ជាតិ
កម្ពុជា ដឹកនាំ​២៦​ប្រទេស​ក្នុង​តំបន់​អាស៊ី ជជែក​គ្នា​លើ​បញ្ហាសំខាន់​៤ នៅ​សៀមរាប​
14, Jan 2019 , 5:44 pm        
រូបភាព
​សៀមរាប​៖ កម្ពុជា បាន​ធ្វើជា​ម្ចាស់​ដំបូងបង្អស់​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) នឹង​ដឹកនាំ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែលជា​តំណាង​មកពី​ប្រទេស​២៦ ក្នុង​តំបន់​អាស៊ី ដើម្បី​ជ​ជែង​គ្នា​លើ​ប្រធានបទ​សំខាន់ៗ​៤​។ កិច្ចប្រជុំ​នេះ ធ្វើឡើង នៅ​ថ្ងៃទី​១៥ មករា ឆ្នាំ​២០១៨ ក្នុង​សណ្ឋាគារ និង​សាលសន្និសីទ​សុខា ខេត្តសៀមរាប ។​


 
​លោក ឯក ថា អនុប្រធាន​គណៈកម្មកា​រ​ផ្សព្វផ្សាយ​និង​សារព័ត៌មាន​របស់ ACC បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន នា​រសៀល​ថ្ងៃទី​១៤ មករា ថា ប្រធានបទ​សំខាន់​ទាំង​៤​ដែល​ត្រូវ​ជ​ជែង​គ្នា និង ពិភាក្សា​តុមូល រួមមាន ទី​១ ការលេចឡើង​នូវ​ពិភពលោក​មួយ ទស្សនទាន​ចម្រុះ និង​អត្តសញ្ញាណ​អាស៊ី ទី​២ ការតភ្ជាប់​រវាង​វប្បធម៌​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ទី​៣ ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការផ្សារភ្ជាប់​រវាង​អរិយធម៌ និង ទី​៤ ការកសាង​សហគមន៍​មួយ​សម្រាប់​ជោគវាសនា​តែមួយ នៅ​អាស៊ី​។​
 
​លោក បន្តថា កិច្ចប្រជុំ​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​កម្ពុជា ទាំង​ផ្នែក​កា​ទូត និង​ទាំង​ផ្នែក​ការថែរក្សា​បេតិកភណ្ឌ​ជាតិ ដែល​ជាប់​ចំណាត់​ក្នុង​បេ​តក​ភណ្ឌ​ពិភពលោក ទាំង​រូបិយ និង​អ​រូបិយ ពិសេស​ផ្នែក​ទេសចរណ៍​។ 
 
ACC ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៨ ដោយ​អង្គការ​សន្និសីទ​អន្តរជាតិ នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP) ដែលមាន​តំណាង​គណបក្សនយោបាយ​ជាង​៣៥០ មកពី​៥២​ប្រទេស ជា​សមាជិក​។ ក្រុមប្រឹក្សា​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ (UNESCO) បន្ទាប់ពី​កិច្ចព្រមព្រៀង​ត្រីភាគី​រវាង​អង្គការ​យូណេស្កូ អង្គការ ICAPP និង ACC ហើយ​បាន​ចុះហត្ថលេខា​ជាមួយគ្នា កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ខេត្តសៀមរាប​៕ 
 
 

Tag:
 វប្បធម៌​
  ACC
© រក្សាសិទ្ធិដោយ thmeythmey.com