កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ថៃ​ឡើងទៅ​វគ្គ​បន្ត ខណៈ​គ្រូ​ឥណ្ឌា​លា​ចេញ​ក្រោយ​ហាលអាវ​
15, Jan 2019 , 10:31 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ថៃ និង​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​បាន​សិទ្ធ​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ បន្ទាប់ពី​ក្រុម​ទាំងពីរ​ប្រកួត​ស្មើគ្នា ១-១ ក្នុងជំនួប​ចុងក្រោយ​ពូ​ល A នៅ​ថ្ងៃទី​១៤ ខែមករា​នេះ​។ ចំណែក​ឥណ្ឌា​ដែល​លេចធ្លោ​នៅ​ប្រកួត​បើកឆាក​នោះ​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​ក្រោយ​ចាញ់​បា​រ៉ែ​ន ១-០​។  គ្រូបង្វឹកជនជាតិ​អង់គ្លេស​ដើមកំណើត​ស៊ី​បលោក Stephen Constantine បានប្រកាស​លាលែង​ពី​ក្រុម​ជម្រើសជាតិ​ឥណ្ឌា​ភ្លាមៗ​ផងដែរ​។​

 
​ខ្សែបម្រើ Thitipan Puangchan ជា​អ្នករក​គ្រាប់​បាល់​តាម​ស្មើ​ឲ្យ​ថៃ​នៅ​នាទី​៤១ មុន​ការ​នាំមុខ​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នៅ​៧​នាទី​ដំបូង​នៃ​វគ្គ​ទី​១​ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Ali Ahmed Mabkhout​។​


 
​ចូលដល់​តង់​ទី​២​ក្រុម​ទាំងពីរ​មិនមាន​គ្រាប់​ស៊ុត​ចូល​ទី​គ្នា​ឡើយ ដោយ​ចប់​ការប្រកួត​ម្ចាស់ផ្ទះ​ស្មើ​ថៃ ១-១​។ លទ្ធផល​ស្មើគ្នា​នេះ​បាន​នាំ​ឲ្យ​ក្រុម​ទាំងពីរ​អាចឈាន​ទៅកាន់​វគ្គ​ខ្វែង ដ្បិត​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នៅ​រក្សា​ចំណាត់ថ្នាក់​កំពូល​តារាង​ពូ​ល A ជាមួយ​ពិន្ទុសរុប​៥​ពិន្ទុ​ក្រោយ​ឆ្លងកាត់​ការប្រកួត​ទាំង​៣​លើក ខណៈ​ក្រុម​រហស្សនាម​ដំរី​ថៃ​ឡើងទៅ​ឈរ​លេខ​រៀង​ទី​២​មាន​៤​ពិន្ទុ​។​
 
​ថៃ​ជា​ក្រុម​ពី​តំបន់​អាស៊ាន​ដំបូង​គេ​ដែល​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​សម្រាប់​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​លើក​ទី​១៧​នេះ ស្រប​ពេលដែល​ហ្វីលីពីន និង​វៀតណាម​នៅសល់​ឱកាស​តិចតួច​ប៉ុណ្ណោះ​ព្រោះ​ចាញ់​ទាំង​ពីរលើក​ក្នុង​ពូ​ល​ដូចគ្នា​។​
 
​ក្នុង​ពូ​ល A ដដែល​នេះ ឥណ្ឌា​ដែលជា​ក្រុម​បង្ហាញ​ភាពលេច​ធ្លោ​ជាងគេ​នៅ​ប្រកួត​បើកឆាក​ដោយ​យកឈ្នះ​ថៃ​ដល់​ទៅ ៤-១ នោះ ទទួលបាន​ត្រឹម​លទ្ធផល​ខកចិត្ត​ប៉ុណ្ណោះ​ដោយ​ត្រូវ​ហាលអាវ​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​បន្ទាប់ពី​បរាជ័យ​ពីរ​ប្រកួត​ចុងក្រោយ​។ ឥណ្ឌា​ចាញ់​បា​រ៉ែ​ន ១-០ នា​ជំនួប​កាត់សេចក្តី បន្ទាប់ពី​ចាញ់​ម្ចាស់ផ្ទះ ២-១ ក្នុងការ​ប្រកួត​លើក​ទី​២ ទទួលបាន​៣​ពិន្ទុ​ស្ថិតនៅ​បាត​តារាង​។ 
 
​ខ្សែបម្រើ Jamal Rashid ជា​អ្នក​ស៊ុត​បាល់​ពិន័យ​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​ជួយ​បា​រ៉ែ​ន​យកឈ្នះ​ឥណ្ឌា ១-០ ដើម្បី​នាំ​ប្រទេស​នេះ​មាន​៤​ពិន្ទុ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣​ក្នុង​ពូ​ល​។ ៤​ពិន្ទុ​នេះ​បាន​នាំ​ឲ្យ​បា​រ៉ែ​ន​ជា​ក្រុម​មាន​ភាគរយ​ច្រើន​ដើម្បី​ក្លាយជា​ក្រុម​លេខ​៣​ល្អ​បំផុត ក្នុងការ​បន្តទៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​ជាមួយ​ថៃ និង​ម្ចាស់ផ្ទះ​ដែរ​។​


 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​ការ​ប្រកួត គ្រូបង្វឹក​អង់គ្លេស​ដើមកំណើត​ស៊ី​បលោក Stephen Constantine បានប្រកាស​លាលែង​ពី​ក្រុម​ជម្រើសជាតិ​ឥណ្ឌា ក្រោយ​ដឹកនាំ​អស់​រយៈពេល​៤​ឆ្នាំ​។​
 
 
«​គោលដៅ​របស់ខ្ញុំ​កាលពី​ថ្ងៃ​ដំបូង គឺ​នាំ​ឥណ្ឌា​ឆ្លង​ផុត​វគ្គ​ជម្រុះ Asian Cup​។ ខ្ញុំ​ធ្វើបាន​សម្រេច​ហើយ ខ្ញុំ​មាន​មោទកភាព​ណាស់​ចំពោះ​ក្រុម​កីឡាករ​ទាំងអស់​»​។ នេះ​ជាការ​លើកឡើង​របស់លោក Constantine ដែល​ធ្លាប់​ដឹកនាំ​ក្រុម​ម្តង​ហើយពី​ឆ្នាំ​២០០២​ដល់​ឆ្នាំ​២០០៤ ដោយ​លោក​បន្ថែមថា ជា​ពេលវេលា​ដែល​ត្រូវ​ផ្លាស់ប្តូរ​ទៅមុខ​។​
 
​ក្រោម​ការដឹកនាំ​របស់​លោក Constantine ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ឥណ្ឌា ទទួលបាន​លទ្ធផល​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​ការឈាន​ដល់​ក្នុង​ក្រុម Top 100 ក្នុង FIFA Ranking នា​ឆ្នាំ​២០១៧ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​២១​ឆ្នាំ​៕
 

Tag:
 ​បាល់ទាត់​
  Asian Cup
  ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com