អន្តរជាតិ
កំណត់ត្រា​ថ្មី​! រូប​ពងមាន់​មួយ មានការ​ចុច Like ជាង​៣៧​លាន​លើ Instagram
15, Jan 2019 , 9:35 am        
រូបភាព
ដោយ: ធីតា
​រូបថត​ស៊ុតមាន់​មួយ ដែល​បង្ហោះ​ដោយ​គណនី Instagram ឈ្មោះ «world_record_egg» កាលពី​ថ្ងៃទី​៤ ខែមករា ទទួលបាន​ការ​ចុច Like រហូត​ទៅជាង​៣៧​លាន​ដង ក្នុង​រយៈពេល​សប្តាហ៍​ប៉ុណ្ណោះ​។ សម្រាប់ Guinness World Records នេះ​ជា​កំណត់ត្រា​ថ្មី​នៅលើ​ពិភពលោក ដោយ​បំបែក​កំណត់ត្រា​របស់​តារា​ល្បីល្បាញ​អាមេរិក Kylie Jenner​។​

 
​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨ Kylie Jenner បាន​បង្ហោះ​រូប​ទាក់ទង​នឹង​ការ​ប្រសូត​កូនស្រី​ឈ្មោះ Stormi ។ រូបនេះ​ទទួល​បានការ​ចុច Like ជាង​១៨​លាន​ពី​អ្នកប្រើប្រាស់ Instagram​។ ដោយ​ឃើញ​តួលេខ​អ្នក Like រក្សា​ក្នុង​រង្វង់​១៨​លាន ម្ចាស់​គណនី «world_record_egg» បានប្រកាស​បំបែក​កំណត់ត្រា​។​
 
 
​គណនី​ដែល​បង្ហោះ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ និង​មាន​រូបថត​ស៊ុត​តែមួយ​សន្លឹក​នេះ ក៏​ទទួលបាន Followers ជាង​៥​លាន​នាក់​ផងដែរ​។ ក្រៅពី​ការ​ចុច Like ជាង​៣៧​លាន ក៏មាន​ការបញ្ចេញ​យោបល់​ទៅវិញទៅមក​ជិត​២​លាន​ដង​ផងដែរ​។ នេះ​បើ​គិត​ត្រឹម​តួលេខ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា​។​
 
 
​ក្រោយ​ការ​បំបែក​កំណត់ត្រា​របស់ខ្លួន នាង​បាន​បង្ហោះ​ឡើងវិញ​វីដេអូ​មួយ​របស់ខ្លួន ដែល​សរសេរ​ចំណងជើង​ថា «Take that little egg»​។ វីដេអូ​នេះ ទទួលបាន​ការ​ចុច Like ជាង​៣​លាន​ដង​ផងដែរ​។​
 
​កាលពី​ឆ្នាំ​២០១៤ ម្ចាស់​កំណត់ត្រា​ដែល​ទទួល​បានការ​ចុច Like ជាងគេ​នៅ Instagram គឺ​ឃ្លី​ប​របស់​តារាចម្រៀង Justin Bieber និង Will Smith ដែល​ទទួលបាន​ជាង​១,៥​លាន Likes​។ បន្ទាប់មក រូបថត​អាពាហ៍ពិពាហ៍​របស់ Kim Kardashian និង Kanye West ទទួលបាន ២,៤​លាន Likes រីឯ​រូបថត​ពរ​ពោះ​របស់ Beyonce មានការ​ចុច Like ជាង​៣,៥​លាន​ផងដែរ​៕
 

Tag:
 កំណត់ត្រា​ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com