ជាតិ
សុខភាព
កង្វះទឹកស្អាត-អនាម័យ ជាប្រធានបទស្នូល នៃជ័យលាភីអ្នកសារព័ត៌មាន ៦នាក់ រូបពី DMC
× ភ្នំពេញ៖ អ្នកសារព័ត៌មាន ៦នាក់ បានជាប់ជ័យលាភីការរាយការណ៍ស្ដីពី «វិស័យទឹក និងអនាម័យជនបទឆ្នាំ២០១៨» ដែលរៀបចំដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងឧបត្ថម្ភដោយអង្គការ WaterAid ។ ជ័យលាភីទាំង៦នាក់នេះ ត្រូវបានបែងចែកជាបីផ្នែក គឺសិក្ខាកាមថ្នាក់ស៊ីជម្រៅ, សិក្ខាកាមថ្នាក់មូលដ្ឋាន និងអ្នកសារព័ត៌មានចូលរួមប្រកួតប្រជែង។
កាលពីថ្ងៃទី១២ មករាកន្លងមក ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) បានរកឃើញជ័យលាភីរាយការណ៍ពី «វិស័យទឹក និងអនាម័យជនបទឆ្នាំ២០១៨» ចំនួន ៦នាក់ ដែលជាសិក្ខាកាមថ្នាក់ស៊ីជម្រៅ, សិក្ខាកាមថ្នាក់មូលដ្ឋាន និងអ្នកសារព័ត៌មានចូលរួមប្រកួតប្រជែង។ ជ័យលាភីទាំង៦នាក់នេះ ត្រូវបានបែងចែកជាបីផ្នែក គឺសិក្ខាកាមថ្នាក់ស៊ីជម្រៅ, សិក្ខាកាមថ្នាក់មូលដ្ឋាន និងអ្នកសារព័ត៌មានចូលរួមប្រកួតប្រជែង។ ក្នុងការប្រកួតប្រជែងនេះ ជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៦៥០ដុល្លារ, លេខ ២ ទទួលថវិកាចំនួន ៣៥០ដុល្លារ និងពានរង្វាន់ម្នាក់មួយ។
សិក្ខាកាមថ្នាក់ស៊ីជម្រៅ ដែលទទួលបានជ័យលាភីលេខ១ បានលើលោក ម៉ៅ សំណាង អ្នកសារព័ត៌មានទូរទស្សន៍ PNN ស្ដីពី«អាសេនិចឃាតកលាក់មុខក្នុងទឹកអណ្តូងបន្តអន្ទងជីវិតអ្នកភូមិទួលស្វាយ» និងលេខ ២ លោក កែវ សុខា អ្នកសារព័ត៌មានវិទ្យុស្ត្រី ស្ដីពី«ពលរដ្ឋជនបទមួយចំនួននៅតែទម្លាប់ខ្ចីបង្គន់គ្នាប្រើដោយមិនសង់ទោះបីជីវភាពល្អប្រសើរក្តី»។ សម្រាប់សិក្ខាកាមថ្នាក់មូលដ្ឋាន លេខ១ បានលើលោកស្រី សែម ពិសី អ្នកសារព័ត៌មាន MJQTV ស្ដីពី«ការកែលម្អបង្គន់អនាម័យនៅមណ្ឌលសុខភាពជាតម្រូវការចាំបាច់របស់ស្ត្រីមានផ្ទៃពោះ» និងលេខ ២ លោក ថេង ខេមរា អ្នកសារព័ត៌មានវិទ្យុសំឡេងយុវជន VOY ស្ដីពី«បញ្ហាកង្វះទឹកប្រើប្រាស់នៅតែជាបញ្ហាចម្បងសម្រាប់ប្រជាពលរដ្ឋក្រីក្រ»។
ដោយឡែកអ្នកសារព័ត៌មានចូលរួមប្រកួតប្រជែង លេខ១ បានលើ លោក ទ្រី ស៊ុងហ៊ី អ្នកសារព័ត៌មានវិទ្យុវាយោ ស្ដីពី«អ្នកភូមិនៅក្បែររណ្ដៅសំរាមជើងឯកបារម្ភពីសុខភាពខណៈបន្តប្រើទឹកអណ្ដូងមានក្លិនស្អុយ» និងលេខ ២ កញ្ញា អេង គីមហុង អ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិ ស្ដីពី«រដូវ៖ កង្វះការអប់រំ និងភាពអៀនខ្មាស នៅតែជាបញ្ហាប្រឈមរបស់សិស្សស្រីជនបទ»។
សូមបញ្ជាក់ថា ការប្រកួតប្រជែងស្នាដៃព័ត៌មានអំពីវិស័យទឹក និងអនាម័យជនបទនេះ មានអ្នកចូលរួមប្រកួតចំនួន ៤០នាក់ ក្នុងនោះសិក្ខាកាមថ្នាក់ស៊ីជម្រៅចំនួន ១៦នាក់, សិក្ខាកាមថ្នាក់មូលដ្ឋានចំនួន ២០នាក់ និងអ្នកសារព័ត៌មានចូលរួមប្រកួតប្រជែងចំនួន ៤នាក់។ កម្មវិធីប្រកួតប្រជែងនេះ រៀបចំដោយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍, ឧបត្ថម្ភដោយអង្គការ WaterAid ក្រោមកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមប្រឹក្សាសហប្រតិបត្តិការវិស័យទឹកស្អាតរបស់អង្គការសហប្រជាជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com