ជាតិ
ប្រធានសភាឡាវ ស្នើឱ្យមានការជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ឡាវ
× សៀមរាប៖ កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានចាប់ផ្តើមដំណើរការនៅព្រឹកថ្ងៃទី១៤ មករា ឆ្នាំ២០១៩ ដែលប្រារព្ធធ្វើនៅខេត្តសៀមរាប។ ប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន នៅព្រឹកមិញនេះបានដឹកនាំកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃវេទិកាអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិនិត្យពីរបៀបវារៈនៃកិច្ចប្រជុំទាំងមូល។ ក្រោយកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាពកម្ពុជា និងប្រធានរដ្ឋសភាឡាវ បានជួបពិភាក្សាការងារ និងបានចុះអនុស្សរណៈយោគយល់គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
ក្នុងជំនួបនោះ លោកស្រី ផានី យ៉ាថូទូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្ដែងអារម្មណ៍រីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនាពេលកន្លងមក។ លោកស្រីបានអបអរសាទរចំពោះការរៀបចំកិច្ចប្រជុំ APPF លើកទី២៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានោះដែរ ប្រធានរដ្ឋសភាពឡាវ បានសង្កេតឃើញពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់នារយៈពេលចុងក្រោយនេះ។
ប្រធានរដ្ឋសភាប្រទេសឡាវ បានគាំទ្រលើខ្លឹមសារអនុស្សរណៈដែលបានចុះហត្ថលេខានាឱកាសនេះ និងបានស្នើសូម សម្តេចប្រធាន រដ្ឋសភាបន្តជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ចាប់ពីថ្នាក់ដឹកនាំរហូតដល់គណៈកម្មការជំនាញ ជាពិសេសគួរ បង្កើតឲ្យមានសិក្ខាសាលារួមគ្នា។ លោកជំទាវ ផានី យ៉ាថូទូ បានស្នើរដ្ឋាភិបាលប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិផ្នែកពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដែលនៅមានកម្រិតឲ្យបានកើនឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com