ជាតិ
រថយន្ត
ចិន គ្រោង​វិនិយោគ​លើផ្លូវ​រថភ្លើង​ល្បឿន​លឿន​ប្រើ​ពន្លឺព្រះអាទិត្យ ពី​ភ្នំពេញ​ទៅ​កំពត​
14, Jan 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន គ្រោង​វិនិយោគ​លើ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្តកំពត ដោយ​ប្រើ​ពន្លឺព្រះអាទិត្យ​។

 
​ក្នុងជំនួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ចិន លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​លើកយក​ទីតាំង​ភូមិសាស្ត្រ និង​សក្តានុពល​ខេត្ត ប្រាប់​ទៅ​ក្រុមហ៊ុន​ចិន​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​លោក ជាវ តា​យ បាន​បញ្ជាក់ថា ទីតាំង​នៃ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ដែល​គ្រោង​នឹង​សាងសង់​មាន​៣​ជម្រើស​រួមមាន ទី​១ សាង់សង់​ផ្លូវ​រថភ្លើង​ថ្មី​ល្បឿន​លឿន និង​សិក្សា​អំពី​តម្លៃ​ក្នុងការ​សាងសង់ ។ ទី​២ សាងសង់​លើផ្លូវ​រថភ្លើង​ចាស់ ពី​ភ្នំពេញ​-​កំពត ដែល​នឹងមាន​ការពិភាក្សាគ្នា​ជាមួយ​ខាង​ក្រុមហ៊ុន Rolal Railway Cambodia ជា​ក្រុមហ៊ុន​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា និង​ចុងក្រោយ  នៅពេល​ធ្វើការ​សាងសង់​ដំណើរការ​ផ្លូវ​រថភ្លើង​រួច ប្រគល់​ឲ្យ​ខាង​ក្រុមហ៊ុន​វិ​និ​យោ​ចិន​អ្នកគ្រប់គ្រង​វិញ​។ «​នេះ​គ្រាន់តែ​ជា​កិច្ចពិភាក្សា​លើ​ដំបូង ដែល​គ្រាន់តែ​សិក្សា និង​ពិគ្រោះ​យោបល់​គ្នា​តែប៉ុណ្ណោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​អភិបាល​ខេត្តកំពត​។​


 
​ចំពោះ​ផលប៉ះពាល់ ដែលជា​កត្តា​ចម្បង​សម្រាប់​សិក្សាការ​សាងសង់​គម្រោង​នេះ  គឺ​សិក្សា​លើ​ផលប៉ះពាល់​ទ្រព្យសម្បត្តិ​ប្រជាជន សាធារណៈ និង​ធនធានធម្មជាតិ​ផងដែរ​។ នេះ​បើតាម​ជំនួយការ​របស់​អភិបាលខេត្ត​កំពត​លោក ឡាយ ទេព​ពិ​ទូ ។​
 
​ជំនួយការ​អភិបាលខេត្ត​រូបនេះ សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​គោលបំណង​ដែល​ក្រុមហ៊ុន​វិនិយោគ​ចិន​ឈ្មោះ STM(Sino Tram Manufacturing Co.,Ltd) ចង់​មក​វិយោគ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅ​ខេត្តកំពត គឺ​ដោយសារ​ខេត្តកំពត​ជាទី​តាំង​តំបន់​ទេសចរណ៍​មាន​មនុស្ស​កើនឡើង​ច្រើន បរិយាកាស​ល្អ ភ្ញៀវទេសចរ​ក៏​កើនឡើង​ច្រើន និង​សម្បូរ​ទីតាំង​តំបន់​ទេសចរណ៍ ជាពិសេស​ខេត្តកំពត​គ្រោង​បង្កើត​ឆ្នេរ​កម្សាន្ដ​ថ្មី​មួយ​នាពេល​ខាងមុខនេះ​។ ដូច្នេះ​គេ​ជឿ​រថា​នឹងមាន​មនុស្ស​ជាច្រើន​ចូលចិត្ត​តំបន់​ថ្មី​នេះ​។ កត្តា​មួយទៀត​គឺ កត្តាសេដ្ឋកិច្ច​នៅ​ខេត្តកំពត មាន​សក្ដានុពល​កើនឡើង ហើយ​តាម​ការសង្កេតមើល​ដី​នៅ​ខេត្តកំពត ក៏មាន​ការ​តម្លៃ​កើនឡើង​ផងដែរ​។ ហេតុនេះ​គេ​ជឿថា មនុស្ស​គ្រប់គ្នា​ប្រាកដជា​ចូលចិត្ត កន្លែង​ថ្មី បរិយាកាស​ថ្មី នឹង​មក​ទីតាំង​ខេត្តកំពត​កាន់តែច្រើន​»​។​
 
​ចំណែក​ក្រុមហ៊ុន​ចិន បានលើកឡើង​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅលើ​ផ្លូវជាតិ​ចំ​កណ្ដាល​ទ្រូងផ្លូវ ដូច​នៅ​ប្រទេស​ចិន ដែល​ក្រុមហ៊ុន​បាន​អះអាង ការសាងសង់​បែបនេះ វា​មិន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​នោះទេ​។ គម្រោង​សាងសង់​រថភ្លើង​ល្បឿន​លឿន​នេះ គឺ​ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​ពីរ​យៈ​ចម្ងាយ និង​ទីតាំង​ផ្លូវ​ពីរ​គឺ លើផ្លូវ​រថភ្លើង​ចាស់ និង​ផ្លូវជាតិ​លេខ​៣​។ នេះ​បើតាម​លោក ឡាយ ទេព​ពិ​ទូ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com