អន្តរជាតិ
ចិន ប្រកាស​បោសសម្អាត​អំពើពុករលួយ​ក្នុង​វិស័យ​ពេទ្យ អប់រំ និង​ហិរញ្ញវត្ថុ​
14, Jan 2019 , 3:03 pm        
រូបភាព
​គណៈកម្មការ​ត្រួតពិនិត្យ​វិន័យ​នៃ​បក្ស​កុម្មុយនីស្ត​ចិន បាន​ដាក់ចេញ​ផែនការ​ថ្មី​សម្រាប់​ឆ្នាំ​២០១៩ ក្នុងការ​លុបបំបាត់​អំពើពុករលួយ​ក្នុង​វិស័យ​អប់រំ សុខាភិបាល និង​ហិរញ្ញវត្ថុ​ជាដើម​។ ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ជា​គោលនយោបាយ​ស្នូល​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដោយ​ដាក់​គោលដៅ​លើ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​រាប់ទាំង​សមាជិក​បក្ស​ផង​។ មិន​ត្រឹម​ក្នុងស្រុក​ឡើយ ចិន​ក៏​នឹង​ប្រើ​សំណាញ់​មេឃ​ដើម្បី​ចាប់​ជនល្មើស​រត់​ពួន​នៅ​បរទេស​មក​កាត់ទោស​ដែរ​។​

 
​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​ចិន​ក្នុង​ឆ្នាំ​២០១៩ នឹង​កាន់តែ​ពង្រឹង​ថែមទៀត ហើយ​ពង្រីក​ទៅ​វិស័យ​ផ្សេងៗ​ដែល​ទាក់ទង​ផ្ទាល់​ប្រយោជន៍​ប្រជាជន​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​ប​ក្ស​កុម្មុយនីស្ត​ចិន ប្រកាសថា ចិន​នឹង​បង្កើន​ការប្រឹងប្រែង​របស់ខ្លួន​ក្នុងការ​លុបបំបាត់​ឲ្យ​អស់​ក្នុង​វិស័យ​សំខាន់ៗ​របស់​ប្រទេស​ដែលជា​ការបារម្ភ​របស់​ប្រជាជន​តាំងពី​អប់រំ សុខាភិបាល ការការពារ​បរិស្ថាន​រហូតដល់​ហិ​រ​ញ្ញុ​វត្ថុ​ផង​។​
 
​គណៈកម្មការ​ជ​ម្ឈិ​ម​ត្រួតពិនិត្យ​វិន័យ​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន នៅ​ថ្ងៃទី​១៣ ខែមករា បញ្ជាក់ថា បេសកកម្ម​នៅ​ឆ្នាំ​២០១៩ នឹង​ផ្ដោតលើ​អំពើពុករលួយ និង​បទឧក្រិដ្ឋ​ក្នុងចំណោម​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់ក្រោម​។ ការស៊ីសំណូក ការរំលោភ​អំណាច ការធ្វេសប្រហែស​ក្នុង​ការងារ និង​ការអនុវត្ត​ខុសច្បាប់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ក៏​ជា​គោលដៅ​សំខាន់​ដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ទន្ទឹមគ្នា​នឹង​បោសសម្អាត​អំពើពុករលួយ​ដោយផ្ទាល់ ចិន​ក៏​នឹង​លុ​បំបាត់​បញ្ហា​ការិយាធិបតេយ្យ​ក្នុង​រដ្ឋាភិបាល និង​បន្សុទ្ធ​មន្ត្រី​ដែល​ប្រព្រឹត្ត​កំហុស​ក្នុង​បំពេញភារកិច្ច​ផងដែរ​។ មិន​ត្រឹម​ទប់ស្កាត់​ការរីក​រាលដាល​អំពើពុករលួយ​ពី​ខាងក្នុង​ឡើយ បក្ស​កុម្មុយនីស្ត​ចិន​ដែលមាន​លោក ស៊ី ជិន​ភីង ជា​អគ្គលេខាធិការ​នោះ ក៏​នឹង​ចាត់វិធានការ​ទប់ស្កាត់​អ្នករកស៊ី​ផ្ដល់​សំណូក​ឲ្យ​មន្ត្រីជាន់ខ្ពស់​ដើម្បី​បម្រើ​ផលប្រយោជន៍​ពួកគេ​ដែរ​។    
 
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ មន្ត្រី​ចំនួន​ជាង​៦​សែន​នាក់ ត្រូវបាន​ដាក់ពិន័យ​តាម​កម្រិត​ទោស​របស់ខ្លួន​ពាក់ព័ន្ធ​អំពើពុករលួយ​នេះ ក្នុងចំណោម​នេះ​មាន​មន្ត្រី​ជាន់​ទាប ឬ «​មន្ត្រី​រុយ​»​និង មន្ត្រី​ថ្នាក់​ក្រសួង ថ្នាក់ ឬ​ថ្នាក់​ខ្ពស់ជាង​នេះ ឬ​ហៅថា «​មន្ត្រី​ខ្លា​» ផងដែរ​។ នេះ​បើតាម​ទិន្នន័យ​ផ្សាយ​របស់​កាសែត​រដ្ឋ China Daily ។ ប៉ុន្តែ​យុទ្ធនា​ការប្រឆាំង​អំពើពុករលួយ​ដែ​លោក ស៊ី អះអាងថា បានទទួល​ជោគជ័យ​ធំធេង​នោះ ត្រូវ​មើលឃើញថា ជា​ផ្លូវ​កម្ចាត់​អ្នកប្រឆាំង​រូបលោក​ដែរ​។​
 
​មកទល់ពេលនេះ លោក ចូ​វ យ៉ុង​ខាង អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​របស់​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស គឺជា​មន្ត្រី​មាន​តំណែង​ខ្ពស់​ជាងគេ​ដែល​រងគ្រោះ​ដោយសារ​យុទ្ធនាការ​លោក ស៊ី ។ ជា​អតីតរដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ និង​ជា​មេ​ប៉ូលិស​ជាតិ​ផង​នោះ លោក ចូ​វ កំពុង​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។ មន្ត្រី​សំខាន់ៗ​ក្នុង​ក្រសួង​នេះ និង​មន្ត្រី​ខ្លះទៀត​ដែល​ជាប់ទាក់ទង​លោក ចូ​វ ក៏ត្រូវ​កាត់ទោស​ធ្ងន់ៗ​ដែរ​៕
 

Tag:
 ចិន​
  ស៊ី ជិន​ភីង​
  អំពើពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com