អន្តរជាតិ
កូនស្រីលោក ត្រាំ មានឈ្មោះក្នុងបញ្ជីបេក្ខភាពប្រធានធនាគារពិភពលោក លោកស្រី Ivanka និងឳពុកលោកស្រី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបភាព៖ AFP)
× កូនស្រីរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោកស្រី Ivanka Trump ស្ថិតក្នុងចំណោមបញ្ជីឈ្មោះបេក្ខភាពដែលអាចជ្រើសតាំងជាប្រធានធនាគារពិភពលោកជំនួសឲ្យលោក Jim Yong Kim ដែលលាលែងពីតំណែង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកអាមេរិក Financial Times កាលពីចុងសប្តាហ៍មុន។
ការបញ្ចេញបញ្ជីរាយនាមបេក្ខភាពអាមេរិករបស់កាសែតអាមេរិកនេះ បានធ្វើឡើងក្រោយពីប្រធានធនាគារពិភពលោក Jim Yong Kim បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍មុនថា លោកនឹងចុះចេញពីតំណែងនាដើមខែកុម្ភៈ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ការសម្រេចចិត្តនេះគឺធ្វើឡើង មុនពេលបញ្ចប់អាណត្តិលើកទីពីររបស់លោក ដែលនៅសល់ជាង៣ឆ្នាំទៀតឯណោះ ពោលគឺនៅឆ្នាំ២០២២។
បន្ថែមពីបេក្ខភាពលោកស្រី Ivanka Trump ឈ្មោះបេក្ខភាព៣នាក់ផ្សេងទៀតដែលអាចជ្រើសតាំងជាប្រធានធនាគារពិភពលោកគឺរួមមាន លោកស្រី Nikki Haley អតីតអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ, លោក David Malpass រដ្ឋលេខាធិការក្រសួងរតនាគារទទួកបន្ទុកកិច្ចការអន្តរជាតិ និងលោក Mark Green ប្រធានភ្នាក់ងារអាមេរិកទទួលបន្ទុកផ្នែកអភិវឌ្ឍន៍អន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃសុក្រ ទី១១ មករាកន្លងទៅ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ក្រសួងរតនាគារអាមេរិក ពុំមានប្រតិកម្មអ្វីឡើយ ចំពោះបញ្ជីឈ្មោះបេក្ខភាពទាំងអស់នេះ។ យ៉ាងណាមិញ អ្នកនាំពាក្យមួយរូបរបស់ក្រសួងរតនាគារអាមេរិក បានគូសបញ្ជាក់ថា ក្រសួងបានទទួលការស្នើសុំក្នុងចំនួនដ៏គួរឲ្យកត់សម្គាល់មួយ ទាក់ទិននឹងរឿងតែងតាំងសម្រាប់តួនាទីជាប្រធានធនាគារពិភពលោកនេះ។ «យើងកំពុងចាប់ផ្តើមដំណើរការពិនិត្យផ្ទៃក្នុងសម្រាប់បេក្ខភាពអាមេរិក»។
ទន្ទឹមនឹងគ្នានេះដែរ ធនាគារពិភពលោក បានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមទទួលយកឈ្មោះបេក្ខភាពសម្រាប់ក្លាយជាមេដឹកនាំថ្មីនាដើមខែក្រោយ ហើយប្រធានថ្មីសម្រាប់ជំនួសលោក Kim នឹងត្រូវប្រកាសនាពាក់កណ្តាលខែមេសាខាងមុខ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានធនាគារពិភពលោក ត្រូវធ្វើឡើងនៅក្នុងដំណើរការជាផ្លូវការមួយ ដែលបណ្តារដ្ឋសមាជិកមានសំឡេងបោះឆ្នោតខុសៗគ្នា ដោយអាស្រ័យទៅនឹងភាគហ៊ុនដែលខ្លួនកាន់កាប់។ សហរដ្ឋអាមេរិក ដែលជាម្ចាស់ភាគហ៊ុនធំជាងគេ ប្រមាណ១៦ភាគរយ មានឥទ្ធិពលខ្លាំងទៅលើការសម្រេចចិត្តនេះ។ ជាប្រពៃណី តំណែងនេះ ត្រូវជ្រើសរើសដោយអាមេរិក និងភាគច្រើនជាជនជាតិអាមេរិកតែម្តង៕
Tag:
Ivanka Trump
ធនាគារពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com