អន្តរជាតិ
ក្រុម​សិទ្ធិមនុស្ស​ចង់ EU ពន្យារ​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​
14, Jan 2019 , 9:19 pm        
រូបភាព
ដោយ:
​ក្រុមប្រឹក្សា និង​សភា​អឺរ៉ុប គួរតែ​ពន្យារពេល​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​សហភាព​អឺរ៉ុប និង​វៀតណាម រហូតដល់​រដ្ឋាភិបាល​វៀតណាម​ចាត់វិធានការ​ច្បាស់លាស់​ណាមួយ ក្នុង​គោលដៅ​ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​របស់​ខ្លួន​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស  Human Right Watch  នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ ។

 
​គណៈកម្មការ​អឺរ៉ុប ដែល​ទើប​បញ្ចប់​ការចចារ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​វៀតណាម  បាន​ដាក់ចេញ​កិច្ចព្រមព្រៀង​សម្រេច កាលពី​ខែតុលា ឆ្នាំ​២០១៨​។ កិច្ច​ព្រៀម​ព្រៀង​នេះ​នឹងត្រូវ​តម្រូវ​ឲ្យ​មាន​អនុម័ត​ចុង​ក្រោយពី​ក្រុមប្រឹក្សា​អឺរ៉ុប និង​សភា​អឺរ៉ុប ដែល​ចាំបាច់​សម្រាប់​ឲ្យ​កិច្ចព្រមព្រៀង​នេះ អាច​ចូល​ជាធរ​មានបាន មុននឹង​ការបោះឆ្នោត​របស់​សភា​អឺរ៉ុប នៅ​ខែឧសភា​ខាងមុខ​។ 
 
​យ៉ាងណាមិញ ដោយសារតែ​រង​សម្ពាធ​យ៉ាងខ្លាំង​ពី​សមាគមជំនួញ​របស់​អឺរ៉ុប សមាជិក​ខ្លះ​នៅក្នុង​សភា​អឺរ៉ុប ខណៈ​នេះ​កំពុង​ព្យាយាម​ធ្វើការ​ឆ្ពោះទៅរក ការបញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ  ទោះបីជា​ភាគី​វៀតណាម​បាន​ព្រងើយកន្តើយ ទៅនឹង​ការស្នើសុំ​ឲ្យ​របស់​សហភាព​អឺរ៉ុប ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ក្នុងប្រទេស​ខ្លួន​ក៏ដោយ​ក្តី​។ 
 
​យោងតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការសិទ្ធិមនុស្ស  Human Right Watch  ដដែល​នេះ លោក John Sifton ប្រធាន​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី បាន​គូសបញ្ជាក់ថា​៖ «​ការអនុម័ត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំង​តក់ក្រហល់ នឹង​ក្លាយជា​កំហុស​ដ៏​ធំ​មួយ​»​។​
 
​ត្រង់ចំណុច​នេះ លោក John Sifton បាន​បន្ថែមទៀតថា  វា​ដូចជា​ការផ្តល់​អំណោយ​ដល់​វៀតណាម​ដោយ​ពុំ​ទទួល​អ្វី​សោះ​មកវិញ​។ ការណ៍​នេះ ក៏​ផ្ញើ​សារ​ដ៏​អាក្រក់​មួយ​ទៅដល់​សហភាព​អឺរ៉ុប ដែល​ពេលកន្លងមក មានបំណង​ប្រើប្រាស់​ការធ្វើ​ពាណិជ្ជកម្ម​ជា​ឧបករណ៍​ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក  ថា «​គ្មាន​ភាពប្រាកដប្រជា​អ្វី​ឡើយ​»​។​
 
​គួរ​បញ្ជាក់ថា ការទាមទារ​របស់​ក្រុម​សិទ្ធិមនុស្ស​នេះ គឺធ្វើឡើង​ក្រោយ រដ្ឋាភិបាល​វៀតណាម បង្កើន​ការ​រឹតត្បិត​សិទ្ធិសេរីភាព ជាមួយ​ច្បាប់​សន្តិសុខ​បច្ចេកវិទ្យា​ថ្មី ដែល​បាន​ចូល​ជា​ធរមាន កាលពីដើមឆ្នាំ​២០១៩​នេះ​។​
 
​ក្រោម​ច្បាប់​ថ្មី​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​នៅ​វៀតណាម នឹងត្រូវ​តម្រូវ​ឲ្យ​លុបចោល​មាតិកា ដែល​រដ្ឋាភិបាល​ចាត់ទុកថា ប្រឆាំង​ទៅនឹង​គោលនយោបាយ​របស់ខ្លួន​។  ម្យ៉ាងវិញទៀត ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស ដូចជា Facebook និង Google ក៏​នឹងត្រូវ​ផ្តល់​ទិន្នន័យ​អ្នកប្រើប្រាស់ ប្រសិនបើ​ក្រុមហ៊ុន​ទាំងនោះ​ត្រូវបាន​ស្នើសុំ​ដោយ​រដ្ឋាភិបាល​។ ជាមួយគ្នានេះ ក្រុមហ៊ុន​ទាំងនោះ នឹង​តម្រូវ​ឲ្យ​បើក​ការិយាល័យ​តំណាង​ក្នុងប្រទេស​វៀតណាម​ថែម​ទៀតផង​។ 
 
​ទាក់ទិន​នឹង​ច្បាប់​រឹត​ត្បឹ​ត​សេរីភាព​របស់​វៀតណាម​នេះ លោក John Sifton បាន​បញ្ជាក់ថា ក្រុមប្រឹក្សា​អឺរ៉ុប និង​សភា​អឺរ៉ុប ត្រូវតែ​ផ្ញើ​សារ​ឲ្យ​បានច្បាស់លាស់​មួយ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ ពុំ​អាច​ត្រូវបាន​អនុវត្ត​នោះទេ រហូតដល់​រដ្ឋាភិបាល​វៀតណាម​បង្ហាញ​ឆន្ទៈ​ថា ខ្លួន​ពិតជា​មានបំណង​ដោះស្រាយ បញ្ហា​រំលោភសិទ្ធិ​មនុស្ស​មែន​នោះ​។ ប្រសិនបើ​អឺរ៉ុប​សម្រេច​ពន្យារ​កិច្ចព្រមព្រៀង​មែន​នោះ វា​គឺជា​កំហុស​របស់​ក្រុង​ហាណូយ​តែម្តង​៕
 

Tag:
 ​វៀតណាម
  EU
  ក្រុម​សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com