ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក​សម រង្ស៊ី​៖ រដ្ឋាភិបាល​ត្រូវ​ចរចា​ជាមួយ EU ទើប​រួច​ពី​ទណ្ឌកម្ម មិនមែន​រករឿង​អ្នកប្រឆាំង​ទេ​
15, Jan 2019 , 11:15 am        
រូបភាព
លោក សម រង្ស៊ី ស្ថិតក្នុងសភាសហភាពអឺរ៉ុបនាពេលកន្លងមក
លោក សម រង្ស៊ី ស្ថិតក្នុងសភាសហភាពអឺរ៉ុបនាពេលកន្លងមក
ដោយ: ថ្មីៗ
​លោក សម រង្ស៊ី បាន​ឆ្លើយតប​វិញ ក្រោយ​សម្តេច ហ៊ុន សែន ព្រមាន​កម្ទេច​ក្រុម​អ្នកប្រឆាំង​នៅ​កម្ពុជា ប្រសិនបើ​សហភាព​អឺរ៉ុប (EU ) ដាក់ទណ្ឌកម្ម​ឬ​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ EBA​។ លោក សម រង្ស៊ី ប្រាប់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា «​ខឹង​គោ កុំ​វ៉ៃ​រទេះ​»​។


 
​លោក សម រង្ស៊ី ប្រកាស​ទទួលខុសត្រូវ​ទាំងស្រុង​ថា មានតែ​លោក​ម្នាក់​គត់ ដែលសកម្មជាងគេ ក្នុងការ​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម លើ​រដ្ឋាភិបាល​កម្ពុជា​។ ដូច្នេះ លោក មិន​ចង់​ឲ្យរដ្ឋាភិបាល​ឬ​អាជ្ញាធរ​ រករឿង​អ្នកផ្សេង ដែលជា​អតីតមន្ត្រី​គណបក្សប្រឆាំង​ក្នុងប្រទេស​កម្ពុជា​ឡើយ​។ 
 
​បន្ទាប់មក លោក ក៏​លើកទឹកចិត្តបន្ថែម​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចរចា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​ចៀស​ផុតពី​ទណ្ឌកម្ម​។ លោក បាន​សរសេរ​សរលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​បើ​ចង់​បញ្ចៀស​ទណ្ឌកម្ម​ទាំងនោះ លោក ហ៊ុន សែន គ្រាន់តែ​បញ្ឈប់​នយោបាយ​គាបសង្កត់​....​ហើយ​ចាប់ផ្តើម​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​បើកផ្លូវ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ រស់​ឡើងវិញ​នៅ​កម្ពុជា​ទៅ វា​បាន​ទៅហើយ​»​។​
 
​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​ឆ្លងកាត់​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ សម្តេច ហ៊ុន សែន បាន​សម្តែង​ការមិនសប្បាយចិត្ត​នឹង​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​នៅក្រៅ​ប្រទេស ដែល​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ចេញពី​កម្ពុជា​។ នាយករដ្ឋមន្ត្រី​កម្ពុជា ព្រមាន​ចាត់វិធានការ​កាន់តែខ្លាំង លើ​ក្រុម​អ្នកប្រឆាំង​ក្នុងស្រុក បើ​សហភាព​អឺរ៉ុប​ពិតជា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មែន​។ ប្រមុខ​រដ្ឋាភិបាល ប្រកាស​យ៉ាង​ដូច្នេះ​ថា​៖«​ការដាក់ទណ្ឌកម្ម​ចំពោះ​កម្ពុជា មានតម្លៃ​ស្មើនឹង​សម្លាប់​គណបក្ស​ឆាំង​»​។​

អត្ថបទទាក់ទង
 
​យ៉ាងណាក៏ដោយ ប្រធាន​គណបក្សកាន់អំណាច ពុំ​ចង់​ឲ្យ​ស្ថានភាព​បែបនេះ កើតឡើង​នោះទេ​។ មេដឹកនាំ​កម្ពុជា បាន​ផ្ញើ​សារ​ទៅ​សហភាព​អឺរ៉ុប​ថា គួរតែ​និយាយ​គ្នា បើ​ចង់​កែប្រែ​ស្ថានភាព​។ មេដឹកនាំ​រូបនេះ សង្កត់ធ្ងន់ថា​៖«​បើ​ចង់​ឲ្យ​ពួក​ប្រឆាំង​ងាប់ អាហ្នឹង​កាត់ [​ការអនុគ្រោះ​ពន្ធ​ទៅ​]​។ បើ​ចង់​ឲ្យ​ពួក​ប្រឆាំង​រស់ កុំ​ធ្វើ​....​តែ​មក​ជជែក​គ្នា ពិភាក្សាគ្នា កែលម្អ​សភាពការណ៍​ជាមួយគ្នា បន្ត​ទៅមុខ​ជាមួយគ្នា ក្នុង​ភាពជា​ដៃគូ​ស្មើភាព លើ​ការគោរព​ឯករាជ្យ​និង​អធិបតេយ្យ​»​។​
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន សហភាព​អឺរ៉ុប កំពុងដំណើរការ​នីតិវិធី​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា​។ នីតិវិធី​នេះ ត្រូវ​ប្រើពេល​១២​ខែ ហើយ​ក្រោយមក​ទើប​សហភាព​អឺរ៉ុប សម្រេច​ជា​ផ្លូវការ​ថា ដក​ឬ​មិន​ដក​។ មកដល់​ពេល ដំណើរការ​នីតិវិធី​នេះ មាន​រយៈពេល​ជិត​៦​ខែ​ហើយ​៕ 
 

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com