​ប្រកៀក​គ្នា​។ ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ជា​ក្រុម​មាន​ភាគរយ​ខ្ពស់​ជាងគេ​ព្រោះ​មាន​៤​ពិន្ទុ​ឈរ​កំពូល​តារាង​តាម​ពីក្រោយ​ដោយ ឥណ្ឌា និង​ថៃ​ដែលមាន​៣​ពិន្ទុ​ដូចគ្នា ហើយ​បា​រ៉ែ​ន​មាន​១​ពិន្ទុ​។ ជំនួប​ចុងក្រោយ​ក្នុង​ពូ​ល​នេះ ឥណ្ឌា​ប៉ះបា​រ៉ែ​ន រីឯ​ម្ចាស់ផ្ទះ​ជួប​ថៃ​។​

​ចំណែក​ពូ​ល B វិញ ខណៈ​ហ្សកដានី​ឡើង​ដោយ​ស្វ័យប្រវត្តិ ដូច្នេះ​ម្ចាស់​ការពារ​តំណែង​ជើងឯក​អូស្ត្រាលី​ដែលមាន​៣​ពិន្ទុ​ត្រូវ​ប្រជែង​ជាមួយ​ស៊ី​រី និង​ប៉ា​ឡេ​ស្ទី​ន​ដែលមាន​១​ពិន្ទុ​ដូចគ្នា​។ ជំនួប​ចុងក្រោយ អូស្ត្រាលី​ជួប​ស៊ី​រី ហើយ​ប៉ា​ឡេ​ស្ទី​តទល់​ជាមួយ​ហ្សកដានី​។​
 
​ពូ​ល C ចិន និង​កូរ៉េខាងត្បូង​កក់​កៅអី​រួចហើយ ខណៈ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​ហ្វីលីពីន​ដែល​បរាជ័យ​ទាំង​២​ប្រកួត​ដូចគ្នា​នៅសល់​ឱកាស​ប្រជែង​យក​លេខ​៣​ល្អ​បំផុត​។ ជំនួប​ចុងក្រោយ កៀ​ហ្ស៊ី​ស៊ី​ស្ថាន ប៉ះ​ហ្វីលីពីន ហើយ កូរ៉េខាងត្បូង​ជួប​ចិន​។​
 
​ពូ​ល D អ៊ីរ៉ង និង​អ៊ីរ៉ាក់​ត្រៀម​លេង​នៅ​វគ្គ​ខ្វែង​ព្រោះ​មាន​៦​ពិន្ទុ​ពេញ រីឯ​វៀតណាម និង​យេ​ម៉ែន​ត្រូវ​ដណ្តើម​គ្នា​យក​លេខ​៣​ល្អ​បំផុត​។ ជំនួប​ផ្តាច់ព្រ័ត្រ​ក្នុង​ពូ​ល​នេះ អ៊ីរ៉ង ប៉ះ​អ៊ីរ៉ាក់ រីឯ​វៀតណាម ជួប​យេ​ម៉ែន​។​

​ពូ​ល E ក៏​រកឃើញ​ពីរ​ក្រុម​ទៅ​វគ្គ​បន្ត​ដែរ​រួមមាន កាតា និង​អា​រ៉ា​ប៊ី​សា​អូឌីត ខណៈ​លី​បង់ និង​កូរ៉េខាងជើង​សល់​ត្រឹម​ឱកាស​ដ​ណ្តើ​គ្នា​យក​លេខ​៣​។ ប្រកួត​ចុងក្រោយ​លី​បង់​ត្រូវ​តទល់​ជាមួយ​កូរ៉េខាងជើង​តែម្តង រីឯ អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវ​ប្រជែង​យក​លេខ​មួយ​ក្នុង​ពូ​ល​ជាមួយ​កាតា​។​
 
​ដោយឡែក​ពូ​ល​ចុងក្រោយ ពូ​ល F ក៏​មិន​ខុសពី​ពូ​ល C ដល់ E ដែរ ដោយ​អ៊ូ​ស​បេ​គី​ស្ថាន និង​ជប៉ុន​បាន​ចាប់ដៃគ្នា​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ចំណែក​អូ​ម៉​ង់ និង​តួ​ក​ម៉េ​នី​ស្ថាន​ដែលមាន​សូន្យ​ពិន្ទុ​ដូចគ្នា​នឹងត្រូវ​ប៉ះគ្នា​ក្នុងជំនួប​ចុងក្រោយ​ដើម្បី​ប្រជែង​យក​លេខ​៣​ល្អ​បំផុត​៕ 
 

Tag:
 ​បាល់ទាត់​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com