ប្រមុខរដ្ឋាភិបាល ប្រាប់ឲ្យសហគមន៍អន្តរជាតិ បោះបង់ចោលវប្បធម៌នៃការព្រមានដាក់ទណ្ឌកម្ម ហើយគួរតែងាកមកនិយាយគ្នាវិញ បើចង់សម្រួលស្ថានការណ៍នៅកម្ពុជា។ អតីតមន្ត្រីគណបក្សគណប្រឆាំង សាទរចំពោះឥរិយាបថនេះ ហើយសង្ឃឹមថា ការចរចា នឹងកើតមានឡើង ដើម្បីឈានទៅរកដំណោះស្រាយនយោបាយ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សកាន់អំណាច បង្ហើបពីលទ្ធភាពនៃការកើតឡើងនូវការចរចារវាងរដ្ឋាភិបាលកម្ពុជានិងសហគមន៍អន្តរជាតិ។ ក្នុងរឿងនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ជម្រើសពីរ ឲ្យសហគមន៍អន្តរជាតិ ជាពិសេសសំដៅទៅកាន់សហភាពអឺរ៉ុប ដើម្បីឲ្យពិចារណានិងសម្រេចចិត្ត។
ជម្រើសទីមួយ គឺរដ្ឋាភិបាលកម្ពុជា សុខចិត្តចរចា បើសហគមន៍អន្តរជាតិ យល់ព្រម។ ចំណែកជម្រើសទីពីរ គឺ បើសហគមន៍អន្តរជាតិ មិនព្រមចរចា តែបែរជាបន្តដាក់ទណ្ឌកម្មវិញនោះ រដ្ឋាភិបាលកម្ពុជា នឹងប្រឹងទប់ទល់ ដោយមិនចុះញ៉មជាដាច់ខាត។
ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាល បានផ្ញើសារទៅសហគមន៍អន្តរជាតិថា បើចរចា អាចនឹងមានផលល្អសម្រាប់ក្រុមប្រឆាំង។ ផ្ទុយមកវិញ បើកម្ពុជា ពិតជារងការដាក់ទណ្ឌកម្មណាមួយពីសហគមន៍អន្តរជាតិ រដ្ឋាភិបាល នឹងឆ្លើយតបវិញជាមិនខាន ដោយចាត់វិធានការកាន់តែខ្លាំង លើក្រុមប្រឆាំងនៅក្នុងប្រទេស។
នាយករដ្ឋមន្ត្រីកម្ពុជា សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ខ្ញុំនិយាយត្រឹមប៉ុណ្ណឹង ល្មមយល់គ្រប់គ្នាហើយ។ បើចង់ឲ្យពួកប្រឆាំងងាប់ អាហ្នឹងកាត់ [ការអនុគ្រោះពន្ធឬដាក់ទណ្ឌកម្មទៅ]។ បើចង់ឲ្យពួកប្រឆាំងរស់ កុំធ្វើ....តែមកជជែកគ្នា ពិភាក្សាគ្នា កែលម្អសភាពការណ៍ជាមួយគ្នា បន្តទៅមុខជាមួយគ្នា ក្នុងភាពជាដៃគូស្មើភាព លើការគោរពឯករាជ្យនិងអធិបតេយ្យ។ គេរង់ចាំជំហានរបស់យើងដើរ យើងក៏រង់ចាំជំហានរបស់គេដើរដែរ»។
សម្តេចនាយករដ្ឋមន្ត្រី ព្រមានទៀតថា មិនត្រឹមតែបន្តចាត់វិធានការនោះទេ សូម្បីអ្នកប្រឆាំង ដែលគួរតែនឹងរួចទោសទៅហើយនោះ ក៏នឹងត្រូវប្រែក្លាយជាមិនរួចទៅវិញ ហើយថែមទាំងត្រូវបន្តទទួលទោសដដែល។ សម្តេចបានផ្តាំថា បើឈានដល់ដំណាក់កាលនោះហើយ សហគមន៍អន្តរជាតិ គ្មានសិទ្ធិអ្វី ដែលត្រូវមកនិយាយឡើយ។
មេដឹកនាំកម្ពុជា ប្រាប់ទៅអ្នកប្រឆាំងថា៖«ពួកអ្នកឯង ធ្វើអាក្រក់ ខ្ញុំអនុវត្តច្បាប់។ អ្នកឯងទៅប្តឹងចៅហ្វាយរបស់អ្នកឯង ឲ្យធ្វើបាបខ្ញុំ ខ្ញុំជាន់កអ្នកឯងថែម។ បន្ទាប់មក មេដឹកនាំរូបនេះ ក៏បានប្រាប់ទៅសហគមន៍អន្តរជាតិវិញម្តងថា៖«ការដាក់ទណ្ឌកម្មចំពោះកម្ពុជា មានតម្លៃស្មើនឹងសម្លាប់គណបក្សប្រឆាំង។ យើង រង់ចាំជំហានអ្នកខាងនុ៎ះដើរ។ បើខាងនុ៎ះដើរត្រង់ ខ្ញុំក៏ដើរត្រង់ដែរ។ បើអ្នកឯងដើរផ្លូវវាងហើយ ខ្ញុំក៏ដើរវាងផ្លូវដែរ»។
សម្តេច ហ៊ុន សែន បានប្រកាសខ្លាំងៗថា បើសហគមន៍អន្តរជាតិ មិនព្រមចរចា ហើយសម្រេចដាក់ទណ្ឌកម្មក៏ដោយ ក៏កម្ពុជា នៅតែអាចរស់ដោយខ្លួនឯង ដោយមិនឲ្យគេប្រមាថនោះទេ ជាពិសេសពាក់ព័ន្ធនឹងឯករាជ្យនិងអធិបតេយ្យ។ មេដឹកនាំកម្ពុជា បង្ហាញជំហរបែបនេះថា៖«អាល្បែងគំរាមដកនេះដកនោះ ដាក់ទណ្ឌកម្មនេះ ទណ្ឌកម្មនោះ ល្មមឈប់ហើយ។ លើពិភពលោកនេះ គេធុញទ្រាន់ខ្លាំងណាស់។ ខ្ញុំ ធ្លាប់ដឹកនាំ ក្នុងពេលដែលគេហ៊ុមព័ទ្ធទាំងនយោបាយ ទាំងសេដ្ឋកិច្ច ប៉ុន្តែខ្ញុំ បានចម្លងប្រជាជន តាំងពីជាង៥លាននាក់ រហូតឡើងដល់១៦លាននាក់ទៅហើយរាល់ថ្ងៃនេះ»។
យ៉ាងណាក៏ដោយ មេដឹកនាំកម្ពុជារូបនេះ ចង់បានជម្រើសទីមួយជាជាងជម្រើសទីពីរ។ ប្រធានគណបក្សកាន់អំណាច បានបង្ហាញឆន្ទៈថា៖«យើងអត់ចង់បាននូវសភាពការណ៍បែបនេះទេ។ យើងគ្រាន់តែចង់បានថា កម្ពុជាគឺជាប្រទេសមួយដែលឯករាជ្យ ដែលអនុវត្តច្បាប់ខ្លួនឯងបាន និងជាប្រទេសមួយ ដែលមានចំណងជាមួយប្រទេសជាច្រើននៅលើពិភពលោក»។
សារទីមួយរបស់ថ្នាក់ដឹកនាំកម្ពុជា បានធ្វើឲ្យលោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីជាន់ខ្ពស់ម្នាក់របស់គណបក្សប្រឆាំង ដែលកំពុងរស់នៅក្នុងស្រុក សប្បាយចិត្តនិងគាំទ្រ។ លោក ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«ខ្ញុំ ស្វាគមន៍។ ខ្ញុំអត់ចង់ឃើញសហគមន៍អន្តរជាតិតបខ្លាំងពេកទេ ព្រោះធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ»។
បន្ទាប់មក អតីតមន្ត្រីគណបក្សប្រឆាំងរូបនេះ ក៏ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ក៏ដូចគណបក្សកាន់អំណាច បន្ទន់ឥរិយាបថបន្តិច ដើម្បីទទួលយកលក្ខខណ្ឌមួយចំនួនរបស់សហគមន៍អន្តរជាតិ។ លោក បញ្ជាក់ថា៖«បើមានការជជែកគ្នាមែន យើងអាចដោះស្រាយបញ្ហានយោបាយ ហើយយើងបានប្រយោជន៍សម្រាប់ជាតិយើង»។
ចំពោះសារទីពីររបស់ប្រមុខរដ្ឋាភិបាល អតីតមន្ត្រីគណបក្សប្រឆាំងខាងលើ មិនចង់ឲ្យកើតឡើងនោះទេ។ លោក លើកឡើងថា៖«បើមានការគាបសង្កត់ខ្លាំងពីសហគមន៍អន្តរជាតិ អ្នកប្រឆាំងក្នុងប្រទេស អាចនឹងមានការរឹតត្បិត កាន់តែខ្លាំងឡើង។ ខ្ញុំយល់ច្បាស់ណាស់ អត់មានអីសង្ស័យទេ»។
លោក សង្ឃឹមថា សហគមន៍អន្តរជាតិនិងរដ្ឋាភិបាលកម្ពុជា នឹងឈានដល់ការចរចា ដោយបញ្ឈប់ការប្រឈមមុខដាក់គ្នា។ លោក អះអាងថា៖«យើងមិនចង់មានសភាពធ្ងន់ធ្ងរខាងសេដ្ឋកិច្ចទេ។ បើមានការដាក់សម្ពាធខ្លាំងមែន វា មិនមែនតែគណបក្សប្រឆាំងទេ គឺប្រជាពលរដ្ឋទាំងមូល ដែលរងផលពិបាក»។
លោក សុខ ឥសាន អ្នកនាំពាក្យគណប្សកាន់អំណាច សុំមិនធ្វើអត្ថាធិប្បាយបន្ថែម លើសម្តីរបស់សម្តេច ហ៊ុន សែន ឡើយ។ ប៉ុន្តែ លោក គ្រាន់តែ បកស្រាយថា អ្នកដែលប្រកាសមិនចរចា គឺលោក សម រង្ស៊ី មិនមែន សម្តេច ហ៊ុន សែន នោះទេ។
តាមរយៈការផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖«កុំយល់ច្រឡំ...គឺលោក សម រង្ស៊ី ដែលនិយាយថាអត់ចរចាជាមួយសម្តេច ហើយថាទុកឲ្យអន្តរជាតិ ជាអ្នកចរចា។ មិនមែនសម្តេច ជាអ្នកលុបចោលការចរចាទេ»។
កន្លងមក លោក សម រង្ស៊ី បានប្រកាសថា លោក ក៏ដូចជាគណបក្សប្រឆាំងទាំងមូល មិនចរចាជាមួយគណបក្សកាន់អំណាច និងរដ្ឋាភិបាលកម្ពុជាឡើយ ដោយទុកឲ្យសហគមន៍អន្តរជាតិ ជាអ្នកចរចាវិញ។ ប្រធានស្តីទីនៃអតីតគណបក្សប្រឆាំងរូបនេះ យល់ថា សម្រាប់ស្ថានភាពពេលនេះ មានតែសហគមន៍អន្តរជាតិប៉ុណ្ណោះ ទើបអាចជំរុញឲ្យរដ្ឋាភិបាលកម្ពុជា កែប្រែឥរិយាបថ។
លោក សម រង្ស៊ី បានទាមទារ៥ចំណុចពីរដ្ឋាភិបាលកម្ពុជា គឺដោះលែងលោក កឹម សុខា ទម្លាក់បទចោទចេញពីថ្នាក់ដឹកនាំទាំងអស់នៃអតីតគណបក្សប្រឆាំង ឲ្យគណបក្សប្រឆាំង ធ្វើសកម្មភាពដូចមុន ប្រគល់តំណែងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដល់មន្ត្រីគណបក្សប្រឆាំងវិញ និង បោះឆ្នោតសាជាថ្មី។
ក្នុងចំណោមសហគមន៍អន្តរជាតិ គេសង្កេតឃើញ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ដែលបានចេញមុខចេញមាត់ខ្លាំងជាងគេ ក្នុងការព្រមានដាក់សម្ពាធនិងទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា។
បច្ចុប្បន្ន សហភាពអឺរ៉ុប កំពុងដំណើរការនីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything but Arms) ចេញពីកម្ពុជា។ នីតិវិធីនេះ ត្រូវប្រើពេល១២ខែ ហើយក្រោយមកទើបសហភាពអឺរ៉ុប សម្រេចជាផ្លូវការថា ដកឬមិនដក។ មកដល់ពេល ដំណើរការនីតិវិធីនេះ មានរយៈពេលជិត៦ខែហើយ។
ចំណែកសមាជិកព្រឹទ្ធសភាអាមេរិកឯណោះវិញ ក៏កំពុងផ្តើមគំនិតធ្វើសេចក្តីស្នើច្បាប់មួយស្តីពី «ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩»។ គោលបំណងនៃការធ្វើច្បាប់នេះ គឺដើម្បីឲ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ពិនិត្យឡើងវិញលើការអនុគ្រោះពន្ធនៃការនាំចូលទំនិញពីកម្ពុជា តាមរយៈប្រព័ន្ធអនុគ្រោះពន្ធមួយ ដែលហៅថា (General System Preference (GSP)។
កន្លងមក សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប បានចាត់វិធានការជាក់ស្តែងរួចហើយ ដោយរឹតបន្តឹងក្នុងការផ្តល់ទិដ្ឋាការមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់កម្ពុជា និងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ព្រមទាំងការដកជំនួយលើការបោះឆ្នោតថែមទៀត។
ដៃគូទាំងពីរនេះ ទើសចិត្តដូចគ្នា ពេលគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា ត្រូវបានរំលាយចោល ហើយប្រធានគណបក្សនេះត្រូវចាប់ខ្លួន បូករួមទាំងការហាមឃាត់ថ្នាក់ដឹកនាំនៃគណបក្សនេះ មិនឲ្យធ្វើនយោបាយថែមទៀត។ ប្រទេសទាំងពីរនេះ ក៏រិះគន់រដ្ឋាភិបាលកម្ពុជាផងដែរ ថាបានរឹតត្បិតសារព័ត៌មាន និងសង្គមស៊ីវិល។
ទង្វើរបស់រដ្ឋាភិបាលកម្ពុជាខាងលើ គឺជាមូលហេតុចម្បង ដែលនាំឲ្យមានការព្រមានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប និងបណ្តាប្រទេសខ្លះទៀត៕