អន្តរជាតិ
ថៃ​បង្កើត​ភ្លៀង​សិប្បនិម្មិត​នៅ​បាងកក ដើម្បី​ដោះស្រាយ​ខ្យល់​កខ្វក់​
15, Jan 2019 , 8:39 am        
រូបភាព
រូបភាព The Nation
រូបភាព The Nation
​អាជ្ញាធរ​ថៃ នឹង​បង្កើត​ភ្លៀង​សិប្បនិម្មិត​នៅ​រាជធានី​បាងកក​នៅ​ថ្ងៃទី​១៥ ខែមករា ដើម្បី​ដោះស្រាយ​បញ្ហា​ភាព​អាប់អួរ​នៃ​បរិយាកាស​ដែល​កាន់តែ​កាន់​ធ្ងន់ធ្ងរ​រហូត​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ណែនាំ​ឲ្យ​ប្រជាជន​កុំ​ចេញពីផ្ទះ​។ អាជ្ញាធរ​នឹង​បញ្ជូន​យន្តហោះ​ទៅ​បាច​សារធាតុ​គីមី​លើ​ផ្ទៃ​អាកាស​ខាងលើ​ទីក្រុង​បាងកក ដើម្បី​បង្កើត​ភ្លៀង​សិប្បនិម្មិត​ឡើង ប៉ុន្តែ​មាន​ភ្លៀង​ឬ​អត់ ត្រូវ​អាស្រ័យ​លើ​កត្តា​ផ្សេងទៀត​។​

 
​គុណភាព​ខ្យល់​នៅ​ទីក្រុង​បាងកក កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៥ ខែមករា​។ អាជ្ញាធរ​ក្រុង​បាងកក គ្រោង​នឹង​បង្កើត​ភ្លៀង​សិប្បនិម្មិត​ដើម្បី​កាត់បន្ថយ​បញ្ហា​ដែល​បាន​គំរាមកំហែង​សុខភាព​ប្រជាជន​ក្នុង​ទីក្រុង​ដ៏​កកកុញ​មួយ​នេះ​។ តាម​ផែនការ អាជ្ញាធរ​នឹង​ប្រើ​បច្ចេកទេស​កែប្រែ​ធាតុអាកាស​តាមរយៈ​ការ​បាច​ម្សៅ​គីមី​ពី​យន្តហោះ​ទៅក្នុង​ខ្យល់ ដើម្បី​ជំរុញ​កំណក​ពពក ដែល​បន្ទាប់មក​បង្កើត​ជា​ភ្លៀង​។​
 
​យ៉ាងណាមិញ លោក Pralong Dumrongthai ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ជាតិពុល​និយាយថា ការបង្កើត​ភ្លៀង​សិប្បនិម្មិត​នឹង​កើតឡើង​នៅ​ថ្ងៃទី​១៥ ខែមករា​។ ប៉ុន្តែ​ភ្លៀង​ធ្លាក់​ឬ​អត់ គឺ​ពឹង​ផ្អែកលើ​កម្រិត​សំណើម និង​ទិសដៅ​ខ្យល់​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត The Nation ។​
 
​ខណៈ​គុណភាព​ខ្យល់​នៅ​ថៃ​កាន់តែ​អាក្រក់​នោះ ក្រុម​អ្នកការពារ​បរិស្ថាន Greenpeace និយាយថា ក្រុង​បាងកក​ស្ថិតក្នុង​ចំណាត់​ទី​១០​នៃ​ទី​ក្រុងមាន​ខ្យល់​បំពុល​ជាងគេ ប្រហាក់ប្រហែល​នឹង​ទីក្រុង​ខ្លះ​របស់​ចិន​ដែរ​។ មូលហេតុ​នាំ​ឲ្យ​គុណភាព​ខ្យល់​ធ្លាក់ចុះ​ខ្លាំង​បែបនេះ គឺ​ផ្សែង​ចេញពី​យានយន្ត​ក្នុង​ទីក្រុង ការដុត​ដី​កសិដ្ឋាន​ក្បែរៗ​ទីក្រុង និង​ផ្សែង​ចេញពី​រោងចក្រ​ផងដែរ​។ 
 
​ជាការ​ដោះស្រាយ​បញ្ហា​នេះ អាជ្ញាធរ​ក្រុង​បាងកក​បាន​ចាត់វិធានការ​រយៈពេល​ខ្លី​មួយចំនួន​ដូចជា ការសម្អាត​ផ្លូវ ការដាក់​បម្រាម​ដុត​ភ្លើង​ក្រៅ​ផ្ទះ ការទប់ស្កាត់​ការបញ្ចេញ​ផ្សែង​ពុល​ពី​ការដ្ឋាន​នានា និង​ការដោះស្រាយ​ការកកស្ទះ​ចរាចរណ៍​ឲ្យ​បាន​លឿន​ទៀតផង​។ អាជ្ញាធរ​ក៏​ប្រាប់​ឲ្យ​ប្រជាជន​ចៀសវាង​ប្រើប្រាស់​យានយន្ត​ផ្ទាល់ខ្លួន បើ​យានយន្ត​នោះ​បញ្ចេញ​ផ្សែងខ្មៅ​។ 
 
​ករណី​កខ្វក់​ខ្យល់​នេះ ធ្វើ​ឲ្យ​ប្រជាជន​ថៃ​មិន​ពេញចិត្ត​យ៉ាងខ្លាំង និង​បាន​បញ្ចេញ​ការមិនសប្បាយចិត្ត​រប​ស់​ខ្លួន​តាមរយៈ​ពេល​ប​ណ្ដា​ញ​សង្គម និង​ទូរទស្សន៍​។ ពិធីករ​ទូរទស្សន៍​ខ្លះ​ក៏​ណែនាំ​អ្នកមើល​របស់ខ្លួន​ពី​ប្រភេទ​ម៉ាស់​សម្រាប់​ពាក់​ការពារ​ខ្លួន​។ នៅ​ថ្ងៃទី​១៥ ខែមករា ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់​ក្នុង​ទីក្រុង​បាងកក (AQI) មាន​១៥៦ ដែលជា​កម្រិត​មិនល្អ​សម្រាប់​សុខភាព​ឡើយ​៕

Tag:
 ថៃ​
  បាងកក
© រក្សាសិទ្ធិដោយ thmeythmey.com