អន្តរជាតិ
ព្យុះ​ព្រិល​ទឹកកក​ដ៏​ខ្លាំងក្លា​មួយ​នៅ​អាមេរិក​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​៥​នាក់​
14, Jan 2019 , 7:59 pm        
រូបភាព
នេះ​ជា​ទិដ្ឋាភាព​បន្ទាប់​ពី​មាន​ព្យុះ​ព្រិល​ទឹកកក នៅ​ក្នុង​តំបន់ Woodbridge រដ្ឋ Virginia កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។
នេះ​ជា​ទិដ្ឋាភាព​បន្ទាប់​ពី​មាន​ព្យុះ​ព្រិល​ទឹកកក នៅ​ក្នុង​តំបន់ Woodbridge រដ្ឋ Virginia កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។
ដោយ: VOA
​ព្យុះ​ព្រិល​ទឹកកក​ដ៏​ធំ​មួយនា​រដូវរងា​ដែល​បាន​បង្ក​ឲ្យ​មាន​ព្រិល​ទឹកកក​គ្របដណ្តប់​លើ​រដ្ឋ​នៅ​ប៉ែក​ខាងលិច​ភាគ​កណ្តាល​មួយចំនួន​ក្នុង​សហរដ្ឋអាមេរិក គឺជា​កត្តា​ដែល​បង្ក​ឲ្យ​មានការ​ស្លាប់​មនុស្ស​ចំនួន​៥​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ផ្លូវ​កាលពី​ថ្ងៃ​សៅរ៍​។

 
​ព្យុះ​ព្រិល​ទឹកកក​នេះ​បានចាប់ផ្តើម​សាយភាយ​ទៅ​ប៉ែក​ខាងកើត​ចូលទៅក្នុង​តំបន់​ពាក់កណ្តាល​អា​ត្ល​ង់​ទិ​ក ដែល​គេ​រំពឹងថា​នឹងមាន​ព្រិល​ទឹកកក​ធ្លាក់​កម្រាស់​ប្រមាណ​ពី​១៣​ទៅ​២៥​សង់ទីម៉ែត្រ​ក្នុង​តំបន់​រដ្ឋធានី វ៉ាស៊ីនតោន ដោយ​រួមទាំង​ផ្នែក​ខ្លះ​នៃ​ប៉ែក​ខាងជើង​និង​ប៉ែក​កណ្តាល​នៃ​រដ្ឋ Maryland ផងដែរ ត្រឹម​ថ្ងៃអាទិត្យ​នេះ ម៉ោង​ក្នុង​សហរដ្ឋអាមេរិក​។​
 
​អ្នក​ឧតុនិយម​បាន​ឲ្យ​ដឹងថា ព្រិល​ទឹកកក​អាច​ធ្លាក់​ខ្លាំង​ក្នុង​តំបន់​ជួរ​ភ្នំ ដែល​ស្ថិតនៅ​ប៉ែក​ខាងជើង​ផ្លូវ​ឆ្លង​រដ្ឋ ៦៤ ដូចជា​នៅ​ក្រុង Charlottesville និង​ក្រុង Staunton នៃ​រដ្ឋ Virginia ជាដើម​។ អភិបាលរដ្ឋ Virginia លោក Ralph Northam បានប្រកាស​ដាក់​រដ្ឋ​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​អាសន្ន​កាលពី​យប់​ថ្ងៃ​សៅរ៍ ដើម្បី​ជួយ​ឲ្យ​រដ្ឋ​នេះ​អាច​ត្រៀមខ្លួន​ទប់ទល់​នឹង​ការធ្លាក់​ព្រិល​ទឹកកក​ដ៏​ខ្លាំង​នេះ​។​
 
​រដ្ឋ Missouri រងគ្រោះ​ដោយសារ​ព្យុះ​ព្រិល​ទឹកកក​អាក្រក់​បំផុត​ត្រឹម​ថ្ងៃ​សៅរ៍​។ ទីភ្នាក់ងារ​អាកាសធាតុ​ជាតិ​រាយការណ៍​ថា មាន​ព្រិល​ទឹកកក​កម្រាស់​ជាង​៣០​សង់ទីម៉ែត្រ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នៅក្នុង​តំបន់​ខ្លះ​ដែល​ស្ថិតនៅ​ជុំវិញ​ទីក្រុង St. Louis និង​ទីក្រុង Jefferson ហើយ​នៅក្នុង​ទីក្រុង Columbia ព្រិល​ទឹកកក​ធ្លាក់​មាន​កម្រាស់​ដល់​ជាង​៤៥​សង់ទីម៉ែត្រ​ឯណោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com