កីឡាករវាយក្នុងទ្រុងកម្ពុជាពីររូបតំណាងប្រទេសក្នុងការចូលរួមប្រកួតនៅសង្វៀន ONE Championship នៃព្រឹត្តិការណ៍ ONE: CALL TO GREATNESS នៅសិង្ហបុរី នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
គង់ សំបូរ កីឡាករមកពី
ក្លិប «អាណាចក្រប្រយុទ្ធ» ខេត្តសៀមរាប កំពុងត្រៀមខ្លួនប៉ះជាមួយជើងខ្លាំងចិន Zhang Chenglong ក្នុងការប្រកួតកម្មវិធី ONE Super Series។
សំបូរ មានវ័យ ២៤ឆ្នាំជំនាញខាងគុនខ្មែរ គឺជាកីឡាករកម្ពុជាចំណូលថ្មីម្នាក់ក្នុងស្ថាប័នប្រដាល់ពិភពលោក។ រូបគេ សង្ឃឹមថាអាចយកជ័យជន្នះជាបន្តបន្ទាប់ដូចរៀមច្បង ចាន់ រតនា រូមទាំង សុវណ្ណារី នៅសង្វៀននៅទីក្រុងកូឡាឡាំពួ កាលពីខែធ្នូកន្លងទៅ។
សំបូរ ជាកីឡាករទីពីរហើយដែលបានបញ្ចេញក្បាច់គុនប្រដាល់សេរី រួមជាមួយ សុខ ធី ដែលតំណាងឲ្យក្លិប Cambodian Top Team កាលពីឆ្នាំមុន។
ម្ចាស់ក្លិបអាណាចក្រប្រយុទ្ធលោក Kwok Leung Tsang បានបង្ហើបថា៖
«ក្លាយជាការពិតហើយ! ខ្ញុំទូរសព្ទផង ផ្ញើរសារផងទៅគ្រប់គ្នា ប្រាប់ថាបានប្រកួតហើយ។ ពេលនោះរំភើបផង ភ័យផង។ គ្រប់គ្នាសប្បាយចិត្ត និងខ្នះខ្នែងត្រៀមខ្លួនសម្រាប់ការប្រកួតមួយនេះ»។
ក្នុងចំណោមតារាងឈ្មោះកីឡាករត្រូវប្រកួត ក៏មានវត្តមានកីឡាករ ខុន ស៊ីចាន់ តំណាងក្លិប «ប្រកួត» និងក្លិប«Team Phnom Penh MMA»។
ដោយឡែក ខុន ស៊ីចាន់ អាយុ២១ឆ្នាំ មានស្រុកកំណើតមកពីខេត្តឧត្តរមានជ័យ ដែលជាខេត្តល្បីខាងក្បាច់គុន។ រូបគេបានជាប់ជាជើងឯកនៃកម្មវិធី Khmer Warrior Challenge មុននឹងមានឈ្មោះប្រកួតនៅស្ថាប័ន ONE Championship កាលពីឆ្នាំ ២០១៥។
ឆ្នាំ២០១៩នេះ ស៊ីចាន់ កីឡាករទម្ងន់ ៦១គីឡូក្រាម មានឆន្ទប្រកួតក្នុងទ្រុងឲ្យកក្រើកសង្វៀនតែម្តង ទល់នឹងជើងខ្លាំងវ័យ ៣៣ឆ្នាំ Rudy Agustian។
គាត់ប្រាប់ថា៖ «ខ្ញុំសប្បាយចិត្តខ្លាំង ពេលONE Championship ហៅឲ្យទៅប្រកួតម្តងទៀត។ ខ្ញុំគិតថានេះមកពីការប្រកួតលើកមុន ខ្ញុំរំភើបណាស់»។
«អ្វីដែលខ្ញុំខ្លាំងគឺខាងបទពិសោធន៍ និងខ្ញុំយកបេះដូងខ្មែរទៅប្រកួត។ គូប្រកួតខ្ញុំគាត់ខ្លាំងខាងវាយលើ ហើយគាបដាល់ ខ្ញុំប្រឹងហាត់ជាមួយលោកគ្រូ Alan Mccune អ៊ីចឹងខ្ញុំគិតថាយើងអាចរកស្នៀតការពារខ្លួនពីក្បាច់នេះបាន»។
ទាំង គង់ សំបូរ និង ខុន ស៊ីចាន់ មានស្មារតីរឹងមាំខ្លាំងដើម្បីយកជ័យជម្នះនៅដើមឆ្នាំឲ្យបាន ព្រោះក្នុងព្រឹត្តិការណ៍ខែកុម្ភៈ មានវត្តមានកីឡាករខ្លាំងៗមកពីទូទាំងពិភពលោកផងដែរ។
រីឯកម្មវិធីពិសេស នឹងបង្ហាញមុខកីឡាការិនីជើងឯកពិភពលោកនាង Stamp Fairtex ដែលជាម្ចាស់ខ្សែក្រវាត់ប្រដាល់សេរី ONE Super Series Kickboxing Atomweight World Champion នាងកំពុងសម្លឹងចង់បានខ្សែក្រវាត់ពិភពលោកមួយទៀត។
តារាប្រដាល់ផ្នែកនារីរបស់ប្រទេសថៃរូបនេះ ត្រូវប្រឈមមុខជាមួយអ្នកប្រដាល់ក្បាច់មួយថៃជនជាតិអាមេរិក Janet Todd ដាក់ឲ្យដណ្តើមខ្សែក្រវាត់ ONE Super Series Muay Thai Atomweight World Title ផងដែរ។
ក្រៅពីនេះ មានការប្រដាល់ពាក់កណ្តាលផ្តាច់ព្រាត់ទម្ងន់ស្រាល ONE Lightweight World Grand Prix មួយទៀត ដែលមានកីឡាករម្ចាស់ផ្ទះ Amir Khan ប៉ះជាមួយ Ariel Sexton មកពីប្រទេសកូស្តារីកា។
មុនប្រកួតគូនេះ គឺមានការប្រកួតតស៊ូគ្នារវាងកីឡាករម៉ាឡេស៊ី Ev Ting ជាអតីតម្ចាស់ខ្សែក្រវាត់ ONE Lightweight World Title ចាប់គូជាមួយ Saygid Guseyn Arslanaliev មកពីប្រទេសទួកគី។
មកដល់ពេលនេះ ទើបមានការបញ្ចេញឈ្មោះកីឡាករទាំងនេះជាមុនដើម្បីប្រកួតនៅព្រឹត្តិការណ៍ ONE: CALL TO GREATNESS ហើយនឹងមានបន្តបន្ទាប់ទៀត៕
អត្ថបទ៖ Matias Andres